មន្រ្ដីនគរបាលវរៈការពារព្រំដែនគោកលេខ៦២៣ត្រូវបានឃាតកលួចបាញ់ប្រហារសំណាងល្អមិនស្លាប់

រតនៈគីរី ៖ មន្ត្រីនគរបាលវរៈព្រំដែនគោកលេខ  ៦២៣ ត្រូវបានជនល្មើសមិនស្គាល់មុខ ធ្វើសកម្មភាពលួចបាញ់ប្រហារ ក្នុងគោលបំណងធ្វើឃាត ប៉ុន្តែសំណាងគេចផុតពីគ្រោះ គ្រាន់តែរងរបួសប៉ុណ្ណោះ។ ហេតុការណ៍បាញ់ប្រហារប៉ុនប៉ងធ្វើឃាត មន្ត្រីនគរបាលវរៈព្រំដែនគោកមិនបានសម្រេចនេះ បានកើតឡើងវេលាម៉ោង១៩ និង ៣០នាទីយប់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ចំណុចក្នុងផ្ទះ ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី ខណៈពេលជនរងគ្រោះកំពុងដេកលើអង្រឹង។

 

 

 

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រម៉ាស់ ហ្វាង   ភេទប្រុស អាយុ  ៣៨ឆ្នាំ ជនជាតិចារាយ មុខរបរ មន្រ្ដីនគរបាលវរៈ ការពារព្រំដែនគោកលេខ ៦២៣ ត្រូវឃាតកបាញ់មួយគ្រាប់ត្រូវចំដៃធ្លាយពោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសគ្រោះនៅមន្ទីរពេទ្យស្រុកបរកែវភ្លាមៗ។ ជុំវិញករណីប៉ុនប៉ងបាញ់សម្លាប់មន្ត្រីនគរបាលរវៈព្រំដែននេះ ត្រូវបានមជ្ឈដ្ឋាននានាសន្និដ្ឋាន ជាករណីរឿងគំនុំ ហើយជនល្មើសអាចជាមនុស្សស្គាល់គ្នាទៀតផង។

 

 

 

 

សមត្ថកិច្ចនិយាយថា ករណីប៉ុងប៉ងមនុស្សឃាតលើលោក រម៉ាស់ ហ្វាង មន្ត្រីនគរបាលព្រំដែនគោក ជនល្មើសប្រើប្រាស់អាវុធ AK47 បានបាញ់គ្រាប់ចំដៃធ្លាយពោះ ខណៈជនរងគ្រោះកំពុងដេកលេងលើអង្រឹងនៅមុខផ្ទះ។ សមត្ថកិច្ចបន្តថា ឃាតករមិនស្គាល់អត្តសញ្ញាណពួនលួចបាញ់ជនរងគ្រោះចម្ងាយប្រហែល ១៥ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងចំកន្លែងមិនស្លាប់ ហើយបានរត់គេចខ្លួនបាត់តែម្ដង។

 

 

 

 

សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកើតហេតុ រកឃើញវត្ថុតាងបន្សល់ទុកនៅសំបកគ្រាប់ AK ចំនួនមួយ។បច្ចុប្បន្នកម្លាំងជំនាញខេត្ត កម្លាំងអធិការ កម្លាំងប៉ុស្ដិ៍ និងកម្លាំងវរៈព្រំដែនកំពុងធ្វើការស្រាវជ្រាវតាមនិតិវិធី៕

photo_2017-04-19_18-17-37 photo_2017-04-19_18-17-41 photo_2017-04-19_18-35-39

អត្ថបទដែលជាប់ទាក់ទង