តំណាង​ក្រុមហ៊ុន​កូរ៉េ​ជាង ៨០០ ក្រុមហ៊ុន​ មក​ស្វែងរក​កិច្ច​សហការ​​លើ​វិស័យ​សំណង់​​នៅ​កម្ពុជា​​

(ភ្នំពេញ)៖​ តំណាង​របស់​សមាគម​អ្នក​ម៉ៅ​ការ​សាង​សង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ ឬ​ហៅ​កាត់​ថា ICAK កាល​​​ពី​ថ្ងៃ​ទី​០​​៣ ខែ​មិថុនា បាន​​ជួប​ជា​មួយ​តំណាង​របស់​សមាគម​អ្នក​សាង​សង់​កម្ពុជា នៅ​វិមាន​​កាណាឌីយ៉ា ​រាជធានី​ភ្នំពេញ​​ ដើម្បី​ពិភាក្សា​លើ​​កិច្ចសហការវាងសមាគមទាំងពីរ។

រូបភាពីព័ត៌មានសំណង់ និងអចលនទ្រព្យ

ព័ត៌មានសំណង់ និងអចលនទ្រព្យក្នុងស្រុកបានឲ្យដឹងថា លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅ​របស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុន រួម​មាន​ក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានចាប់អារម្មណ៍ខ្លាំងលើវិស័យសំណង់កម្ពុជា។

លោកបានឲ្យទៀតដឹងថា បច្ចុប្បន្ន សមាជិករបស់ ICAK បានចេញទៅវិនិយោគនៅប្រទេសចំនួន ១៥៣​ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា ៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះដែរ យោង​តាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េ គឺជាប់ចំណាត់ថ្នាក់​លេខ៦នៅទូទាំងពិភពលោក។

បើតាមប្រភពព័ត៌មានដដែល ជំនួបរវាងតំណាងនៃសមាគមទាំងពីរខាងលើនេះ គឺដើម្បីពិភាក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ។ តាមរយកិច្ចសហការនេះ សមាគមទាំងពីរនឹងដើរតួជាស្ពានសម្រាប់តភ្ជាប់ក្រុមហ៊ុនសំណង់នៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតិកូរ៉េខាងត្បូង បានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែ​មេសា​កន្លងមក បានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េជាច្រើន កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យ​សាង​សង់ និងស្ថាបត្យកម្មនៅកម្ពុជា។ ​ក្រុមហ៊ុន​សំណង់កូរ៉េ​កាន់តែ​ច្រើនទៅៗ បាននឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​ជាថ្មី​ ​ដោយសារ​ការ​រីកចម្រើននៃ​វិស័យ​អចលនទ្រព្យ​ ​និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​៕

អត្ថបទដែលជាប់ទាក់ទង