ចិនអះអាងជាថ្មី ក្នុងការជួយដល់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ របស់​កម្ពុជា​

(ភ្នំពេញ)៖ ប្រទេសចិននឹង​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ហើយនឹងគាំទ្រនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ខាងមុខនេះ។ នេះជាការ​​​​អះអាង​របស់ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​រដ្ឋ​ប្រជាមានិត​ចិន​។

ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម លី ខឺ​ឈាង នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ដោយ​ប្ដេជ្ញា​​​សម្រេច​​នូវ​​ផែន​ការ​សកម្មភាព​កសាង​សហគមន៍​មាន​អនាគត​រួមគ្នា​រវាង​កម្ពុជា-​ចិន ឆ្នាំ​២០១៩​-២០២៣ ដោយ​ផ្ដោតលើ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ជំរុញ​កំណើន​ទេសចរណ៍ និង​វប្បធម៌​​។ ​

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានបញ្ជាក់ជាថ្មីថា ចិន​​នឹង​ខិត​ខំ​អស់លទ្ធភាពក្នុងការលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនឲ្យមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើនថែមទៀតនៅកម្ពុជា និងពង្រឹងច្រកទីផ្សារចិនសម្រាប់ផលិតផលកម្ពុជា។

គួររំឭកថា ចិន​ជា​ប្រទេស​ដែល​មក​វិនិយោគ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។ គិតពីដើទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨ ទំហំវិនិយោគ​របស់​ចិន ​មាន​ទឹក​ប្រាក់​ជាង ១៧ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ចិនបានចាប់យកការវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យ៕

អត្ថបទដែលជាប់ទាក់ទង