ប្រតិភូអឺរ៉ុបជួបតំណាងក្រសួងនានា​ក្នុងសប្តាហ៍នេះ​ ដើម្បីបន្តជជែក​ពីបច្ចុប្បន្នភាព​ EBA​

(ភ្នំពេញ)៖ ដូចការគ្រោងទុក គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​​ជា​លើក​ទី​២ នៅ​ដើមសប្តាហ៍នេះ ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA។

ប្រាប់ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កេត សុផាន់ បានបញ្ជាក់ថា មន្ដ្រី​សហភាព​អឺរ៉ុប​ទាំងនោះ នឹង​ជួប​តំណាង​នៅ​តាម​ក្រសួង​នានាដូច​ជា​​ ក្រសួង​​មហាផ្ទៃ​​ ក្រសួង​ការបរទេស ​ក្រសួង​ដែនដី​នគរូបនីយកម្ម ​និង​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

ដំណើរទស្សកិច្ចរបស់គណៈប្រតិភូ​អឺរ៉ុបមកកម្ពុជាលើកនេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ភ្ជាប់​ទំនាក់​ទំនង​ធម្មតា​រវាង​គណៈកម្មការ​អឺរ៉ុប និង​រាជ​រដ្ឋាភិបាល​ បន្ទាប់​ពី​ការ​ដាក់​ដំណើរការ​នីតិ​វិធី​បណ្តោះអាសន្ន EBA កាលពីខែកុម្ភៈ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម កេត សុផាន់។

បេសកកម្មលើកនេះ ជាបេសកកម្មចុងក្រោយហើយ ក្នុងការឆ្ពោះទៅរកការធ្វើសេចក្តីសម្រេចពីជោគ​​វាសនា EBA នៅកម្ពុជា បន្ទាប់ពីកាលពីខែមីនាកន្លងទៅនេះ ប្រតិភូសហភាពអឺរ៉ុប បានចុះមកប្រមូល​ព័ត៌មាន និងស្វែងយល់ពីស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​បរិបទ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

សូម​ជម្រាប​ថា​ សហភាពអឺរ៉ុបបាន​ប្រកាស​ដាក់​ចេញ​នូវ​ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ពី​កម្ពុជា កាល​ពីខែ​កុម្ភៈ​កន្លង​ទៅ​។ ដើម្បីឈានទៅដល់ការសម្រេចជាផ្លូវការលើបញ្ហា EBA កម្ពុជា និងសហភាពអឺរ៉ុប មានរយៈពេល ១៨ខែ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិភាក្សាចរចា។

តាម​នីតិវិធី​ ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ត្រូវធ្វើ​ឡើង​​ជា ៣​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ ​មាន​រយៈ​ពេល ៦ខែ គឺ​ជា​ពេល​វេលា​សម្រាប់​តាមដាន ប្រមូល​ព័ត៌មាន និង​ចរចា​ជា​មួយភាគី​​រដ្ឋាភិ​បាល​កម្ពុជា​។ ដំណាក់​កាល​ទី២ មាន​រយៈ​៦ខែទៀត ដោយ​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ ៣​ខែ សម្រាប់​សរសេរ​របាយការណ៍ និង​ ៣ខែទៀត​ ​សម្រាប់​​ស្តាប់​​ចម្លើយ​​តប​​ពីភាគី​កម្ពុជា និង​ឈាន​ទៅ ​សម្រេច​ថា​តើសហភាពអឺរ៉ុប ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA។ ចំណែក ដំណាក់​កាល​ចុង​ក្រោយ ប្រសិន​បើសហភាព​អឺរ៉ុប​សម្រេច​ព្យួរ EAB នោះ គេ​ត្រូវ​ទុកពេល ៦ខែ​ទៀត ទើប​សេចក្តី​សម្រេច​នេះ​ចូល​ជាធរមានបាន៕

អត្ថបទដែលជាប់ទាក់ទង