ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា ចង់​រឹប​អូស​ដី​ពី​ពួក​គាត់ ទៅ​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​កូរ៉េ បន្ទាប់​ពី​រដ្ឋ​ជាច្រើន​ធ្លាក់​លើ​ដៃ​ឈ្មួញ

(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើន​គ្រួសារ ដែលមានដីស្របច្បាប់នៅក្នុងឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យយើងដឹងថា ក្រុមអាជ្ញាធរខេត្តកណ្ដាល កំពុងតែព្យាយាមរឹបអូសយក​ដីពួក​គាត់​ឲ្យទៅ​ជា​គម្រោងធ្វើអាងប្រព្រឹត្តិកម្មទឹកកខ្វក់ហូរ​ចេញពីក្រុង ខណៈពួកគាត់ដឹថា ដីរដ្ឋរាប់​ម៉ឺនហិកតា នៅក្នុងខេត្តនេះ ត្រូវធ្លាក់ទៅលើកណ្តាប់ដៃឈ្មួញឯកជន។

ប្រជាពលរដ្ឋទាំងនេះ បានអះអាងថា ករណីអាជ្ញាធរចង់យកដីរបស់ពួកគាត់នេះ កើតឡើង​តាមរយៈ​ការកោះហៅ​ពួកគាត់ជាច្រើន​សារឲ្យទៅជួបជុំគ្នា រួចបង្ខំពួកគាត់ឲ្យបរិច្ចាគដីអាស្រ័យ​ផលស្រប​ច្បាប់ ទៅឲ្យអាជ្ញាធរ​ខេត្ត ដើម្បីយក​ទៅឲ្យគម្រោង​ប្រព្រឹត្តិកម្មទឹក​ស្អាត របស់ប្រទេសកូរ៉េ ដោយមិន​គិតគូរពីសំណងអ្វីទាំងអស់។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដីដែលពួកគាត់កាន់កាប់ គឺមានឯកសារទទួលស្គាល់​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ ប្រសិនបើអាជ្ញាធរខេត្តត្រូវការយកដីទៅធ្វើអ្វីមួយ ក៏ត្រូវតែគិតគូរពីសំណង​តាម​តម្លៃទីផ្សារជាក់ស្តែងដែរ មិនមែនដើរចង្គុលយកតាមតែអំពើចិត្តឡើយ ព្រោះដីនៅក្នុងខេត្តនេះ សម្បូរណ៍ណាស់ ហេតុអ្វី​បានជាចង់យកដីពីពួកគាត់។

ក្រុមប្រជាពលរដ្ឋដដែល​នេះ បាននាំគ្នាលើកឡើងទៀតថា ពួកគាត់មិនសុខចិត្តបរិច្ចាគដីពួកគាត់​ឲ្យ​តាម​ការទាមទារបស់ក្រុមអាជ្ញាខេត្តកណ្ដាលនោះទេ បើមិនមានផ្ដល់សំណងជូនពួកគាត់​ឲ្យបាន​ត្រឹមត្រូវ​តាមផ្លូវច្បាប់។

ពួកគាត់បានបញ្ជាក់ទៀតថា ក្រុមអាជ្ញាធរបានគំរាមពួកគាត់ថា បើពួកគាត់មិនព្រមបរិច្ចាគតាម​ការ​ស្នើសុំទេ ក៏ក្រុមអាជ្ញាធរនៅតែរឹបអូសយកដីខាងលើនេះដែរ ដោយមិនផ្តល់សំណងអ្វីទាំងអស់។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានឲ្យអ្នកយកព័ត៌មានដឹងថា គម្រោងរបស់ប្រទេសកូរ៉េ គេមានលុយធ្វើអាងប្រព្រឹត្តកម្មទឹកស្អាត​​​ ហើយត្រូវការដីយ៉ាងហោច​ណាស់ ប្រមាណ ៥០ហិកតា សម្រាប់សម្អាតទឹកកក្វក់ហូរចេញពីទីក្រុង ប៉ុន្តែអាជ្ញាធរមិនមានដីគ្រប់​គ្រាន់ សម្រាប់គម្រោងនេះទេ​​​ ដូច្នេះទើបស្នើសុំឲ្យប្រជាពលរដ្ឋបរិច្ចាគដីរបស់ពួកគាត់។

លោកបានបញ្ជាក់ទៀតថា ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្កណ្តាល​ បានឲ្យក្រុមមន្រ្តី​សិក្សា​ពីទីតាំងដី និងឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ប៉ុន្តតែលោកមិនបានបកស្រាយថា អាជ្ញាធរនឹង​រឹបអូស​យកដីរាស្រ្ត ដោយមិនមានសំណងទេ ដោយលោកបញ្ជាក់ដដែលៗថា សុំឲ្យប្រជាពលរដ្ឋ​ចូលរួម។

ប្រជាពលរដ្ឋបានតវ៉ាថា ដីនៅក្នុងខេត្តកណ្តាលមានសល់ដីច្រើនណាស់ ហេតុអ្វីបានជាអាជ្ញាធរ បែរចង់​យកដីរបស់គាត់ ដោយមិនគិតគូរពីសំណងទៅវិញ។

ពួកគាត់បានចោទជាសំណួរ​ថា អាជ្ញាធរចង់ធ្វើស្រែលើខ្នងរបស់ពួកគាត់ ដោយមិនបាច់ចំណាយអ្វី​ទាំង​អស់​ទេដឹង ខណៈគម្រោងរបស់កូរ៉េ មានលុយសម្រាប់អនុវត្តគម្រោង រាប់ទាំងលុយសម្រាប់​ទិញដីផងដែរ ប៉ុន្តែហេតុអ្វីរដ្ឋមិនមានដីសម្រាប់ធ្វើ ឬមួយអាជ្ញាធរខេត្ត ជាពិសេស លោកបណ្ឌិត ម៉ៅ ភិរុណ ប្រមូលដីទាំងនោះ លក់ឲ្យឈ្មួញអស់ហើយ?​​​

ប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា តាមពួកគាត់ដឹង គឺកូរ៉េមានលុយគ្រប់គ្រាន់សម្រាប់លៃ​លកទិញដីធ្វើ​អាង​ទឹកនេះ ប៉ុន្តែអាជ្ញាធរខេត្ត ចង់កឹបកេងលុយនេះ ដូច្នេះទើបកើតមានករណីដើរសុំដីពីរាស្ត្រ ដល់ពេលពួកគាត់មិនព្រមឲ្យ បែរជាគំរាមប្រើអំណាចរឹបអូសយកទៅវិញ។

ចំពោះទង្វើនេះ ប្រជាពលរដ្ឋបានរិះគន់ថា នៅក្នុងទឹកដីខេត្តកណ្តាល ជាពិសេស នៅក្នុងអាណត្តិ​លោក​បណ្ឌិត ម៉ៅ ភិរុណ ជាអភិបាលខេត្ត គឺសម្បូរណ៍ទៅដោយករណីបាត់ដីសាធារណៈរបស់រដ្ឋ ជាពិសេសដីក្នុងអតីតដែនឡូដ៍នេសាទ ដូចជាដីបឹង ដីព្រៃលិចទឹកសម្រាប់ត្រីពងកូន និងដីចំណី​ទន្លេ​ជាដើម ត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃឈ្មួញឯកជនស្ទើរគ្មានសល់ ប៉ុន្តែនៅពេលរដ្ឋត្រូវការដី បែរជាគ្មានដី ហើយក៏កើតគំនិតចង់ប្រើអំណាចរឹបអូសយកដីពីប្រជាពលរដ្ឋតូចតាច​ទៅវិញ៕ (SN-បាយង់កោ)

អត្ថបទដែលជាប់ទាក់ទង