វិភាគៈ លោក ត្រាំ យក​យុទ្ធសាស្ត្រ​លើកូរ៉េខាងជើង ទៅអនុវត្តលើ​អ៊ីរ៉ង់ តែ​មិនជោគជ័យ​ទេ

ប្រធានាធិបតីរបស់​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានយកយុទ្ធសាស្ត្ររបស់លោក ដែលបាន​ប្រើ​លើ​កូរ៉េខាងជើង កាលពីចុងឆ្នាំ២០១៧ ទៅអនុវត្តលើប្រទេសអ៊ីរ៉ង់ជាបន្តទៀត នៅ​ឆ្នាំ២០១៩នេះ ប៉ុន្តែ​មិនបានទទួល​ជោគ​ជ័យ​ទេ ។

យុទ្ធសាស្ត្រ ដែលលោក ដូណាល់ ត្រាំ បានប្រើប្រាស់លើកូរ៉េខាងជើង កាលពីចុងឆ្នាំ២០១៧ កន្លងទៅ មានបីចំណុចសំខាន់ គឺសង្គ្រាម​ពាក្យសម្តី ការដាក់សម្ពាធខាងយោធា និងការរឹតបន្តឹង​ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ។

កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ក្រៅតែពីរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានជេរប្រមាថយ៉ាងខ្លាំងលើមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយហៅលោក គីម ជុងអ៊ុន ថាជាមនុស្សរ៉ុកកែតជាដើម និងគម្រាមកំទេចកូរ៉េខាងជើង អោយក្លាយជាផេះ ។

លោក ដូណាល់ ត្រាំ មិនត្រឹមតែជេរប្រមាថនិងគម្រាមកំទេចកូរ៉េខាងជើងចោលទេ លោកថែមទាំង​បានបញ្ជូនក្រុមនាវាប្រយុទ្ធ នាវាមុជទឹក នាវាដឹកយន្តហោះចម្បាំង និងបានបញ្ជូនយន្តហោះទម្លាក់​គ្រាប់បែក​ធុនធ្ងន់ជាច្រើនគ្រឿង ទៅកាន់កូរ៉េខាងត្បូង និងទៅកាន់មហាសាគរប៉ាស៊ីហ្វិក ក្នុងគោល​ដៅ​វាយ​ប្រហារ​លើកូរ៉េខាងជើងថែមទៀតផង។

លោក ត្រាំ បានអះអាងជាញឹកញាប់ថា យុទ្ធសាស្ត្រទាំងបីចំណុចរបស់​លោក​លើ​កូរ៉េ​ខាងជើង បានទទួលជោគជ័យលើស​ពី​ការ​រំពឹង​ទុក ដែលយុទ្ធសាស្ត្រនេះ បានបង្ខំ​អោយ​កូរ៉េខាងជើង ប្រកាសរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន តាម​រយៈ​ការចរចា។

ដោយសារតែយុទ្ធសាស្ត្រនេះ កូរ៉េខាងជើងមិនត្រឹមតែប្រកាសរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការចរចាទេ គឺកូរ៉េខាងជើងថែមទាំងប្រកាសមិនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និង​មីស៊ីល​របស់ខ្លួនថែមទៀតផង ហើយរហូតដល់ឆ្នាំ២០១៩នេះ កូរ៉េខាងជើងមិនបានសាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះទេ ។

ចំណែកលោក វ៉ាន់ ចាកសុន (Van Jackson) អតីតមន្ត្រីការពារជាតិអាមេរិកក្នុងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា យុទ្ធសាស្ត្ររបស់លោក ត្រាំ លើកូរ៉េខាងជើង មិនបានទទួល​លទ្ធផល​អ្វីទេ ដោយសារកិច្ចចរចាទាំងពីរលើករវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន គឺបាន​លទ្ធផល​ស្មើសូន្យ ដោយមេដឹកនាំទាំងពីរបានបែកគ្នាទាំងដៃទទេ ។

ដោយសារតែយល់ថាជោគជ័យលើកូរ៉េខាងជើង លោក ដូណាល់ ត្រាំ បានយកយុទ្ធសាស្ត្រ​ទាំងបីចំណុចនេះ ទៅអនុវត្តលើប្រទេសអ៊ីរ៉ងទៀតនៅឆ្នាំ២០១៩នេះ ប៉ុន្តែយុទ្ធសាស្ត្ររបស់លោក ត្រាំ មិនបានទទួលជោគជ័យទេលើប្រទេសអ៊ីរ៉ង់ ។

មិនបានទទួលជោគជ័យនៅត្រង់ថា ប្រធានាធិបតីអ៊ីរ៉ង់បានប្រកាសមិនជួបចរចាជាមួយលោក ត្រាំ ទៅតាមការស្នើសុំនោះទេ ហើយប្រធានាធិបតីអ៊ីរ៉ងរូបនេះ ក៏បានកាសថាមិនញញើតចំពោះ​ការគម្រាម​ពីសហរដ្ឋអាមេរិកវិញដែរ ។

សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ មន្ទីរបញ្ចកោណអាមេរិក បានបញ្ជូននាវាដឹកយន្តហោះ​ចម្បាំង នាវាប្រយុទ្ធ យន្តហោះទម្លាក់គ្រាបបែក និងមីស៊ីល ប៉ាទ្រីយ៉ូត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមវាយប្រហារអ៊ីរ៉ង់ ។

ទោះបីជាអាមេរិកបានបញ្ជូនក្រុមប្រយុទ្ធទៅកាន់តំបន់មជ្ឈិមបូព៌ានៅជិតអ៊ីរ៉ង់ក៏ដោយ ក៏អាមេរិក​ទំនង​ជាមិនវាយប្រហារលើអីរ៉ង់ទេ ដោយសារលោក ត្រាំ បានអះអាងថា ការបញ្ជូននាវា​ប្រយុទ្ធទៅក្បែរអ៊ីរ៉ង់ គឺដើម្បីការពារផលប្រយោជន៍អាមេរិក ។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី ក៏បានអះអាងដែរថា អ៊ីរ៉ង់មិនចង់ធ្វើសង្គ្រាម​ជាមួយអាមេរិកទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី គេមើលឃើញថា សន្តិភាពរវាងអ៊ីរ៉ង់ និងអាមេរិកគឺមាន​ភាព​ផុយស្រួចណាស់ ដែលភាគីទាំងពីរអាចនឹងប៉ះទង្គិចគ្នាដោយអាវុធនៅពេលខាងមុខ ដោយ​ពិបាក​នឹងចៀសវាងបំផុត ។

គេកត់សម្គាល់ឃើញថា កាលពីចុងឆ្នាំ២០១៧កន្លងទៅ អាមេរិកបានបញ្ជូនក្រុមនាវាប្រយុទ្ធ នាវាមុជ​ទឹក នាវាដឹកយន្តហោះចម្បាំង និងបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់​ជាច្រើនគ្រឿង ទៅកាន់កូរ៉េខាងត្បូងនិងទៅកាន់មហាសាគរប៉ាស៊ីហ្វិក ក្នុងគោលដៅវាយប្រហារលើ​កូរ៉េ​ខាង​ជើង ប៉ុន្តែមិនមានការវាយប្រហារតាមការគម្រាមនេះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង