Oslo៖ តំណាងរដ្ឋាភិបាលនិងបក្សប្រឆាំងវែណេស៊ុយអេឡា ជួបចរចាជុំទីពីរនៅន័រវ៉េ

អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសន័រវ៉េ បានថ្លែងថា ក្រុមតំណាងខាងរដ្ឋាភិបាល និងខាងគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានចាប់ផ្តើមជួបចរចាគ្នានៅជុំទីពីរបន្តទៀតហើយ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ នៅទីក្រុង អូស្លូ ប្រទេសន័រវ៉េ ។

សូមរំលឹកជូនថា កាលពីសប្តាហ៍មុន ក្រុមតំណាងនៃភាគីទាំងពីរ បានជួបចរចាគ្នាម្តងហើយ ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួននោះទេ ប៉ុន្តែជាសញ្ញាវិជ្ជមានមួយដែលនាំអោយភាគីទាំងពីរជួបចរចាគ្នាសាជាថ្មីជាលើកទីពីរនេះទៀត ហើយការចរចានៅជុំទីមួយ និងទីពីរ ត្រូវបានសម្របសម្រួលដោយ មន្ត្រីរបស់ប្រទេសន័រវ៉េ ដោយភាគីទាំងពីរមិនជួបចរចាដោយផ្ទាល់នោះទេ ។

អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសន័រវ៉េ បានបញ្ជាក់ថា ច្រកចេញតែមួយគត់នៃវិបត្តិនយោបាយនៅវែណេស៊ុយអេឡា គឺលទ្ធផលវិជ្ជមាននៃកិច្ចចរចារវាងភាគីទាំងពីរ ខណៈដែលប្រទេសនេះ បានធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅរហូតដល់ពេលបច្ចុប្បន្ននេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង