វិភាគ៖ តើ​​ចិន​​មាន​អាវុធ​អ្វី​ទៀត សម្រាប់​ប្រយុទ្ធ​ជាមួយអាមេរិក ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម ?

រហូតមកដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ២០១៩នេះ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក នៅតែស្វែងរក​មិន​ទាន់​​ឃើញ​នូវកិច្ចព្រមព្រៀងថ្មី​ផ្នែក​ពាណិជ្ជកម្ម​នៅឡើយទេ ទោះបីជាក្រុមការងារ​នៃប្រទេសទាំងពីរ បានជួបគ្នា​ចរចា​ចំនួន ១១ លើក​ហើយ​ក៏ដោយ។

មេ​ដឹក​នាំ​ចិន និង​អាមេរិក​នៅតែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​ដំឡើង​ពន្ធ​នាំ​ចូល​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​នៅពេល​ថ្មីៗ​នេះ អាមេរិក​ បានសម្រេចដំឡើង​ពន្ធនាំ​ចូល​ពី​ចិន ក្នុងអត្រា ២៥% លើ​ទំនិញ​ចិន ដែលមានតម្លៃទឹកប្រាក់ ២០០ពាន់​លាន​ដុល្លារ។

ជាការឆ្លើយតបនឹង​អាមេរិក​វិញ ចិនក៏បានសម្រេច​ដំឡើងពន្ធក្នុង​អត្រា ២៥% ដូចគ្នា លើទំនិញ​របស់​សហរដ្ឋអាមេរិក ដែលនឹងនាំចូល​ទីផ្សារចិន នៅពេលខាងមុខ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៦០ពាន់​លាន​ដុល្លារ គឺ​មាន​តម្លៃតិច​ជាង​​អាមេរិកដំឡើង​ពី​ចិន។

សូមជម្រាបជូន បើភាគីចិន និងអាមេរិក វាយបកគ្នាទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្ម​​តែលើការ​ដំឡើង​ពន្ធនាំចូល គឺ​ចិន មិនឈ្នះអាមេរិកទេ ដោយសារចិននាំចេញទំនិញក្នុងតម្លៃជាង ៥០០ពាន់លានដុល្លារ ទៅកាន់ទីផ្សារអាមេរិក ក្នុងមួយឆ្នាំ ប៉ុន្តែអាមេរិកបាននាំចេញ​ទំនិញទៅកាន់ទីផ្សារចិន ក្នុងតម្លៃ​ជាង ១២០ពាន់លានដុល្លារ ក្នុងរយៈពេល​មួយឆ្នាំ​ដូចគ្នា ។

ក្នុងសង្គ្រាម​ពាណិជ្ជកម្ម ភាគីជម្លោះ​ដូចជា​ចិន និងអាមេរិក​ ជាដើម មិនមែនប្រើតែអាវុធមួយ​មុខ​ សំដៅលើការ​ដំឡើងពន្ធ​នោះទេ គឺភាគីទាំងពីរមានអាវុធច្រើនផ្សេងទៀត ដែលត្រូវប្រយុទ្ធក្នុង​សង្គ្រាមពាណិជ្ជកម្មនេះ ប៉ុន្តែគ្រាន់តែចិន និង​អាមេរិក មិនទាន់បង្ហាញ​អាវុធថ្មី ។

អាវុធថ្មីរបស់ភាគីចិន ក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយ​អាមេរិក គឺ​ការបញ្ចុះតម្លៃ​ប្រាក់​យ័ន ការដំឡើង​តម្លៃទំនិញ ការរំខានក្រុមហ៊ុន​អាមេរិក​នៅចិន ការប្រកាសមិនអោយអ្នកទេសចរចិន ទៅលេង​អាមេរិក ការឈប់ទិញយន្តហោះ​ប៊ូអ៊ីង និង​ការលក់មូលបត្រ​បំណុល ជាដើម ។

អាវុធថ្មីខាងលើនេះ គឺភាគីចិនមិនទាន់បានប្រើប្រាស់ ក្នុងការសងសឹកអាមេរិកវិញ នៅឡើយទេ ប៉ុន្តែប្រសិនបើ​អាមេរិក នៅតែដំឡើងពន្ធនាំចូល​ពីចិនកាន់តែច្រើន រហូតដល់ទឹកប្រាក់ជាង ៥០០ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំ ចិន​អាច​នឹង​ប្រើអាវុធថ្មី​ខាង​លើនេះហើយ ។

អាវុធក្នុងសង្គ្រាមពាណិជ្ជកម្ម​រវាងចិន និងអាមេរិក គឺជាអាវុធមុខពីរដូចគ្នា ដែលអាវុធនេះធ្វើអោយ​ប៉ះពាល់​ដល់អ្នកប្រើប្រាស់ផង និងប៉ះពាល់ដល់អ្នកទទួលផង ដូចជាកសិករអាមរិក កំពុងប៉ះពាល់​ដោយ​ចិន​មិនទិញផលិតផល​កសិកម្ម ជាដើម ។

ចំណែកខាងចិនវិញ​ក៏ដូចគ្នាដែរ បើចិនបញ្ចុះតម្លៃប្រាក់យ័ន ក្រុមវិនិយោគិន នឹងលែងទុកចិត្តលើ​ស្ថិរភាពតម្លៃ​ប្រាក់យ័ន ហើយបើចិនដំឡើងតម្លៃទំនិញអោយខ្ពស់ ផលិតផលរបស់ចិន​ពិតជាពិបាក ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ដោយសារតម្លៃខ្ពស់ជាងគេ ។

នេះជាឧទាហរណ៍​នៃផលវិបាក ដែលបានកើតឡើង ដោយសារការប្រើប្រាស់អាវុធក្នុងការវាយ​បកលើគូ​បដិបក្សក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិក ក៏កំពុងតែទទួលរង​ផលប៉ះពាល់​ខ្លាំងណាស់​ដែរ ពីសង្គ្រាមពាណិជ្ជកម្ម​ជាមួយចិន ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដឹងច្បាស់ណាស់​ពីផលប៉ះពាល់ក្នុងសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយប្រទេសចិន ប៉ុន្តែប្រធានាធិបតីរូបនេះ នៅតែបន្តសង្គ្រាម​ដដែល ដោយផ្អែកលើបំណង​របស់លោក ចាប់តាំងពីមុនក្លាយជាប្រធានាធិបតីអាមេរិក ។

បំណងរបស់លោក ត្រាំ ចង់បាន​ចំណុចពីរ​យ៉ាង​ ពីប្រទសចិន គឺកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្មី​ជាមួយចិន និងការកាត់បន្ថយល្បឿននៃការពង្រីកឥទ្ធិពល នៅលើឆាកអន្តរជាតិរបស់​ប្រទេសចិន នៅពេលខាងមុខ ។

លោក ត្រាំ យល់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មចាស់​រវាងចិន និងអាមេរិក មិនមានតម្លាភាពទេ ដោយចិន​នាំចូលទៅកាន់​អាមេរិកច្រើន ប៉ុន្តែអាមេរិក នាំចូលទៅកាន់ចិនតិច ដែលនេះ គឺជាការចាញ់ប្រៀបចិន ក្នុងការធ្វើពាណិជ្ជកម្ម៕ លីលី

អត្ថបទដែលជាប់ទាក់ទង