កសិករ​ម្នាក់​ប្រទះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ ក៏​យក​ទៅ​ដាក់​លើ​ចុង​ត្នោត​ ឲ្យ​ផុត​ពី​ដៃ​ក្មេង​ ចុង​ក្រោយ​ …

 

(​កំពង់ធំ​)៖​ ពិតជា​គ្រោះថ្នាក់​មែន​ …!​ កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ ដោយ​បាន​គិត​ថា​ ធ្វើ​យ៉ាងដូច​ម៉េច​ដើម្បី​ទុក​ឲ្យ​ផុត​ពី​ដៃ​ក្មេង​?​ ដោយ​ក្រុ​ការងារ​របស់​ CMAC​ នៅ​ឆ្ងាយ​ផង​នោះ​ គាត់​ក៏​មានគំនិត​មួយ​ថា​ ត្រូវ​តែ​យក​ទៅ​ទុកដាក់​លើ​ចុង​ត្នោត​ គឺ​តាម​ធាង​នីមួយ​របស់​វា​ នៅ​ហ​អាច​ផុតដៃ​ក្មេង​លេង​ហើយ​។​
​សកម្មភាព​របស់​បុរស​នោះ​ ត្រូវ​បាន​លោក​ ហេង​ រតនា​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC)​ លើក​ឡើង​បែប​កំប្លែង​ដូច្នេះ​ថា​ «​មិនមែន​ត្រៀម​បាញ់​ផ្លោង​ស្អី​ទេ​!​ ស្រុក​ទេស​មាន​សន្តិភាព​ហើយ​!​។​
«​តាម​ពិត​គាត់​ (​កសិករ​ម្នាក់​)​ គិត​ថា​ ធ្វើ​យ៉ាងម៉េច​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដែល​គាត់​បាន​ជួប​ប្រទះ​ទាំងនេះ​ យក​ទៅ​ទុកដាក់​ឲ្យ​ផុត​ពី​ដៃ​ក្មេងៗ​ ខ្លាចក្រែង​ក្មេងៗ​ យក​ទៅ​លេង​មាន​គ្រោះថ្នាក់​!​។​ ដូចនេះ​ មាន​តែ​ទុក​លើ​ចុង​ត្នោត​ (​កូន​ត្នោត​)​ !»​។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អូរ​សាលា​ ឃុំ​កំពង់ស្វាយ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​។​

​អគ្គនាយក​ CMAC​ រូប​នេះ​ បាន​ទទួលស្គាល់​ថា​ នេះ​ ជា​ «​គំនិត​នេះ​ល្អ​»​។​ តែ​យ៉ាងណា​លោក​ក៏​នៅ​តែ​បញ្ជាក់​ដែរ​ថា​ នោះ​ក៏​ជា​ទ​ង្វើ​មួយ​មាន​គ្រោះថ្នាក់​ដែរ​ ពោល​គ្មាន​សុវត្ថិ​ភាពល្អ​ទេ​!​។​ លោក​ក៏​បាន​បញ្ជាក់​ថា​ ដើម្បី​សុវត្ថិភាព​ សូមកុំ​ប៉ះពាល់​ និង​ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​សមត្ថកិច្ច​ប៉ូលិស​ ឬ​ មន្ត្រី​ស៊ី​ម៉ាក់​ ដើម្បី​ចាត់ការ​វិញ​!​។​

​សូម​រំឭក​កាលពី​ថ្មីៗ​នេះ​ ក៏​មាន​កសិករ​ម្នាក់​បា​នប​រទេះគោ​ ហើយ​ពើបប្រទះ​នឹង​គ្រាប់​នៅ​ក្បែ​ផ្លូវ​ ក៏​ចុះ​ទៅ​លើក​ចេញពី​កន្លែង​ដើម​ យក​ទៅ​ដាក់​កន្លែង​ផ្សេង​ ដោយ​ដាក់​មិន​បាន​ស្រួល​ក៏​ផ្ទុះ​ឡើង​ ធ្វើ​ឲ្យ​រង​របួស​ជា​ទម្ងន់​។​
​ដូចនេះ​ ប្រជាពលរដ្ឋ​ដែល​បានឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ សូមកុំ​ប៉ះពាល់​ ហើយ​ដាក់​សញ្ញា​សម្គាល់​ និង​រាយការណ៍​ពី​ទីតាំង​គ្រាប់​នោះ​ ទៅ​កាន់​ក្រុមការងារ​របស់​ CMAC​ ទើប​មាន​សុវត្ថិ​ភាពល្អ​!​។​

​លោក​ ខេន​ ឈុ​ន​គ័​រ​ អធិការ​ស្រុក​កំពង់ស្វាយ​ បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​នៅ​ថ្ងៃ​ទី​២៥​ខែ​ ឧសភា​ ឆ្នាំ​២០១៩​នេះ​ថា​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម្សិល​ម៉ិ​ញ​ តែ​ឥឡូវ​ត្រូវ​បាន​កំលាំង​ជំនាញ​ស៊ី​ម៉ាក់​ ដោះ​បន្សាប​និង​យក​ទៅ​រក្សា​ទុក​ នៅ​ទី​សុ​វត្តិភាព​រួចរាល់​ហើយ​៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)

អត្ថបទដែលជាប់ទាក់ទង