ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ចាប់​ផ្តើមដំបូង កាលពី​ឆ្នាំ​២០០៩

(​ភ្នំពេញ​)៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​១ បានធ្វើ​ឡើង នៅ​ឆ្នាំ​២០០៩​។ ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​។ ខាងក្រោម​នេះ គឺជា​កាលប្រវត្តិ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​៖

​អាណត្តិ​ទី​១ បោះឆ្នោត​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០០៩៖
.​ឃុំ​សង្កាត់​មាន​ចំនួន ១៦២១ ឃុំ​សង្កាត់
.​ក្រុង​ស្រុក​ខណ្ឌ មាន​ចំនួន ១៥៣ ក្រុង​ស្រុក​ខណ្ឌ​
.​ខេត្ត​រាជធានី មាន​ចំនួន ២៤
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត មាន​ចំនួន ៣៧៤ នាក់
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ មាន​ចំនួន ២៨៦១ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អ្នកបោះឆ្នោត មាន​ចំនួន ១១៣៥៣ នាក់​

អាណត្តិ​ទី​២ បោះឆ្នោត​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤៖
.​ចំនួន​ឃុំ​សង្កាត់ ១៦៣៣ ឃុំ​សង្កាត់
.​ចំនួន​ក្រុង​ស្រុក​ខណ្ឌ ១៩៧
.​ចំនួន​រាជធានី​ខេត្ត ២៥
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ៣៩៣ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ២៩៣១ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ១១៤៥៩ នាក់​

អាណត្តិ​ទី​៣ បោះឆ្នោត​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩៖
.​ចំនួន​ឃុំ​សង្កាត់ ១៦៤៦
.​ចំនួន​រាជធានី​ខេត្ត ២៥
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ៥៥៩ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ៣៥៥៥ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ១១៥៧២ នាក់​

​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ គឺជា​ការបោះឆ្នោត​សម្ងាត់ ដូចគ្នា​នឹង​ការបោះឆ្នោត​សកល ដែល​ប្រជាពលរដ្ឋ ជា​អ្នកបោះឆ្នោត​កន្លងមក​ដែរ​។ ប៉ុន្តែ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ គឺ​អ្នកបោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ម្នាក់ ត្រូវ​គូស​លើ​សន្លឹកឆ្នោត ២​សន្លឹក គឺ​សន្លឹកឆ្នោត​មួយ ជាការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​សន្លឹកឆ្នោត​មួយទៀត ជាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ហើយ​មាន​ហិប​ឆ្នោត ចំនួន ២ ដែរ គឺ​មួយ​សម្រាប់​ដាក់​សន្លឹកឆ្នោត​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ហិប​ឆ្នោត​មួយទៀត សម្រាប់​ដាក់​សន្លឹកឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​។

លទ្ធផល​បោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤៖
​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ដែល​គជប ចំណាយ​ថវិកា​ជាង ១,៧​លាន​ដុល្លារ សម្រាប់​រៀបចំ​ការបោះឆ្នោត​នោះ គឺមាន ៥ គណបក្សនយោបាយ ចូលរួម រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​ជា​លទ្ធផល ការបោះឆ្នោត​ កាលពី​អាណ​ត្តិ​ទី២​ នា​​ឆ្នាំ​​២០១៤ ​គណបក្ស​​ប្រជាជន​​កម្ពុជា ទទួល​បាន​សំឡេង និង​អាសនៈ​ដ៏​ច្រើន​លើសលុប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​នៅ​លំដាប់​ទី​ពីរ និង​​ហ៊្វុន​ស៊ិន​ប៉ិច ស្ថិត​​នៅ​​​លេខ​​​រៀង​​​បន្ទាប់​​។​

​ក្នុងនោះ គឺ​​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ក្រុមប្រឹក្សារាជធានីខេត្ត សរុប ៣០៦ ដោយ​ទទួលបាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទាំង ២៥ រាជធានី​-​ខេត្ត ទូទាំងប្រទេស​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កៅអី​សមាជិក​ចំនួន ៨៦ និង​ហ៊្វុន​ស៊ិន​ប៉ិច បាន ១​។​

​រីឯ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង អាណត្តិ​ទី​២ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​សរុប ២២៣៤ ដែល​ប្រធាន​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង មាន​ចំនួន ១៩៥​។ រី​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​​តំណែង​​ប្រធាន​​ចំនួន ២ និង​​សមាជិក ៦៧៧ នាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សមាជិក​​ចំនួន ១៧ និង​​គណបក្ស​​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សមាជិក ម្នាក់​។​

​យ៉ាងណាក៏ដោយ ក្រោយ​​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេចយក​អាសនៈ​សរុប​ទាំង ៧៦៥ (​ថ្នាក់​រាជធានី ខេត្ត ស្រុក ខណ្ឌ​) របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៧១៧ និង​ហ្វ៊ុនស៊ិនប៉ិច បាន ៤៨ អាសនៈ​បន្ថែមទៀត​៕​

អត្ថបទដែលជាប់ទាក់ទង