មុន​ជួប​គីរីវង់​ស្អែក គ្រូភ្នំពេញក្រោនថា ត្រូវដុសខាត់បន្ថែមទៀត នៅតំបន់ប្រយុទ្ធ

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមភ្នំពេញក្រោន មានការខកចិត្តក្រោយការប្រកួតជាមួយក្រុមសូលទីឡូអង្គរ កាលពីសប្តាហ៍មុន ​លោកគ្រូបង្វឹក ស៊ុំម វណ្ណា យល់ថា អ្វីដែលក្រុមត្រូវបន្តដុសខាត់​បន្ថែម​ទៀតនោះ គឺនៅតំបន់ប្រយុទ្ធ ព្រោះ​ការប្រកួត​ជាមួយ​ក្រុម​សូលទីឡូ ក្រុមរបស់លោក មានការគាបសង្កត់​ច្រើន ប៉ុន្តែមិនអាចស្វែង​រកគ្រាប់​បាល់​បាន សូម្បីមួយគ្រាប់ ។

សម្រាប់ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃអាទិត្យ សប្តាហ៍នេះវិញ លោកគ្រូបង្វឹក​បណ្តោះ​អាសន្នរូបនេះ បានយល់ឃើញ​ថា៖ « ចំពោះការរៀបចំរបស់យើងនៅសប្តាហ៍នេះ យើងមិនសូវជា​មានការរៀបចំល្អ​ប៉ុន្មាននោះទេ ព្រោះបញ្ហាអាកាសធាតុ ហើយវាជាមូលហេតុ ដែលធ្វើឲ្យ​យើងផ្លាស់ប្តូរ​ពេល​វេលា​ហ្វឹក​ហាត់​ញឹក​ញាប់ ។ ពួកយើងនៅតែផ្តោតលើ​ការសហការគ្នាជាក្រុម ដើម្បីធ្វើការបញ្ចប់ទី ព្រោះការពីប្រកួតមុនយើងធ្វើបានល្អ ប៉ុន្តែយើងមាន​បញ្ហានៅលើការបញ្ចប់ទី » ។

លោកបានបន្ថែម​ទៀត​ថា៖​ « ចំពោះក្រុមគិរីវង់​ជាក្រុមមួយដែល​ល្អ ពួកគេមាន​ការរៀបចំល្អ កីឡាករ​របស់ពួកគេ​លេង​ពោរពេញ​ទៅ​ដោយឆន្ទះ ហើយបើយើងមើលទៅលើគ្រូបង្វឹក​របស់ពួក​គេ​វិញ គឺជា​គ្រូ​បរទេស​ទៀត និយាយរួមពួកគេមានរបៀប​នៃការលេងរបស់ពួកគេ​មានការរៀបចំ​​បានល្អទាំង​ការ​ការ​ពារ និងការវាយបក​ទៅ​រកគូរប្រកួត។

ភ្នំពេញក្រោន បើកកីឡដ្ឋាន RSN ​ទទួលក្លិបមកពី​ខេត្តតាកែវ គីរីវង់សុខ​សែន​ជ័យ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលាម៉ោង ៦ និង​០០​នាទី​ល្ងាច​៕​

អត្ថបទដែលជាប់ទាក់ទង