វិភាគៈ ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន ផ្អាកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន

ក្រុមហ៊ុនអេឡិចត្រូនិកធំៗរបស់ប្រទេសជប៉ុន បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ខ្នាតយក្ស Huawei របស់ប្រទេសចិន ក្រោយពីក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក បានប្រកាសព្យួរកិច្ចសហប្រតិបត្តិការដូចគ្នានេះ ។

មូលហេតុដែលក្រុមហ៊ុនអេឡិចត្រូនិកធំៗរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Toshiba បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន គឺដោយសារខ្លាចទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Toshiba ជប៉ុន ត្រូវបានធ្វើឡើងក្រោយពីមន្ត្រីរតនាគារជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសចុះបញ្ជីរខ្មៅលើសាខាក្រុមហ៊ុន Huawei ចិនចំនួន៦៨សាខា ដែលនឹងត្រូវដាក់ទណ្ឌកម្មនៅពេលខាងមុខ ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុនជប៉ុនទាំងពីរ ក៏ត្រូវបានធ្វើឡើងផដែរ ក្រោយពីក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក បានប្រកាសព្យូរកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន ដោយសារតែខ្លាចទណ្ឌកម្មអាមេរិកដូចគ្នា ។

កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Panasonic និង Toshiba របស់ជប៉ុន ជាមួយនឹងក្រុមហ៊ុន Huawei ចិន គឺក្រុមហ៊ុនជប៉ុនទាំងពីរនេះ ផ្អាកការផ្គត់ផ្គង់សម្ភារៈបរិក្ខាអេឡិចត្រូនិកអោយក្រុមហ៊ុន Huawei ចិន និង៦៨សាខាផ្សេងទៀតរបស់ក្រុមហ៊ុននេះ ។

ក្រុមហ៊ុន Panasonic និង Toshiba ជាក្រុមហ៊ុនរបស់ប្រទេសជប៉ុនមែន ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះ មានសាខាជាច្រើននៅលើទឹកដីអាមេរិក និងកំពុងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ចិន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អេឡិចត្រូនិកអោយនេះ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញក្រឹត្យហាមប្រាមមិនអោយក្រុមហ៊ុននានានៅលើទឹកដីអាមេរិករកស៊ីជាមួយក្រុមហ៊ុន Huawei ចិន ដូច្នេះបើក្រុមហ៊ុន Panasonic និង Toshiba បន្តកិច្ចសហការជាមួយក្រុមហ៊ុន Huawei ចិន គឺបំពានក្រឹត្យនេះ ។

សេចក្តីប្រកាសជាបន្តបន្ទាប់របស់ក្រុមហ៊ុនបរទេស ក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន គឺប្រៀបបីដូចជាដំបងជាច្រើនដើម ដែលកំពុងត្រូវបានវាយសំពងលើក្រុមហ៊ុន Huawei ចិន អោយរងរបួស និងឈឺចាប់អីចឹងដែរ ។

ក្រុមហ៊ុន Huawei ចិន រងរបួស និងឈឺចាប់នៅត្រង់ថា Huawei កំពុងចេញលក់ផលិត ផលទូរស័ព្ទ Huawei ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G នៅជុំវិញពិភពលោក ដោយបង្ហាញទាំងទូរស័ព្ទថ្មី និងប្រព័ន្ធបច្ចេកវិទ្យាថ្មី ។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Huawei ចិន បានចំណាទឹកប្រាក់ប្រមាណ៦៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងការទិញគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ពីបរទេស ដែលក្នុងនោះក្រុមហ៊ុន Huawei ចិន ក៏បានចំណាយទឹកប្រាក់ជាង១១ពាន់លានដុល្លារ ក្នុងការទិញបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកពីក្រុមហ៊ុនអាមេរិកដែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា ។

បើគ្មានគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ពីបរទេសទេ ក្រុមហ៊ុន Huawei ចិននឹងជួបការលំបាកហើយ ជាពិសេសគឺការលំបាកលើផ្នែកផលិតកម្មក្នុងការផលិតទូរស័ព្ទដៃម៉ាក Huawei ប្រសិនបើក្រុមហ៊ុនបរទេសនៅតែមិនលក់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អោយទៅក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ខ្នាតយក្ស Huawei របស់ប្រទេសចិនមួយនេះ ។

បញ្ហានៅត្រឹងថា ប្រសិនបើក្រុមហ៊ុនបរទេសអាណិតក្រុមហ៊ុន Huawei ចិន ដែលជាដៃគូពាណិជ្ជកម្ម និងនៅតែបន្តមានទំនាក់ទំនងពាណិជ្ជកម្ម គឺក្រុមហ៊ុនទាំងនោះ រំលោភបំពានលើទណ្ឌកម្មអាមេរិកហើយ ហើយផលប៉ះពាល់ក៏កើតឡើងនៅពេលខាងមុខ ។

ក្រុមអ្នកជំនាញផ្នែកពាណិជ្ជកម្មបាននិយាយថា ទោះបីជាយ៉ាងជួបឧបសគ្គបែបនេះក្តីក៏ក្រុមហ៊ុន Huawei ចិន អាចធ្វើដំណើរទៅមុខបានដែរ តាមរយៈការផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ដោយខ្លួនឯង និងពឹងផ្អែកលើទីផ្សារក្នុងស្រុកដែលមានប្រជាពលរដ្ឋចិនប្រមាណជាង១៤២០លាននាក់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង