គ្រោះថ្នាក់ចរាចណ៍រ រថយន្តបុករថយន្ត ស្លាប់ជនជាតិចិនខ្មែរ៣នាក់ របួសធ្ងន់ស្រាល៤នាក់

(បន្ទាយមានជ័យ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុករថយន្តបណ្តាលអោយចិន ខ្មែរមនុស្សប្រុសស្រី៣នាក់ បានស្លាប់ និង របួសធ្ងន់ស្រាល៤នាក់ ក្នុងកាលពីព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX-330 ពណ៌ផ្សែងបារី ស្លាកលេខ បាត់ដំបង 2B-1401 អ្នកបើកបរដោយឈ្មោះ លាន ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានដឹកភ្ញៀវជនជាតិចិនពីព្រលានយន្តហោះខេត្តសៀមរាប មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ រថយន្តនេះបាន ជែងរថយន្តមួយគ្រឿងទៀត រួចក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខៀវដឹកទូរ បើកបរដោយឈ្មោះ នង សុខ ភេទប្រុស អាយុ៣០ឆ្នាំ បណ្តាលឲ្យរួញខ្ទិចខ្លួនឯង និងក្រឡាប់រថយន្តធំដឹកទូរ ។

ប្រភពបន្តថា ហេតុការណ៍នេះ បណ្តាលឲ្យ តៃកុងរថយន្តឡិចស៊ីស និងអ្នករួមដំណើរ២នាក់ជាជនជាតិចិន រួមមាន ១-ឈ្មោះ យី តឹងតឹង ភេទស្រី អាយុ២៧ឆ្នាំ ២-ឈ្មោះ សាំង ស៊ូហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ បានស្លាប់បាត់បង់ជីវិត និង ៤នាក់ទៀតរបួសធ្ងន់ស្រាលរួមមាន ៖ ១-ជាតែកុងរថយន្តដឹកទូរ និងប្រពន្ធឈ្មោះ ជឿន ភាវ ភេទស្រី អាយុ២៥ឆ្នាំ រងគ្រោះបាក់ជើងស្តាំ រួមទាំងកូន២នាក់ ឈ្មោះ ឌឿន រក្សា ភេទស្រី អាយុ២ឆ្នាំ របួសធ្ងន់ និងឈ្មោះ ឌឿន គឹមសួគ៍ ភេទប្រុស អាយុ៦ឆ្នាំ រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន នាំទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី រីឯសពជនរងគ្រោះ សមត្ថកិច្ចបានដឹកទៅតំកល់នៅវត្ត រងចាំសាច់ញាតិមកទទួល និងដំណោះស្រាយផ្លូវច្បាប់លើសពជនជាតិចិន ចំណែករថយន្តទាំងពីរ ត្រូវសមត្ថកិច្ចប្រមូលយកមករក្សាទុក និងរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ចេស្តា

អត្ថបទដែលជាប់ទាក់ទង