ជប៉ុនប្រកាសផ្តល់គ្រឿង​ឥស្សរិយយស​​ថ្វាយ​​សម្ដេច​ ​នរោត្តម ​សិរិវុឌ្ឍ ​ដែលរួមចំណែក​ពង្រឹងទំនាក់ទំនង​ជប៉ុន-កម្ពុជា​

(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភានេះ ​បាន​ប្រកាស​អំពី​ជន​បរទេស ដែល​បាន​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃរដូវ ឆ្នាំ២០១៩។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​អង្គភាព Swift News ​ទទួល​បាន​​ គឺសម្តេច នរោត្តម សិរិវុឌ្ឍ អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សិ្ថត​ក្នុង​ចំណោម​ជន​បរទេស ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយ​យស ចំនួន​១៤២​រូប ហើយ​គ្រឿង​ឥស្សរិយ​យស ​Grand Cordon of the Order of the Rising Sun ត្រូវ​បាន​ថ្វាយ​សម្ដេច​ ដើម្បី​ទទួល​ស្គាល់​ការ​រួម​ចំណែក​របស់​សម្ដេច​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​មិត្តភាព​រវាង​ជប៉ុន និង ​កម្ពុជា។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ នា​ពេល​ដែល​សម្ដេច នរោត្តម សិរិវុឌ្ឍ ត្រូវ​បាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី សម្ដេច​បាន​​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​មិន​ត្រឹមតែ​ក្នុង ​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ឋានៈ​ជា​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ ក៏​ដូច​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ផង​ដែរ។

សេចក្ដី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​បានបន្ថែម​ទៀត​ថា “ប្រទេសយើងទាំង​ពីរ​ បាន​ឈាន​ដល់​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​​នា​ពេល​បច្ចុប្បន្ន​ អាស្រ័យ​ដោយ​ការ​លះបង់​ឥត ​ឈប់ឈរ​របស់​សម្ដេច ចំពោះ​ទំនាក់ទំនង​របស់​យើង”៕

អត្ថបទដែលជាប់ទាក់ទង