សមត្ថកិច្ច បញ្ជូនខ្លួន​ម្ចាស់ និងគ្រឿងញៀនជាង ៣គីឡូក្រាម ទៅតុលាការចាត់ការតាមច្បាប់

(ភ្នំពេញ)៖ ​កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន របស់​ក្រសួងមហាផ្ទៃ នៅព្រឹក​ថ្ងៃទី២១ ខែឧសភា ​ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន ជាង ៣គីឡូក្រាម ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ​ចើយ មុន្នី ​ភេទប្រុស ​ជនជាតិខ្មែរ ​កើតឆ្នាំ១៩៨៦ ​ត្រូវកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០១៩ នៅចំណុចផ្លូវលំភូមិច្រេះ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ចបានរកឃើញ និងដកហូតម្ស៉ៅសថ្លា សង្ស័យថា​ជាគ្រឿងញៀន ប្រភេទ​មេតំហ្វេតាមីន ICE (ម៉ាទឹកកក) ​ទំងន់​សរុប​ចំនួន ​៣០០៩.៧៦ ក្រាម (ជាង៣គីឡូ), ​ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

លោកព្រះរាជអាជ្ញារង តុប ឈុនឡុង​ បានពិនិត្យសំណុំរឿង ​និងសាកសួរជនសង្ស័យ តាមច្បាប់ មុនពេលស​ម្រេចចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ (SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង