កុមារ​ ៣៨នាក់ ស្លាប់ និង ៤៦នាក់​ របួស​ក្នុងការបាញ់ផ្លោង នៅ​ប្រទេសស៊ីរី

(បរទេស)៖ អង្គការសប្បុរសធម៌​របស់អង់គ្លេស រាយការណ៍ថា កុមារយ៉ាងហោចណាស់ ៣៨នាក់ ត្រូវបានសម្លាប់ និង ៤៦នាក់ផ្សេងទៀត រងរបួស នៅក្នុងការបាញ់ផ្លោង នៅទីក្រុងអ៊ីដលីប (Idlib) ប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី០១ ខែមេសា កន្លងមក។

ក្រុមគ្រួសាររាប់ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅបន្ទាប់ពីការកើនឡើងថ្មីៗ នៃអំពើហិង្សារវាង​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី និងពួកឧទ្ទាម ចាប់តាំងពីចុងខែមេសា ដោយពួកគេបានភៀសខ្លួន ទៅកាន់ភូមិ និងទីប្រជុំជនជិតព្រំដែន​ស៊ីរី និងតួកគី​។

​សូមជម្រាបថា រដ្ឋាភិបាលរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានឈប់បាញ់ជាឯកតោភាគី​នៅក្នុងខេត្ត Idlib ដែលជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាម ខណៈសកម្មជនប្រឆាំងបានរាយការណ៍ថា បានបន្តការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាស​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង