វិភាគ៖ ​តើចិនមានអាវុធអ្វីទៀត សម្រាប់ប្រយុទ្ធជាមួយអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម ?

រហូតមកដល់ជិតពាក់កណ្តាល​ឆ្នាំ២០១៩នេះ ប្រទេសចិន និង​សហរដ្ឋអាមេរិក នៅតែស្វែងរកមិនទាន់ឃើញ​នូវ​កិច្ចព្រមព្រៀងថ្មី​ផ្នែកពាណិជ្ជកម្មនៅឡើយទេ ទោះបីជាក្រុមការងារនៃប្រទេសទាំងពីរ បានជួបគ្នាចរចាចំនួន ១១លើកហើយ​ក៏ដោយ ។

មេដឹកនាំចិន និងអាមេរិកនៅតែបន្តប្រើយុទ្ធសាស្ត្រដំឡើងពន្ធនាំចូលពីគ្នាទៅវិញទៅមក ដោយនៅពេល​ថ្មីៗនេះ អាមេរិកបានសម្រេចដំឡើងពន្ធនាំចូលពីចិនក្នុងអត្រា២៥% លើទំនិញចិនដែលមានតម្លៃទឹកប្រាក់ ២០០ពាន់លានដុល្លារ ។

ជាការឆ្លើយតបអាមេរិកវិញ ចិនក៍បានសម្រេចដំឡើងពន្ធក្នុងអត្រា២៥%ដូចគ្នាលើទំនិញរបស់សហរដ្ឋអាមេរិក ដែលនឹងនាំចូលទីផ្សារចិននៅពេលខាងមុខ ក្នុងតម្លៃទឹកប្រាក់ប្រមាណ៦០ពាន់លានដុល្លារ គឺមានតម្លៃតិចជាអាមេរិកដំឡើងពីចិន ។

សូមជម្រាមជូន បើភាគីចិន និងអាមេរិក វាយបកគ្នាទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្មតែលើការដំឡើង​ពន្ធនាំចូល គឺចិន មិនឈ្នះអាមេរិកទេ ដោយសារចិននាំចេញទំនិញក្នុងតម្លៃជាង ៥០០ពាន់លានដុល្លារ ទៅកាន់ទីផ្សារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែអាមេរិកបាននាំចេញទំនិញទៅកាន់ទីផ្សារចិន ក្នុងតម្លៃជាង ១២០ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា ។

ក្នុងសង្គ្រាមពាណិជ្ជកម្ម ភាគីជម្លោះដូចជាចិន និងអាមេរិកជាដើម មិនមែនប្រើតែអាវុធមួយមុខសំដៅលើការ​ដំឡើង​ពន្ធនោះទេ គឺភាគីទាំងពីរមានអាវុធច្រើនផ្សេងទៀតដែលត្រូវប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្មនេះ ប៉ុន្តែគ្រាន់តែចិន និងអាមេរិកមិនទាន់បង្ហាញអាវុធថ្មី ។

អាវុធថ្មីរបស់ភាគីចិនក្នុងសង្គ្រាមពាណិជ្ជកម្មជាមូយអាមេរិក គឺការបញ្ចុះតម្លៃប្រាក់យ័ន ការដំឡើងតម្លៃទំនិញ ការរំខានក្រុមហ៊ុនអាមេរិកនៅចិន ការប្រកាសមិនអោយអ្នកទេសចរចិនទៅលេងអាមេរិក ការឈប់ទិញ​យន្តហោះ​ប៊ូអ៊ីង និងការលក់មូលបត្របំណុល ជាដើម ។

អាវុធថ្មីខាងលើនេះ គឺភាគីចិនមិនទាន់បានប្រើប្រាស់ក្នុងការសងសឹកអាមេរិកវិញនៅឡើយទេ ប៉ុន្តែប្រសិនបើ​អាមេរិក នៅតែដំឡើងពន្ធនាំចូលពីចិនកាន់តែច្រើន រហូតដល់ទឹកប្រាក់ជាង៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ចិនអាចនឹងប្រើអាវុធថ្មីខាងលើនេះហើយ ។

អាវុធក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក គឺជាអាវុធមុខពីរដូចគ្នា ដែលអាវុធនេះធ្វើអោយប៉ះពាល់​ដល់អ្នកប្រើប្រាស់ផង និងប៉ះពាល់ដល់អ្នកទទួលផង ដូចជាកសិករអាមរិកកំពុងប៉ះពាល់ដោយចិន​ មិនទិញផលិតផលកសិកម្ម ជាដើម។

ចំណែកខាងចិនវិញក៏ដូចគ្នាដែរ បើចិនបញ្ចុះតម្លៃប្រាក់យ័ន ក្រុមវិនិយោគិននឹងលែងទុកចិត្តលើស្ថិរភាពតម្លៃប្រាក់យ័ន ហើយបើចិនដំឡើងតម្លៃទំនិញអោយខ្ពស់ ផលិតផលរបស់ចិនពិតជាពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ដោយសារតម្លៃខ្ពស់ជាងគេ ។

នេះជាឧទាហរណ៍នៃផលវិបាកដែលបានកើតឡើងដោយសារការប្រើប្រាស់អាវុធក្នុងការវាយបកលើគូបដិបក្សក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកក៏កំពុងតែទទួលរងផលប៉ះពាល់ខ្លាំងណាស់ដែរ ពីសង្គ្រាមពាណិជ្ជកម្មជាមួយចិន ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដឹងច្បាស់ណាស់ពីផលប៉ះពាល់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែប្រធានាធិបតីរូបនេះនៅតែបន្តសង្គ្រាមដដែល ដោយផ្អែកលើបំណងរបស់លោក ចាប់តាំងពីមុនក្លាយជាប្រធានាធិបតីអាមេរិក ។

បំណងរបស់លោក ត្រាំ ចង់បានចំណុចពីរយ៉ាងពីប្រទសចិន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិន និងការកាត់បន្ថយល្បឿននៃការពង្រីកឥទ្ធិពលនៅលើឆាកអន្តរជាតិរបស់ប្រទេសចិននៅពេលខាងមុខ ។

លោក ត្រាំ យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចាស់រវាងចិន និងអាមេរិកមិនមានតម្លាភាពទេ ដោយចិននាំចូលទៅកាន់អាមេរិកច្រើន ប៉ុន្តែអាមេរិកនាំចូលទៅកាន់ចិនតិច ដែលនេះគឺជាការចាញ់ប្រៀបចិនក្នុងការធ្វើពាណិជ្ជកម្ម ៕លីលី

អត្ថបទដែលជាប់ទាក់ទង