ពិធីបុណ្យ​វិសាខបូជា នៅ​សៀមរាប បំបួស​កុលបុត្រ​-​កុលធីតា ជិត ៥០០ នាក់ នៅ​អង្គរវត្ត​

(​សៀមរាប​)៖ ពិធីបុណ្យ​វិសាខបូជា ថ្ងៃ​១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិក​អ​ធ័​ម នៅ​ទី​រួម​ខេត្តសៀមរាប ដោយមាន​ពិធី​ហែ​ក្បួន​ធម្ម​យាត្រា និង​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា ជាច្រើន​នាក់​ផងដែរ​។​

​នៅក្នុង​ព្រឹត្តិការណ៍​នៃ​បុណ្យ​វិសាខបូជា មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដ៏​ច្រើន​អង្គ​-​នាក់ ដែល​សោមនស្ស​ជ្រះថ្លា ដង្ហែ​អង្គ​បុណ្យ​វិសាខបូជា ចេញពី​វត្ត​ដំណាក់​នៃ​ក្រុង​សៀមរាប ឆ្ពោះទៅកាន់​ប្រាសាទអង្គរវត្ត តាម​មធ្យោបាយ​យានយន្ត​ជាច្រើន​ប្រភេទ​។

​ជាមួយគ្នា​នោះ វត្ត​ឥន្ទ្រ​ប​ត្ត​បូរី ហៅ វត្ត​អង្គរ​ខាងត្បូង ក៏មាន​ព្រះសង្ឃ ពុទ្ធបរិស័ទ សីល​វ័​ន្ត សីល​វ​ត្តី ជាច្រើន​អង្គ​-​នាក់​បន្ថែមទៀត ក៏បាន​បង្ហាញ​ក្បួន​ធម្ម​យាត្រា ដង្ហែ​បុណ្យ​វិសាខបូជា​ផងដែរ​។ ក្នុង​ក្បួន​ដង្ហែ​ទាំង ២​នេះ រួមមាន ព្រះសង្ឃ ពុទ្ធបរិស័ទ សីល​វ័​ន្ត សីលវតី ប្រហែល​ជាង ១​ពាន់​អង្គ​-​នាក់ ។ ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តិ​ទៅនា​រសៀល​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​ពិសាខ ឆ្នាំច ឯកស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ។

​ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥ​ទ្ទ​បាលី កែវ អាន ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងត្បូង មាន​ថេរ​ដីកា​ថា ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម ឆ្នាំ​២០១៩​នេះ​ព្រះអង្គ​បាន​ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដោយ​ភ្ជាប់​ជាមួយ​ពិធី​បំបួស​កុលបុត្រ កុលធីតា ៤៤៩​រូប នៅ​ប្រាសាទអង្គរវត្ត ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​-​យុវនារី ដែលជា​ទំពាំង​ស្នង​ឬ​ស្សី បាន​សិក្សា​អំពី​ព្រះពុទ្ធសាសនា និង​ក្រមសីលធម៌​រស់នៅ ដើម្បី​ឲ្យ​ពួកគេ​បាន​កសាង​ខ្លួន​ជា​ធនធាន​ល្អប្រសើរ​សម្រាប់​សង្គមជាតិ អ្វីដែល​អ្នក​ត្រូវបាន​បំបួស​ទាំងនោះ ធ្លាប់បាន​ប្រព្រឹត្ត​ខុសឆ្គង​ចំពោះ​អ្នកមានគុណ អាច​នឹង​មានឱកាស​កែប្រែ​ខ្លួន​បាន តាមរយៈ​នៃ​ការអប់រំ​តាមបែប​ព្រះពុទ្ធសាសនា​។ ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៩​ហើយ ដែល​វត្ត​អង្គរ​ខាងត្បូង បាន​ប្រារព្ធ​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា ផ្សារភ្ជាប់​ជាមួយនឹង​កម្មវិធី​បុណ្យ​វិសាខបូជា ។​

​ដោយឡែក នា​ថ្ងៃ​នេះដែរ នៅ​វត្ត​តាម​បណ្តា​ស្រុក ក្នុង​ខេត្តសៀមរាប ក៏មាន​ធ្វើការ​ប្រារព្ធ និង​ដង្ហែ​បុណ្យ​វិសាខបូជា ប្រកបដោយ​ភាព​អធិក​អ​ធ័​ម ក្រោម​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ សិស្សានុសិស្ស ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​។​

​បុណ្យ​វិសាខបូជា ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​ព្រះសម្មាសម្ពុទ្ធ រំលឹក​ថ្ងៃ​ខួប​ព្រះអង្គ​ត្រាស់ដឹង និង​រំលឹក​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ យាង​ចូល​បរិនិព្វាន នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ​។​

​ពិធីបុណ្យ​វិសាខបូជា ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ ដោយ​សន្និបាត​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ​១៩៩៩​។ ពិធីបុណ្យ​នេះ ត្រូវ​បានរៀបចំ​រៀងរាល់​ថ្ងៃ ១៥​កើត ខែ​ពិសាខ នៅ​ជុំវិញ​ពិភពលោក​៕ ( SN- ប៊ុន​រិទ្ធី )​

អត្ថបទដែលជាប់ទាក់ទង