តុលាការសម្រេចឃុំខ្លួនប្រធានក្រុមហ៊ុន GCG Asia ដែលយករូបសម្តេចតេជោទៅបង្ហោះដោយខុសច្បាប់

(ភ្នំពេញ)៖ ​ទីបំផុតទៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនប្រធានក្រុមហ៊ុន GCG Asia ដែលហ៊ានយករូប​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ទៅបង្ហោះលើគេហទំព័រ ដើម្បីបោកបញ្ឆោតអតិថិជន។

លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់​អ្នកកាសែតថា ​ក្រោយពីបានទទួល និងពិនិត្យសំណុំរឿង ព្រមទាំងសាកសួរចម្លើយលើឈ្មោះ DARREN YAW FOO HOE ជនជាតិម៉ាឡេស៊ីចប់សព្វគ្រប់តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់​ពី​បទប៉ុនប៉ងឆបោក តាមមាត្រា ៣៧៧ មាត្រា ៣៧៨និងមាត្រា ៣៨១នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ DARREN YAW FOO HOE ជនជាតិ​ម៉ាឡេស៊ី ជាថៅកែក្រុមហ៊ុន GCG Asia កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនសង្ស័យ និងបិទទ្វាក្រុមហ៊ុន GCG Asia Co., LTD ព្រោះជនសង្ស័យហ៊ានយក​ឈ្មោះ និងរូបថតសម្ដេចតេជោហ៊ុនសែនបង្ហោះក្នុងគេហទំព័ររបស់ខ្លួនដោយខុសច្បាប់ដែលនាំឲ្យសម្តេចតេជោមានប្រតិកម្មកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩

សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេប៊ុផ្លូវការរបស់សម្តេចថាដំណឹងសន្តិសុខជាតិបន្ទាន់! កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំនិងឈ្មោះខ្ញុំទៅបង្ហោះនៅក្នុងWebsite របស់ក្រុមហ៊ុនhttp://gcgasiacoin.com/ ដែលនិយាយថាខ្ញុំជាអ្នកគាំទ្រនិងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២០ខែឧសភា២០១៩

ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវ​ក្នុង​ជំនួញដូរលុយ​ក្នុងរូបភាព​គ្រីបតូឃឺរិស៊ី (Crypto Currency)។ ​តាមព័ត៌មាន​ពីស្ថានទូតឥណ្ឌូណេស៊ី​នៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវបានដាក់ចូលក្នុង Black List»(SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង