កម្ពុជានឹងចូលរួម​សន្និបាតសុខាភិបាលពិភពលោក ​លើកទី៧២ ​ជាមួយប្រទេសជិត ​២០០ទៀត​ជាសមាជិក​

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅចូលរួមសន្និបាតសុខាភិបាលពិភពលោក លើកទី៧២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សន្និបាតសុខាភិបាលពិភពលោក លើកទី៧២ គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកដែលមានប្រទេសជាសមាជិកជាង១៩០ប្រទេសចូលរួមដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជា ជាសមាជិកនិងចូលរួមពិនិត្យវឌ្ឍនភាពនៃការធ្វើឱ្យប្រសើរឡើងស្ថានភាពសុខភាពប្រជាជននៅលើពិភពលោក ក៏ដូចជាប្រចាំតំបន់ និងប្រទេសជាសមាជិកទាំងអស់។

អង្គសន្និបាតនឹងពិនិត្យនិងពិភាក្សានូវកត្តាប្រឈមនានា និងកំណត់យុទ្ធសាស្ត្រថ្មីៗ ធានាជំរុញលើកកម្ពស់សុខភាពរបស់ប្រជាជននៅលើពិភពលោកទាំងមូលជាពិសេសដើម្បីឈានទៅសម្រេចឱ្យបានការគ្របដណ្តប់សុខភាព​ជាសាកល ដោយមិនត្រូវទុកអ្នកណាម្នាក់ចោលដោយមិនបានទទួលសេវាថែទាំសុខភាព។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងថ្លែងបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទសម្រាប់ឆ្នាំ​២០១៩​គឺ “ការគ្របដណ្តប់សុខភាពជាសាកល” ដែលនឹងផ្តោតលើវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង