រដូវវស្សា ចាប់ផ្តើម​ហើយ រីឯ​សីតុណ្ហភាព ចន្លោះ​ពី ៣៣-៣៦ °C

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា រដូវវស្សា​បានចាប់ផ្តើម​ហើយ ដោយ​គិតពី​ដើម​សប្តាហ៍​ទី​៣ នៃ​ខែឧសភា កន្លងមកនេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ប្រចាំ​សប្តាហ៍ ស្តីពី ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែ​សភា ឆ្នាំ​២០១៩​។​

​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ បង្ហាញថា សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ទៅមុខ គឺ​ចាប់ពី​ថ្ងៃទី​១៩-២៥ ខែឧសភា ស្ថានភាព​អាកាសធាតុ មាន​ដូចខាងក្រោម​៖
១-​នៅ​ថ្ងៃទី​១៩-២០ ខែឧសភា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ និង​ខ្យល់មូសុង​និរតី ដែល​នឹងធ្វើ​ឲ្យ​រាជធានី​-​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ពុំ​រាយប៉ាយ​បានល្អ​ទេ​។​

២-​ចាប់ពី​ថ្ងៃទី​២១-២៥ ខែឧសភា ជ្រលង​សម្ពាធ​ទា​បប និង​ខ្យល់មូសុង​និរតី ចាប់​បង្កើន​ឥទ្ធិពល​ឡើងវិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កម្រិត​ទឹកភ្លៀង មាន​ភាពកើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ទន្ទឹមនឹង​ភាព​រាយប៉ាយ​ក៏​កាន់តែ​បានល្អ​ប្រសើរ​។​

៣-​សីតុណ្ហភាព​អតិបរមា ស្ថិតក្នុង​ចន្លោះ​ពី ៣៣-៣៦ °C​។​
៤-​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​ច្រើន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ សូម​សាធារណជន បន្ត​ការប្រុងប្រយ័ត្ន​ខ្ពៃ់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕


អត្ថបទដែលជាប់ទាក់ទង