ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ប្រជុំ​ផ្សព្វផ្សាយ​ការងារ​ជំនាញ​ និង​ចែក​ជូន​នូវ​ បាវចនា​ អភិក្រម​ និង​ អនុសាសន៍​១០​ចំណុច​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដល់​មូលដ្ឋាន​អាវុធហត្ថ​ទូ​ទាំង​ រាជធានី​ភ្នំពេញ

(​ភ្នំពេញ​)៖​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ជំនាញ​ ដល់​មន្ត្រី​ ការិយាល័យ​ជំនាញ​ និង​ មូលដ្ឋាន​អាវុធហត្ថ​ ខណ្ឌ​ទាំង​១២​ ដើម្បី​ដាស់តឿន​រំលឹក​និង​ពង្រឹង​ នូវ​និ​តិ​វិធី​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ព្រមទាំង​ដាក់​ចេញ​នូវ​ផែនការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ កាលពី​រសៀល​ ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ក៏​បាន​រំលឹក​បន្ថែម​ដល់​នាយទាហាន​ នាយទាហានរង​ ទាំងអស់​ ឲ្យ​យកចិត្តទុកដាក់​ លើ​ការ​រៀបចំ​ សេដ្ឋកិច្ច​គ្រួសារ​ ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ហាត់​ប្រា​ព​ឲ្យ​បាន​ទៀងទាត់​ ជា​ពិសេស​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​យ៉ាង​ហោច​ណាស់​មួយ​ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​។​

​ឆ្លៀត​ក្នុង​ឱកាស​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ផង​ដែរ​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ផ្តួចផ្តើម​គំនិត​ផ្តិត​នូវ​ បាវចនា​ អភិក្រម​ និង​ អនុសាសន៍​១០​ចំណុច​ របស់​សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​ធា​ណា​ចក្រ​កម្ពុជា​ ចែក​ជូន​ដល់​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២​ ក៏​ដូច​ជាទី​បញ្ជាការ​រាជធានី​ផ្ទាល់​ ដើម្បី​យក​ទៅ​ដាក់​តាំង​ជា​និមិត្តរូប​ ក្នុង​ការ​ដាស់តឿន​ក្រើនរំលឹក​ ដល់​កិច្ច​អនុវត្តិ​ ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ដែល​រួម​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖
-​ បាវចនា​ ០២
១.​ កែទម្រង់​ខាងក្នុង​
២.​ បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​
-​ អភិក្រម​ ០៥
១.​ ឆ្លុះកញ្ចក់​
២.​ ងូតទឹក​
៣.​ ដុសក្អែល​
៤.​ ព្យាបាល​
៥.​ និង​វះកាត់​
-​ អនុសាសន៍​ ១០​ចំណុច​
១-​ ត្រៀមខ្លួន​ជា​ស្រេច​ការពារ​ឯករាជ្យ​ អធិបតេយ្យ​ជាតិ​ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារ​ជាតិ​ របស់​ប្រជាជន​ ព្រោះ​កងទ័ព​បាន​កើត​ចេញពី​ប្រជាជន​ និង​ធ្វើ​អ្វីៗ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន​,

២-​ រួម​ជាមួយ​កម្លាំង​ផ្សេង​ទៀត​ រក្សា​សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ចូលរួម​អនុវត្ត​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ចោរកម្ម​ គ្រឿងញៀន​ ជួញដូរ​មនុស្ស​ និង​អំពើ​អសកម្ម​ផ្សេងៗ​ ត្រូវធ្វើ​ឲ្យ​ប្រទេស​របស់​យើង​ទៅ​ជា​ប្រទេស​ ដែល​មាន​សុខ​សន្តិភាព​ពិតប្រាកដ​ ដោយ​តម្លៃ​ណា​ក៏​ដោយ​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ណាមួយ​បំផ្លាញ​នូវ​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក​,

៣-​ ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ភេ​វរ​កម្ម​ និង​វាយ​កំទេច​ចោល​ឲ្យ​ទាន់​ពេលវេលា​នូវ​ឧបាយកល​បដិវត្តន៍​ពណ៌​ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​តាម​រយ​:​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​ និង​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ​ ។​ កម្លាំងប្រដាប់អាវុធ​មាន​ភារកិច្ច​ការពារ​រដ្ឋ​ ដូចនេះ​មិន​មាន​ពាក្យ​អ​ព្យា​ក្រិត​ជាមួយ​ពួក​ឧទ្ទាម​ ទាំង​ឧទ្ទាម​ក្នុង​ព្រៃ​ និង​ឧទ្ទាម​ទីក្រុង​នោះ​ទេ​។​ យើង​ត្រូវ​តែ​កម្ចាត់​ចោល​ជា​បន្ទាន់​ ដោយ​មិន​ចាំបាច់​រង់ចាំ​បទបញ្ជា​ នូវ​ទ​ង្វើ​ណា​ក៏​ដោយ​ ដែល​ប៉ុនប៉ង​ដណ្ដើម​អំណាច​ក្រៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ក្រៅ​ការ​បោះ​ឆ្នោត​ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​,

៤-​ សូម​ឲ្យ​កងទ័ព​ទាំងអស់​ចូលរួម​ជាមួយ​កម្លាំង​ផ្សេង​ទៀត​ ដើម្បី​ជួយ​ដល់​ប្រជាជន​ ពិសេស​ពេល​មាន​ គ្រោះ​មហន្តរាយ​ កងទ័ព​ជា​កូនចៅ​ប្រជាជន​ នៅ​ទីកន្លែង​ណា​ក៏​ដោយ​ត្រូវ​មើល​ត្រូវ​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ ជួយ​ដល់​ ប្រជាពលរដ្ឋ​ ដែល​មានការ​លំបាក​ ខិតខំ​ធ្វើ​ នូវ​កិច្ចការ​ដែល​យើង​អាច​ធ្វើ​ទៅ​រួច​ ជួយ​ដល់​ប្រជាជន​ ជា​ពិសេស​ប្រជាជន​ ដែល​មាន​ជីវភាព​ក្រីក្រ​ជួប​ការ​លំបាក​ហើយ​កុំ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក​ដោយសារ​តែ​ទ​ង្វើ​មិន​គប្បី​នៃ​កងទ័ព​របស់​យើង​,

៥-​ ត្រូវ​គាំទ្រ​ដល់​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ធានា​ទៅ​ដល់​ការ​ ការពារ​ព្រៃឈើ​ ជលផល​ និង​ធនធានធម្មជាតិ​ដ៏​ទៃ​ទៀត​។​ កងទ័ព​ទាំងអស់​ ត្រូវ​ចូលរួម​រក្សា​ព្រៃឈើ​ មិន​ត្រូវ​ក្លាយជា​អ្នក​កាប់​ឈើ​ ឬ​ជា​អ្នក​ការពារ​ឈ្មួញ​កាប់​ឈើ​ នោះ​ទេ​។​ ចូលរួម​រក្សា​នូវ​ត្រី​ ធនធាន​ជលផល​ដ៏​កម្រ​របស់​យើង​ មិន​ត្រូវ​ចូលរួម​នឹង​អំពើ​អសកម្ម​នានា​ ទាក់ទង​នឹង​វិស័យ​ ជលផល​ដែល​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​នោះ​ទេ​។​ ត្រូវ​ចូលរួម​រក្សា​ នូវ​ធនធានធម្មជាតិ​ដទៃ​ទៀត​ ដែល​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

៦-​គាំទ្រ​ដល់​ការ​ប្រមូល​ចំណូល​ថវិកាជាតិ​ ទាំង​ថ្នាក់​ជាតិ​ ទាំង​ថ្នាក់​ក្រោម​ជាតិ​ ខិតខំ​ទប់ស្កាត់​ការ​រកស៊ី​គេចពន្ធ​ និង​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​ ត្រូវ​រួម​គ្នា​ មិនមែន​ជា​ភារកិច្ច​ដាច់​ដោយឡែក​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អង្គភាព​គយ​ ឬ​ អង្គភាព​ពន្ធដារ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​មានការ​ជួយ​គាំទ្រ​ទាំងអស់​គ្នា​ ហើយ​ខ្លួន​យើង​ម្នាក់ៗ​ក៏​ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ដូច​គ្នា​,

៧-​ ខិតខំ​ពង្រឹង​វិន័យ​កងទ័ព​ បង្កើន​សមត្ថភាព​លើ​គ្រប់​ផ្នែក​ ការ​ហ្វឹកហ្វឺន​ត្រូវធ្វើ​ជា​ប្រចាំ​គ្រប់មុខ​ជំនាញ​ទាំងអស់​ សម្ភារៈ​កាន់តែ​ទំនើប​ បើ​មនុស្ស​មិន​ទំនើប​ គឺ​ស្មើ​និង​គ្មាន​សម្ភារ​:​ទាំងនោះ​ទេ​ ។​ ស៊ូ​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់​ ប្រសើរ​ជាង​បង្ហូរឈាម​លើ​ទីលានប្រយុទ្ធ​ មាន​ន័យ​ថា​ ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់​ គឺ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ និង​ ការ​ស្លាប់​នៅ​ទីលានប្រយុទ្ធ​ ហើយ​សុំ​យក​ឱកាស​នេះ​ផ្តាំផ្ញើ​ សុំ​ខិតខំ​សម្រក​ក្បាលពោះ​,

៨-​ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សម្ភារៈ​យុទ្ធោបករណ៍​គ្រប់​ប្រភេទ​ទាំងអស់​ដែល​ជា​គ្រឿង​បំពាក់​សម្រាប់​កងទ័ព​ របស់់​យើង​ ហើយ​ត្រូវ​ពិនិត្យ​វា​ជា​ប្រចាំ​ ត្រូវ​តែ​ថែទាំ​ឱ្យ​បាន​គត់មត់​ដើម្បី​ធានា​ថា​ អាវុធ​របស់​យើង​នេះ​ប្រើប្រាស់​បាន​ ហើយ​ចំ​គោលដៅ​នៅ​ពេល​ដែល​មានការ​គឺ​ចំ​គោលដៅ​,

៩-​ យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព​ ដើម្បី​ឲ្យ​កងទ័ព​យើង​មាន​គ្រប់លក្ខណ​:​សម្បត្តិ​ និង​ថែទាំ​សុខភាព​ ជម្រក​ស្នាក់​នៅ​ ទីកន្លែង​នានា​ ម្ហូបអាហារ​ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​មើលថែ​ទាំ​ថែម​ទៀត​នូវ​ជីវភាព​របស់​កងទ័ព​ ហើយ​អង្គភាព​និ​មួយៗ​ត្រូវ​ម្ចាស់​ការ​ធ្វើ​ខ្លួនឯង​ ដើម្បី​បន្ថែម​ទៅ​លើ​របប​ដែល​រដ្ឋ​ផ្តល់​ជូន​ ដោះស្រាយ​ការ​ព្យាបាល​ឲ្យ​បាន​ហ្មត់ចត់​ ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​ដែល​កំពុង​នៅ​ក្នុង​ជួរ​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​ដែល​បាន​ចូល​និវត្តន៍​តាម​រយ​:​សមាគម​អតីត​យុទ្ធ​ជន​។​

១០-​កងទ័ព​ត្រូវ​ដើរតួ​នាទី​ជា​អ្នកការទូត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជិតខាង​ និង​កសាង​ ទំនាក់ទំនង​ល្អជា​មួយ​ បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់​នៅ​លើ​ពិភពលោក​។​ តាម​រយៈ​ទំនាក់ទំនង​ល្អជា​មួយ​ ប្រទេស​ជិតខាង​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ រវាង​រដ្ឋ​និង​រដ្ឋ​ ប្រសើរ​ ទំនាក់ទំនង​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ គឺ​បាន​ប្រសើរ​ឡើង​ ៕​

អត្ថបទដែលជាប់ទាក់ទង