ស្ថានទូត​ចិន ប្រកាសថា ខ្លី​ប​វិ​ដេ​អូ​របស់​ជនជាតិ​ចិន ថត​បង្ហោះ គំរាម នឹង​បង្ក​អសន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ គឺជា​វិ​ដេ​អូ ថត​កាលពី​ខែមីនា គ្រាន់តែ​ជាការ​លេងសើច ក្រោយ​ស្រវឹងស្រា

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថានទូត​ចិន ប្រចាំ​កម្ពុជា បានប្រកាសថា វីដេអូ ដែល​ជនជាតិ​ចិន​មួយក្រុម​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក គំរាម នឹង​បង្ក​អសន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ថត​ដោយ​ជនជាតិ​ចិន ដែល​បានមក​ធ្វើការ នៅ​ប្រទេស​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩ ក្រោយពី​ស្រវឹងស្រា​រួច ដោយ​គ្រាន់​ជាការ​លេងសើច​ប៉ុណ្ណោះ ហើយ​ក្រុម​ជន​ជាតិចិន​ទាំងនោះ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមសង្គមងងឹត​ណាមួយ​នោះទេ​។

​សេចក្តីប្រកាស​របស់​ស្ថានទូត​ចិន​ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​នូវ​ខ្លី​ប​វិ​ដេ​អូ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ អំពី​ជនជាតិ​ចិន​មួយក្រុម បាន​ថ្លែង គំរាមកំហែង បង្ក​អសន្តិសុខ នៅ​ក្រុងព្រះសីហនុ​។

​បន្ទាប់ពី​ចេញ​វិ​ដេ​អូ​នោះ ប៉ូលិស​កម្ពុជា បាន​សហការ​ជាមួយ​ចិន បើក​ការស្រាវជ្រាវ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​។ ប៉ូលិស ប្រកាសថា ខ្លី​ប​វីដេអូ ដែល​បាន​បង្ហោះ​នោះ មិនមែនជា​វីដេអូ​ថ្មី​ទេ ហើយ​ជនជាតិ​ទាំងនោះ ក៏​ពុំមាន​វត្តមាន នៅក្នុង​ខេត្ត​ព្រះសីហនុ​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង