តើ​ភាគីពាក់ព័ន្ធ​ដែលមិន​គោរព​ ឬ​បំពាន​លើ​ដីកា​រក្សា​ការពារ​របស់​តុលាការ​….?

(​ភ្នំពេញ​)៖​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បានដឹង​ និង​ភាគច្រើន​ក៏មិន​បានដឹង​ថា​ កាលណា​មាន​ជម្លោះ​ក្នុង​ការ​ទាមទារ​កាន់កាប់​ទ្រព្យសម្បត្តិ​អចលនទ្រព្យ​ គឺ​ភាគី​មួយ​អាច​សុំ​ឲ្យ​តុលាការ​ចេញ​ «​ដីកា​រក្សា​ការពារ​»​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ភាគី​មួយ​ រំលោភសិទ្ធិ​ទៅ​លើ​ភាគី​មួយទៀត​ក្នុង​ការ​លក់ដូរ​ ឬ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ជា​អចលនទ្រព្យ​នោះ​ មុន​ពេល​ដែល​តុលាការ​សម្រេច​ដល់​អង្គសេចក្តី​។​

​ជាមួយ​គ្នា​នេះ​ ក៏​មាន​សាធារណៈជន​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ក៏​ដូច​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ្លះ​មិន​បានដឹង​ដែរ​ ពាក់ព័ន្ធ​នឹង​ថា​ បើ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​រួច​ហើយ​ តែ​ជន​នោះ​នៅ​តែ​ល្មើស​នឹង​ដីកា​(​មិន​គោរព​)​ដោយ​លួច​យក​ទ្រព្យសម្បត្តិ​លក់​ ឬ​បំពាន​បំផ្លាញ​ ឬ​លប់​បំបាត់ដាន​ ឬ​ធ្វើ​ឲ្យ​ខូច​នូវ​ទ្រង់ទ្រាយ​ដើម​នៃ​ទ្រព្យសម្បត្តិ​នោះ​ តើ​ច្បាប់​ត្រូវ​អនុវត្ដ​លើ​ជន​នោះ​ដូច​ម្តេច​?

​ករណី​ខាងលើ​នេះ​ បើ​ពិនិត្យ​មើល​លើ​មាត្រា​មួយ​ចំនួន​ ក្នុង​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​ជំពូក​ទី​១​ ផ្នែក​ទី​២​ ស្តី​ពី​ «​ការ​ប៉ះពាល់​ដល់​សេចក្តីសម្រេច​របស់​តុលាការ​ ចាប់ពី​មាត្រា​៥២០​ ដល់​៥២៤​ ដែល​មាន​ខ្លឹមសារ​ និង​អត្ថន័យ​ដូច្នេះ​ថា​៖

​មាត្រា​ ៥២០៖​ បទ​បដិសេធ​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ បាន​ចែង​ដូច្នេះ​ថា​ «​អំពើ​អ្នករាជការ​សាធារណៈ​ ក្នុង​មុខការ​របស់​ខ្លួន​ដែល​មិន​ព្រម​អនុវត្ត​សាលក្រម​ សាលដីកា​ ឬ​រាល់​បញ្ជា​របស់​អាជ្ញាធរ​តុលាការ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០២​ឆ្នាំ​ ទៅ​០៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​០៤​លាន​រៀល​ ដល់​១០​លាន​រៀល​»​។​

​មាត្រា​៥២១៖​ បទ​ផ្តល់​ដោយ​ខុសច្បាប់​នូវ​បញ្ជា​ឲ្យ​ឃុំខ្លួន​ឬ​ដោះ​លែង​ បាន​ចែង​ដូច្នេះ​ថា​ «​អំពើ​របស់​អ្នករាជការ​សាធារណៈ​ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត​ ដែល​ទោះបី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ចេញ​បញ្ជា​ដោយ​ខុសច្បាប់​ ឲ្យ​ឃុំ​ឬ​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០២​ឆ្នាំ​ ទៅ​០៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ០៤​លាន​រៀល​ ដល់​១០​លាន​រៀល​»​។​

​មាត្រា​៥២២៖​ បទ​ផ្សព្វផ្សាយ​នូវ​ការ​ អត្ថាធិប្បាយ​ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​ បាន​ចែង​ដូច្នេះ​ថា​ «​ការ​ផ្សព្វផ្សាយ​មុន​សេចក្តីសម្រេច​ជា​ស្ថាពរ​របស់​តុលាការ​នូវ​អត្ថាធិប្បាយ​ដោយ​មាន​គោលដៅ​ធ្វើការ​គាបសង្កត់​ទៅ​លើ​តុលាការ​ដែល​ទទួល​បណ្តឹង​ ដើម្បី​ជះ​ឥទ្ធិពល​លើ​សេចក្តីសម្រេច​របស់​ តុលាការ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ខែ​ទៅ​០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ០១​សែន​រៀល​ទៅ​០១​លាន​រៀល​»​។​

​មាត្រា​៥២៣៖​ បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ​ បាន​ចែង​ដូច្នេះ​ថា​ «​អំពើ​រិះគន់​លិខិត​ ឬ​សេចក្តីសម្រេច​ របស់​តុលាការ​ក្នុង​គោលដៅ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​ ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ខែ​ ទៅ​០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ០១​សែន​រៀល​ទៅ​០១​លាន​រៀល​។​ អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ត្រូវ​ផ្តន្ទាទោស​ដូច​គា្ន​និង​ទោស​ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី​១​ខាងលើ​»​។​

​មាត្រា​៥២៤៖​ បទ​ប្តឹង​បរិហារ​ដោយ​ភូត​កុហក​ដល់​អាជ្ញាធរ​តុលាការ​ បាន​ចែង​ដូច្នេះ​ថា​ «​អំពើ​ដែល​ប្តឹង​បរិហារ​ដោយ​ភូត​កុហក​ដល់​អាជ្ញាធរ​តុលាការ​ ឬ​អាជ្ញាធរ​រដ្ឋបាល​នូវ​អំពើ​ជា​បទល្មើស​ កាលបើ​ការ​ប្តឹង​បរិហារ​នេះ​នាំ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ឥតប្រយោជន៍​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ខែ​ទៅ​០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​០១​សែន​រៀល​ ទៅ​០១​លាន​រៀល​»​។​

​ដូច្នេះ​ជនល្មើស​នឹង​ដីកា​ ដោយ​លួច​ទ្រព្យសម្បត្តិ​ដែល​តុលាការ​បាន​ហាមឃាត់​លក់ដូរ​ ឬ​ធ្វើ​ឲ្យ​បាត់​នូវ​ទ្រង់ទ្រាយ​ដើម​ ដែល​បាន​កំណត់​ក្នុង​ដីកា​រក្សា​ការពារ​ មាន​ន័យ​ថា​ល្មើស​នឹង​កថាខណ្ឌ​ទី​២​ ក្នុង​មាត្រា​៥២៣​ នៃ​ក្រមព្រហ្មទណ្ឌ​ ពី​បទ​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​។​

​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​មិន​អនុវត្ត​ និង​មិន​គោរព​តាម​អត្ថន័យ​នៃ​ ដីកា​រក្សា​ការពារ​ ក៏​មានទោស​តាម​ មាត្រា​៥២០​ ដែរ​ ពី​បទ​បដិសេធ​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ ឬ​មានទោស​តាម​មាត្រា​២៩​ ពី​ បទ​សមគំនិត​ នឹង​ត្រូវ​ទទួលទោស​ដូច​ចារី​ដែរ​។​

​សូម​រំឭក​ថា​ ដីកា​រក្សា​ការពារ​ មិនមែន​ជា​សេចក្តីសម្រេច​ស្ថាពរ​របស់​តុលាការ​ឡើយ​ និង​គ្មាន​អានុភាព​អនុវត្ត​ដោយ​បង្ខំ​លើ​ទ្រព្យសម្បត្តិ​ ឬ​ទំនាក់ទំនង​សិទ្ធិ​បុគ្គល​ ដូច​សេចក្តីសម្រេច​អង្គសេចក្តី​ឡើយ​។​ដីកា​រក្សា​ការពារ​ គ្រាន់តែ​ជា​វិធានការ​ហាមឃាត់​ ទប់ស្កាត់​ ឬ​រឹបអូស​នូវ​ទ្រព្យសម្បត្តិ​ ឬ​ទំនាក់ទំនង​សិទ្ធិ​បុគ្គល​ជា​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ការ​កំណត់​ទោស​ និង​ទណ្ឌកម្ម​ឡើយ​។​

​ដូច្នេះ​ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​ មិន​បាន​ប្រព្រឹត្ត​អំពើ​ ឬ​សកម្មភាព​អ្វី​រារាំង​ដល់​ការ​អនុវត្ត​ដីកា​រក្សា​ការពារ​ទេ​ ច្បាប់​ក៏​មិន​មាន​កំណត់​ ពី​វិធានការ​ ឬ​ការ​ដាក់ទោស​អ្វី​នោះ​ដែរ​។​ ឯ​ដីកា​រក្សា​ការពារ​នៅ​តែ​មាន​ប្រសិទ្ធភាព​អនុវត្ត​ជា​ធម្មតា​រហូត​ដល់​សំណុំ​ រឿង​អង្គសេចក្តី​ត្រូវ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​។​ ដោយឡែក​ កូនបំណុល​ និង​ម្ចាស់បំណុល​ ដែល​ត្រូវ​អនុវត្ត​ដោយ​បង្ខំ​លើ​ទ្រព្យសម្បត្តិ​ និង​ទំនាក់ទំនង​សិទ្ធិ​ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​សាលក្រម​ ឬ​សាលដីកា​អង្គសេចក្តី​របស់​តុលាការ​ដែល​បាន​សម្រេច​ជា​ស្ថាពរ​តាម​ច្បាប់​។​ ដូច្នេះ​ បើ​ជន​នោះ​មិន​ព្រម​គោរព​ ត្រូវ​បង្គាប់​ឲ្យ​អាជ្ញាធរ​សាធារណៈ​ចាត់វិធានការ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង