វិភាគៈ លោក ដូណាល់ ត្រាំ នឹងជួបលោក មូន ជេអ៊ីន និយាយគ្នាពីនុយក្លេអ៊ែរកូរ៉េខាងជើង

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ។

លោកស្រី សារ៉ា ហាគ័រប៊ី ស៊ែនឌ័រ (Sarah Kuckabee Sanders) អ្នកនាំពាក្យសេតវិមា នអាមេរិក បាននិយាយថា លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំ ជី២០ (G20) ក្នុងប្រទេសនេះ នៅថ្ងៃទី២៨ និង២៩ខែមិថុនា ឆ្នាំ២០១៩នេះ ។

ឆ្លៀតពេលនៃដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីនេះ លោក ដូណាល់ ត្រាំ នឹងឈៀងចូលកូរ៉េខាងត្បូងបន្តទៀត ដើម្បីជួបពិភាក្សាមួយលោក មូន ជេអ៊ីន ដោយផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលនៅគាំងស្តូកមិនដំណើរការទៅមុខ ។

ទាំងលោក ត្រាំ ទាំងលោក មូន ជេអ៊ីន មានបំណងចង់បានកិច្ចព្រមព្រៀងរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងដូចគ្នា ដែលបំណងនេះហើយបានរុញច្រានអោយមេដឹកនាំទាំងពីរ ជួបពិភាក្សាគ្នាជាញឹកញាប់ក្នុងការស្វែងរកដំណើរក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ។

លោក ត្រាំ មានគម្រោងជួបលោក មូន ជេអ៊ីននេះ ក៏ត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាងជើងកំពុងរៀបចំខ្លួនក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនៅពេលដ៏ខ្លីខាងមុខនេះ ។

សមយុទ្ធយោធាទ្រង់ទ្រាយធំដោយបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង នឹងត្រូវធ្វើឡើងទៅតាមការចង្អុលបង្ហាញរបស់ លោក គីម ជុងអ៊ុន អោយកងកម្លាំងយោធារបស់ខ្លួនពង្រឹងសមត្ថភាពបន្ថែមទៀត ។

លោក គីម ជុងអ៊ុន លើកឡើងថា មានតែកងទ័ពកូរ៉េខាងជើងខ្លួនឯងទេ ដែលជាអ្នកការពារសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ និងអាចទប់ស្កាត់បាននូវការប៉ុនប៉ងឈ្លានពានចូលក្នុងប្រទេសនេះពីសំណាក់ប្រទេសណាមួយនៅពេលខាងមុខ ។

ពាក់ព័ន្ធសំណុំរឿងនុយក្លេអ៊េរកូរ៉េខាងជើងនេះ អ្នកជំនាញខាងកិច្ចការអន្តរជាតិជាច្រើនមើលឃើញថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើងនោះទេ ។

មិនអាចសម្រេចបានកិច្ចព្រមព្រៀង គឺដោយសារតែមេដឹកនាំទាំងពីរមានជំហរផ្ទុយគ្នាស្រឡះក្នុងដំណើរការនៃការរំសាយនុយក្លេអ៊ែរនេះ ដោយអាមេរិកចង់អោយកូរ៉េខាងជើងរំសាយនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន ទើបអាមេរិកផ្តល់សម្បទានជាក្រោយ ។

ចំណែកកូរ៉េខាងជើងមានជំហរផ្ទុយពីនេះ ដោយលោក គីម ជុងអ៊ុន ចង់អោយអាមេរិកផ្តល់សម្បទានដល់ខ្លួនជាដំណាក់កាល ស្របពេលដែលកូរ៉េខាងជើងក៏រំសាយកម្មវិធីនុយក្លេអ៊េរ និងបច្ចេកវិទ្យាមីស៊ីលជាដំណាក់កាលដែរ ។

មូលហេតុដែលអាមេរិក មិនព្រមផ្តល់សម្បទានជាដំណាក់កាលអោយស្របទៅតាមសកម្មភាពរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង គឺដោយសារអាមេរិកយល់ថា ការផ្តល់សម្បទានដោយបន្ធូរបន្ថយទណ្ឌកម្ម គឺអាចធ្វើអោយកូរ៉េខាងជើងមានកម្លាំងកាន់តែខ្លាំង ។

លោក ចន បូលតុន (John Bolton) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ការផ្តល់សម្បទានដោយដកទណ្ឌកម្មចេញពីកូរ៉េខាងជើង គឺប្រៀបដូចជាលែងខ្លាអោយចេញពីទ្រុងដែរ ទោះបីជាធ្វើជាដំណាក់កាលក៏ដោយ ។

ចំណែកកូរ៉េខាងជើងបានឆ្លើយតបវិញថា កូរ៉េខាងជើងនឹងមិនរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុងមុនទេ ដែលអាមេរិកអាចនឹងមិនអោយអ្វីបន្តិចបន្តួចដល់កូរ៉េខាងជើង ក្រោយពេលដែលប្រទេសនេះបានរំសាយកម្មវិធីនុយក្លេអ៊ែរអស់ហើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង