វិភាគៈ អង់គ្លេសនិងអាមេរិក មានយោបល់ផ្ទុយគ្នាលើសំណុំរឿងអ៊ីរ៉ង់

អ្នកជំនាញខាងសន្តិសុខរបស់ចក្រភពអង់គ្លេស និងអ្នកជំនាញរបស់សហរដ្ឋអាមេរិក បានបង្ហាញយោបល់ផ្ទុយគ្នាលើសំណុំរឿងអ៊ីរ៉ង់ និងនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលសីតុណ្ហភាពនៃភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងកើនឡើងស្ទើរតែផ្ទុះធ្លាយទៅហើយ ។

លោក គ្រីស ហ្គីកា (Chris Ghika) បាននិយាយថា ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា និងនៅប្រទេសអ៊ីរ៉ង់ គ្មានអ្វីគួរអោយព្រួយបារម្ភទេ គឺស្ថានភាពសន្តិសុខស្ថិតនៅធម្មតា ទោះបីជាអ៊ីរ៉ង់ និងអាមេរិក មានសង្គ្រាមពាក្យសម្តីជាមួយគ្នាក៏ដោយ ។

លោក គ្រីស ហ្គីកា បានបន្ថែមថា មេដឹកនាំរបស់សហរដ្ឋអាមេរិកជាអ្នកបង្កអោយមានភាពតានតឹងជាមួយអ៊ីរ៉ង់ ហើយចុងក្រោយ មេដឹកនាំអាមេរិកខ្លួនឯងជាអ្នកភ័យស្លន់ស្លោពីការវាយប្រហារពីអ៊ីរ៉ង់ទៅវិញ ដែលតាមពិត ស្ថានភាពសន្តិសុខគឺមិនមានអ្វីប្រែប្រួលទេ ។

សូមបញ្ជាក់ជូនថា លោក គ្រីស ហ្គីកា គឺជាមេបញ្ជាការកងទ័ពអង់គ្លេស ជាអ្នកនាំពាក្យរង និងជាអ្នកទទួលបន្ទុកកិច្ចការយុទ្ធសាស្ត្រ និងព័ត៌មាននៃកងទ័ពសម្ព័ន្ធមិត្តអន្តរជាតិប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅតំបន់មជ្ឈិមបូព៌ា ។

ចំណែកលោក ប៊ីល យូបាន (Bill Urban) អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានបង្ហាញយោបល់ផ្ទុយពីលោក គ្រីស ហ្គីកា ទៅវិញ ដោយអ្នកនាំពាក្យរូបនេះបាននិយាយថា សម្តីរបស់លោក គ្រីស ហ្គីកា គឺផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែង ។

លោក ប៊ីល យូបាន បានបន្ថែមថា ក្រុមស៊ើបការណ៍សម្ងាត់អាមេរិកបានផ្តល់ព័ត៌មានច្បាស់ណាស់ ពីការគម្រាមកំហែងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ាពីសំណាក់អ៊ីរ៉ង់ និងបក្សពួក ហើយអ៊ីរ៉ង់ក៏កំពុងបង្កើតគម្រោងបំផ្លាញផលប្រយោជន៍អាមេរិកផងដែរ ។

លោក ប៊ីល យូបាន បានលើកយកវិច្ឆេទកម្មចំនួនពីរលើកនៅតំបន់មជ្ឈិមបូព៌ា គឺវិច្ឆេទកម្មលើនាវាដឹកប្រេង និងការវាយប្រហារលើទីតាំងបូមប្រេងរបស់របស់ប្រទេសអារ៉ាប៊ី សាអូឌីត នៅប្រទេសអ៊ីរ៉ាក់ជាឧទាហរណ៍ ។

រហូតមកដល់ពាក់កណ្តាលខែឧសភាឆ្នាំ២០១៩នេះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងកាន់តែខ្លាំង ដែលភាគីទាំងពីរអាចឈានដល់ការប៉ះទង្គិចគ្នាខាងសព្វាវុធនៅពេលខាងមុខ ប្រសិនបើមិនមានដំណោះស្រាយបន្ធូរបន្ថយភាពតានតឹង ។

រឿងមួយទៀតដែលនាំអោយមានភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ គឺដោយសារអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង នាវាប្រយុទ្ធ យន្តហោះទម្លាក់គ្រាបបែក និងមីស៊ីល ប៉ាទ្រីយ៉ូត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីវាយប្រហារអ៊ីរ៉ង់ ។

ចំណែកមេដឹកនាំកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគម្រាមថា កងកម្លាំងយោធាអ៊ីរ៉ង់នឹងបាញ់បំបែកក្បាលកងទ័ពអាមេរិកនៅតំបន់ឈូងសមុទ្រ ប្រសិនបើកងទ័ពអាមេរិកហ៊ានប៉ះពាល់ផលប្រយោជន៍អ៊ីរ៉ង់នៅពេលខាងមុខ ។

ទន្ទឹមនឹងក្តីបារម្ភនេះដែរ កាលពីថ្ងៃពុធ ទី១៥ ខែឧសភានេះ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសដកអ្នកការទូត និងបុគ្គលិកយោធារបស់ខ្លួនមួយចំនួនចេញពីប្រទេសអ៊ីរ៉ាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើង ។

ស្របពេលជាមួយគ្នានោះតែ មេដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ ក៏បានសម្រេចដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ផងដែរ ក្នុងបំណងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ។

ដោយឡែកខាងប្រទេសបារាំងវិញ មិនខ្លាចញញើតដូចអាមេរិក អាល្លឺម៉ង់ និងហូឡង់ ទេ គឺមេដឹកនាំរបស់ប្រទេសនេះ នៅតែរក្សាវត្តមានកងទ័ពប្រមាណ៣០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ដដែល ដោយមិនដកចេញនោះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង