ព្រះមហាក្សត្រ យាង​និវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​១៦​ឧសភា​នេះ​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​មាតុភូមិនិវត្តន៍ មកដល់​កម្ពុជា​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។ ព្រះអង្គ បាន​យាង​បំពេញ​ព្រះរាជ​បេសកកម្ម ក្នុង​វេទិកា​អរិយធម៌​អាស៊ី លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង សាធារណៈរដ្ឋ ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។​

​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​មកដល់រ​បស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​រសៀល​​ថ្ងៃទី​១៦ ខែឧសភា​នេះ រួមមាន​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច​ហេង​សំរិន ប្រធាន​រដ្ឋសភា សម្តេច​សាយឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ​កំពូល មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស មន្ត្រី​ព្រះបរមរាជវាំង និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។​

​នៅក្នុង​វេទិកា​អរិយធម៌​អាស៊ី លើក​ទី​១ ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ បាន​យាង​ថ្លែង​ព្រះរាជ​សន្ទរកថា ផងដែរ​។​

​នៅ​ទីក្រុង​ប៉េកាំង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ ចូលជួប​សវនាការ​ជាមួយ​ឯកឧត្តម ស៊ី ជិន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​វិមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង​។​

​ជាការ​គួរអោយភ្ញាក់ផ្អើល បន្ទាប់ពី​កិច្ចប្រជុំ លោក​ប្រធានាធិបតី​ចិន ស៊ី​ស៊ិន​ពីង និង​ភរិយា បានរៀបចំ​ព្រះ​ពិធី​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ នៅក្នុង​ពិធីជប់លៀង​ភ្ញៀវ​ជាន់ខ្ពស់​អន្តរជាតិ ក្នុង​វិមាន​សភា​ប្រជាជន​ចិន Great Hall of the People​។​

​សូមបញ្ជាក់ថា វេទិកា ស្តីពី អរិយធម៌​អាស៊ី ត្រូវបាន​ផ្តួចផ្តើម​រៀបចំឡើង ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​រវាង​យុវជន​វ័យក្មេង សង្គម​ស៊ីវិល តំបន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​បង្កើត​បណ្តាញ​នៃ​ការផ្លាស់ប្តូរ​ការគិត និង​កិច្ចសហប្រតិបត្តិការ​។ ជាពិសេស លោក​ប្រធានាធិបតី​ចិន ចង់​ឲ្យ​វេទិកា​អរិយធម៌​អាស៊ី ធ្វើឱ្យ​ប្រជាជន​អាស៊ី អាច​សប្បាយរីករាយ​នឹងមាន​ស្មារតី កាន់តែ​រឹងមាំ​ខ្លាំងក្លា​បន្ថែមទៀត ព្រមទាំង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ក្នុង​តំបន់ កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​។​

​កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ ផ្តោតលើ​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌​អាស៊ី ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​និង​សហគមន៍​រួម​វាសនា​។ គោលបំណង​សំខាន់ គឺ​ឆ្ពោះទៅមុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី​និង​ពិភពលោក បង្កើតជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ការអភិវឌ្ឍ​ទៅវិញទៅមក បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក រួម​កម្លាំង​គ្នា​ដោយមាន​ការយោគយល់​គ្នា ក្នុងការ​អភិវឌ្ឍ​តំបន់​អាស៊ី ជំរុញឱ្យមាន​ភាពរឹងមាំ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី​និង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​៕​

    

អត្ថបទដែលជាប់ទាក់ទង