ក្រុមយុវជននឹងបង្ហាញពីគុណតម្លៃរបស់ទន្លេមេគង្គ ​ក្រោយធ្វើដំណើរផ្សងព្រេង​តាមដងទន្លេជាង​១ឆ្នាំ​

(ភ្នំពេញ)៖ ក្រុមមេគង្គយុវទូត នឹងរៀបចំនូវកម្មវិធី “ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត” ដើម្បីបង្ហាញពីគុណតម្លៃ​​របស់ទន្លេមេគង្គតាមរយៈការសម្ដែងសិល្បៈ និងការចែករំលែកពីរឿងរ៉ាវដែលមេគង្គយុវទូតបានខិតខំប្រឹងប្រែងធ្វើអស់រយៈពេល១៤ខែ។

មេគង្គយុវទូត ជាក្រុមយុវជនមកពីបណ្ដាសាលាផ្សេងៗនៅទីក្រុងភ្នំពេញ ហើយចាប់អារម្មណ៍ពីគម្រោងទន្លេមេគង្គ​ ដែលរៀបចំដោយអេកូយុវទូតក្រោមការជួយគាំទ្រដោយ ជំនួយពីពលរដ្ឋអាមេរិច(USAID) និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong)។ មេគង្គយុវទូត បានឆ្លងកាត់ការជ្រើសរើស ហើយទទួលបានវគ្គបណ្ដុះបណ្ដាល ដំណើរទស្សនកិច្ចសិក្សាតាមដងទន្លេមេគង្គ ការរៀបចំផ្សព្វផ្សាយតាមកម្មវិធីសាធារណៈ និងការធ្វើគម្រោងច្នៃប្រឌិតថ្មី ដើម្បីជាមធ្យោបាយក្នុងការអប់រំផ្សព្វផ្សាយបន្ដ។

រយៈពេល១៤ខែកន្លងមក មេគង្គយុវទូតបានខិតខំប្រឹងប្រែងធ្វើការលើសកម្មភាពអភិរក្ស និងលើកស្ទួយការយល់ដឹងពីទន្លេមេគង្គនៅកម្ពុជាដោយធ្វើគម្រោងចំនួន ៧រួមមាន គម្រោងសរសេរសៀវភៅរឿងនិទានខ្លី គម្រោង​​ធ្វើវីដេអូបម្លាស់ទីត្រី គម្រោងរូបសំណាក់មាតាមេគង្គ គម្រោងបទចម្រៀងទន្លេមេគង្គ គម្រោងអេកូទេសចរណ៍ គម្រោងសិល្បៈករនៃទន្លេមេគង្គ និងគម្រោងសម្ភារៈអប់រំពីទន្លេមេគង្គ។

គោលបំណងនៃកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត គឺដើម្បីផ្សព្វផ្សាយពីស្នាដៃរបស់មេគង្គយុវទូត ព្រមទាំងផ្សព្វផ្សាយពីសារវិជ្ជមានរបស់ទន្លេមេគង្គ ក្នុងន័យបង្កើនការយល់ដឹង និងរំលឹកដឹងគុណទៅដល់ទន្លេដែលបានផ្ដល់ប្រយោជន៍ឲ្យយើងទាំងអស់គ្នា ហើយក៏ចង់ឲ្យប្រជាជនខ្មែរបានចូលរួមកាន់តែច្រើនក្នុងកិច្ចការពារ និងអភិរក្សទន្លេឲ្យមាននិរន្ដភាព។

កម្មវិធីនេះនឹងប្រារព្ធទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង១រសៀល រហូតដល់ ម៉ោង៦កន្លះល្ងាច។ តាមគម្រោង កម្មវិធីនឹងមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន៥ ដូចជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល ព្រមទាំងអង្គការអភិរក្សជាដៃគូ និងស្ថាប័នពាក់ព័ន្ធផ្នែកបរិស្ថានពិសេសទៅលើទន្លេមេគង្គផ្ទាល់ផងដែ៕

 

អត្ថបទដែលជាប់ទាក់ទង