មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ​ បន្ត​ត្រួតពិនិត្យ​ ពី​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ផ្សារ​អង្គរ​បូ​រី​ ជាប់​ព្រំដែន​វៀតណាម​

 

(​តាកែវ​)៖​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​ បាន​បន្ត​ចុះ​អប់រំ​ណែនាំ​ និង​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ ចំណីអាហារ​ ទៅ​ដល់​ក្រុម​អាជីវករ​ នៅ​ផ្សារ​អង្គរ​បូ​រី​ ស្ថិត​នៅ​ស្រុក​អង្គរ​បូ​រី​ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ដោយ​ផ្តោត​សំខាន់​លើ​ដាក់​លក់ទំនិញ​ប្រកបដោយ​គុណភាព​ មាន​អនាម័យ​ល្អ​ត្រឹមត្រូវ​ និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម​។​

​ក្រុមការងារ​សាខា​កាំកុងត្រូល​ខេត្ត​ ដឹកនាំ​ដោយ​លោក​ ប៉ោ​ លាង​គង់​ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ត្រួតពិនិត្យ​ទំនិញ​ដាក់​លក់​នៅ​ទីផ្សារ​អង្គរ​បូ​រី​ ដោយ​លោក​អះអាង​ថា​ ការ​ត្រួតពិនិត្យ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ក្រុម​អាជីវករ​ភាគច្រើន​ ហើយ​ពួក​គាត់​ក៏​បាន​យល់​ដឹង​កាន់តែ​ច្រើន​ អំពី​សុវត្ថិភាព​ចំណីអាហារ​ ដោយ​ដាក់​លក់ទំនិញ​ និង​ចំណីអាហារ​ដែល​មាន​អនាម័យ​ត្រឹមត្រូវ​ ។​

​លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​បាន​ពិនិត្យ​ទៅ​លើ​ទំនិញ​ជា​គ្រឿង​កំប៉ុង​ និង​ធ្វើ​ត្តេស៍​បឋម​ទៅ​លើ​បន្លែ​ជា​ច្រើន​មុខ​ នឹង​គ្រឿង​សមុទ្រ​ ក៏​ដូច​ជា​បង្អែម​លត​ និង​គុណ​ទាវ​បាញ់​កាញ់​ ពេញ​មួយ​ព្រឹក​ ឃើញ​ថា​មាន​សភាព​ល្អ​ត្រឹមត្រូវ​ច្រើន​ ពោល​គឺ​ក្រុម​អាជីវករ​ ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​អំពី​សុវត្ថិភាព​ និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និង​តាម​រយៈ​ការ​ចុះ​មក​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ​ ក៏​ដូច​ជា​ការ​អប់រំ​ណែនាំ​បន្ថែម​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​។​

​ប្រធាន​សាខា​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ សុវត្ថិភាព​ចំណីអាហារ​នេះ​ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​ទូទៅ​ ព្រោះ​បើកាលណា​ក្រុម​អាជីវករ​ លក់ទំនិញ​ និង​ចំណីអាហារ​ដែល​មាន​អនាម័យ​ល្អ​ត្រឹមត្រូវ​ និង​គ្មាន​សារធាតុ​គីមី​ វា​នឹង​ឲ្យ​មាន​សុខភាព​ល្អ​រឹង​មាំ​ ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​។​ «​ដូច្នោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ​ ក្នុង​នាម​យើង​ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល​ គឺ​នៅ​តែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​លើ​ទីផ្សារ​ជាប់​ជា​ប្រចាំ​ ពោល​ គឺ​មិន​ឲ្យ​ទីផ្សារ​របស់​យើង​ពោរពេញ​ទៅ​ដោយ​អាហារ​គីមី​ និង​ទំនិញ​មិន​មានគុណ​ភាព​នោះ​ទេ​។​

«​បើ​តាម​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ ការ​យល់​ដឹង​ច្រើន​របស់​បងប្អូន​អាជីវករ​ចំពោះ​សុវត្ថិភាព​ចំណីអាហារ​ វា​នឹង​នាំ​ឲ្យ​ទីផ្សារ​របស់​យើង​ ក្លាយជា​ទីផ្សារ​ដែល​មាន​សុវត្ថិភាព​ មាន​អនាម័យ​ និង​គ្មាន​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​»​។​

​សាធារណៈជន​ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​ គាំទ្រ​នូវ​កិច្ច​ប្រតិបត្តិការ​របស់​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ ដែល​បាន​ចំណាយ​ពេលវេលា​ មក​ពិនិត្យ​អនាម័យ​ និង​សារធាតុ​គីមី​ក្នុង​ចំណីអាហារ​ជាដើម​ តែ​សាធារណៈជន​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ពង្រឹង​ការ​លក់ដូរ​ក្នុង​ទីផ្សារ​ពី​សុវត្ថិភាព​ អនាម័យ​ ចំណីអាហារ​នោះ​ មិន​គ្រប់គ្រាន់​ទេ​ ពោល​ត្រូវ​ពង្រឹង​ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ និង​ហ្មត់ចត់​ ចំពោះ​ការ​នាំ​ចូល​នូវ​ចំណីអាហារ​ ផ្ទុក​សារជាតិ​គីមី​ ចំណីអាហារ​ខូចគុណភាព​ជាដើម​ មក​ពី​បរទេស​ ពិសេស​ពី​ប្រទេស​វៀតណាម​តែ​ម្តង​៕​ (SN-​ស្នា​)

អត្ថបទដែលជាប់ទាក់ទង