លោក​ អ៊ុំ​ រាត្រី​ ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​យក​គំរូ​ល្អៗ​របស់​គណៈ​អភិបាល​មុនៗ​ ដើម្បី​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​

 

(​បន្ទាយ​មាន​ជ័យ​)៖​ សម្រាប់​តំណែង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​ តើ​មាន​ភាព​ខុស​គ្នា​យ៉ាងដូចម្តេច​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្ត​ក្នុង​នាម​ជា​អភិបាល​ របស់​លោក​ សួន​ បវរ​ អតីត​អភិបាលខេត្ត​​ និងការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ថ្មី​​។​

​ថ្ងៃនេះ​ក្នុង​តំណែង​ថ្មី​ ជាអភិបាល​ខេត្តបន្ទាយមានជ័យ​ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ លោក​ អ៊ុំ​ រាត្រី​ បាន​ដាក់​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​៧​ចំណុច​សំខាន់ៗ​ ខណៈ​ដែល​អតីត​អភិបាលខេត្ត​ចាស់​ លោក​ សួន​ បវរ​ បាន​ប្តេជ្ញា​ចិត្តជា​រួម​ថា​ លោក​នឹង​ដឹកនាំ​ ខេត្តបន្ទាយមានជ័យ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​ ដោយ​អនុវត្ត​តាម​គោលនយោបាយ​ កែទម្រង់​ស៊ីជម្រៅ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ប្តេជ្ញា​សាម​គ្គឺ​ភាព​ផ្ទៃក្នុង​ឱ្យ​បាន​រឹង​មាំ​ និង​ខិតខំ​ទប់ស្កាត់​បាតុភាព​អសកម្ម​នានា​ ដែល​បង្ក​ឱ្យ​ប៉ះពាល់​សន្តិ​អារម្មណ៍​ និង​បង្ក​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ​មិន​ថា​ក្នុង​និង​ក្រៅ​មូលដ្ឋាន​។​

​ដោយឡែក​សម្រាប់​លោក​ អ៊ុំ​ រាត្រី​ ក្នុង​តំណែង​ជា​អភិបាលខេត្ត​ថ្មី​ នា​ព្រឹក​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ ក៏​បាន​រំឭក​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ជា​ថ្មី​ ក្នុង​តំណែង​ជា​អភិបាលខេត្ត​ ដោយ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ឲ្យ​បានជា​ដាច់ខាត​ ចូលរួម​ថែរក្សា​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​ច្បាប់​ ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ ខណ្ឌ​ ស្រុក​/​ក្រុង​ ខេត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ បំពេញភារកិច្ច​ និង​អនុ​ឡោម​តាន​គោលការណ៍​ លិខិត​បទដ្ឋាន​ ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួងមហាផ្ទៃ​ និង​រដ្ឋបាល​ខេត្ត​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​ល្អ​ប្រសើរ​ សាមគ្គីភាព​ ឯកភាព​ជាមួយ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ ដើម្បី​សម្រេច​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ជូន​ ខិតខំ​យក​គំរូ​ល្អៗ​របស់​គណៈ​អភិបាល​មុនៗ​ ដើម្បី​ដឹកនាំ​អភិវឌ្ឍន៍​ ខេត្ត​ឲ្យ​បាន​ល្អ​ថែម​ទៀត​។​

​ក្នុង​តំណែង​ជា​អភិបាលខេត្ត​ថ្មី​ លោក​ អ៊ុំ​ រាត្រី​ ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​៧​ចំណុចរួម​មាន​៖

១-​ ប្ដេជ្ញា​បង្កើន​ការ​ប្រមូលផ្ដុំ​កម្លាំង​សាមគ្គីភាព​ ឯកភាព​ផ្ទៃក្នុង​ នៅ​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​របស់​អង្គការ​ចាត់តាំង​គណបក្ស​ ឲ្យ​កាន់តែ​ខ្លាំងក្លា​ និង​រឹង​មាំ​ថែម​ទៀត​ ជា​ពិសេស​យុវជន​ និង​អ្នក​បន្តវេន​ ។​

២-​ប្ដេជ្ញា​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ ដើម្បី​ចាត់តាំង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សេចក្តី​សម្រេចចិត្ត​ សន្និបាត​បើក​ទូលាយ​គណៈកម្មាធិការ​កណ្តាល​លើក​ទី​ ៤១​ អាណិត្ត​ទី​ ៥​ ឲ្យ​ក្លាយជា​សកម្មភាព​ជាក់ស្ដែង​រស់​រវើក​ ធានា​បាន​ជោគជ័យ​ជូន​គណបក្ស​ ។​

៣-​ ប្ដេជ្ញា​ខិតខំ​បន្ត​ពង្រឹង​ ប្រៀប​ខ្លាំង​ ប្រៀប​ឈ្នះ​ ដោយ​សម្រេច​ឲ្យ​បាន​ជោគជ័យ​ គ្រប់​យុទ្ធសាស្ត្រ​តាម​ស​ន្ទ​ស្សន៍​ របស់​គណបក្ស​ខេត្ត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​ ៣​ ឆ្នាំ​២០១៩​ ។​

៤-​ ប្ដេជ្ញា​យក​អស់កម្លាំង​កាយ​ចិត្ត​ បញ្ញា​ស្មារតី​ សមត្ថភាព​ លទ្ធភាព​គ្រប់យ៉ាង​ សហការ​ជាមួយ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់​ សំដៅ​ពង្រឹង​ការងារ​គណៈបក្ស​ឲ្យ​រឹង​មាំ​ថែម​ទៀត​ ទាំង​ខាង​នយោបាយ​ សតិអារម្មណ៍​ និង​ចាត់តាំង​ ។​

៥-​ ប្ដេជ្ញា​បង្កើន​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​គណៈបក្ស​ លើ​ការងារ​ចាត់តាំង​ ការងារ​ឃោសនាអប់រំ​ ការងារ​ត្រួតពិនិត្យ​គណបក្ស​ ការងារ​ហិរញ្ញវត្ថុ​ និង​ការងារ​ចលនា​មហាជន​ ។​

៦-​ ប្ដេជ្ញា​ខិតខំ​ជម្រុញ​ និង​បង្កើន​កិច្ចសហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ ជាមួយ​រដ្ឋបាល​ដែនដី​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ក្នុង​ការ​ការពារ​ថែរក្សា​និង​ពង្រឹង​ជា​ប្រចាំ​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ដោយ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដើម្បី​ផ្ដល់​នូវ​ភាព​កក់ក្តៅ​ មាន​ទំនុកចិត្ត​ និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​

៧-​ ប្ដេជ្ញា​រួម​ជាមួយ​គណបក្ស​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ដើម្បី​ជម្រុញ​អនុវត្ត​ នូវ​អនុសាសន៍​ដ៏​ល្អ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍​ឧបនាយករដ្ឋមន្ត្រី​ សមាជិក​គណៈ​អចិន្ត្រៃយ៍​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​ដាច់ខាត​ ។​

​សូម​បញ្ជាក់​ថា​ ការ​ប្តេជ្ញា​ចិត្ត​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​លោក​ (​អ៊ុំ​ រាត្រី​)​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តបន្ទាយមានជ័យ​ ជំនួស​ឯកឧត្តម​ សួន​ បវរ​ ដែល​ត្រូវ​ទៅ​បំពេញភារៈកិច្ច​ថ្មី​ នៅ​ក្រសួងមហាផ្ទៃ​។​

​លោក​ អ៊ុំ​ រាត្រី​ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃ​សុក្រ​ ៧​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​ ជំនួស​អភិបាលខេត្ត​ចាស់​ លោក​ សួន​ បវរ​ ត្រូវ​បាន​ ព្រះករុណា​ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​ទៅ​បម្រើ​ការងារ​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​វិញ​។​

​សូម​រំឭក​ថា​កន្លង​មក​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសា​ន៍​ថា​ ការ​តែងតាំង​មុខ​តំណែង​អភិបាល​ខេត្តបន្ទាយមានជ័យថ្មី​ គឺ​ក្រសួងមហាផ្ទៃ​បាន​អនុវត្ត​តាម​គោលការណ៍​ជ្រើស​អ្នក​នៅ​ក្នុង​ខេត្ត​ដើម្បី​បន្តវេន​។​ ជាក់​សស្តែ​ង​កាលពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ លោក​ គោ​ ស៊ុំ​សា​រឿ​ត​ អតីត​អភិបាល​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​ផ្ទេ​ទៅ​កាន់​មុខងារ​ថ្មី​ ជា​រដ្ឋ​លេខា​ធ​ការ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដោយ​លោក​ សួន​ បវរ​ អភិបាលខេត្ត​រង​ ឡើងជា​អភិបាលខេត្ត​ បន្ទាយ​មាន​ជ័យ​ ហើយ​ពេល​នេះ​លោក​ សួន​ បវរ​ ក៏​ត្រូវ​បាន​ ផ្ទេ​ទៅ​កាន់​មុខងារ​ថ្មី​ នៅ​ក្រសួងមហាផ្ទៃ​វិញ​ ដោយ​លោក​ អ៊ុំ​ រាត្រី​ ក្នុង​មុខ​តំណែង​ អភិបាលខេត្ត​រង​ ឡើងជា​អភិបាលខេត្ត​វិញ​ដែរ​។​​

​សាធារណៈជន​ ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅ​ ពិសេស​ប្រ​ជា​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ផ្ទាល់​តែ​ម្តង​បាន​ដាក់​ក្តីសង្ឃឹម​ និង​ការ​ជឿជាក់​លើ​លោក​ អ៊ុំ​ រាត្រី​ ជា​អភិបាលខេត្ត​ថ្មី​នេះ​ នឹង​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​កសាង​ អភិវឌ្ឍន៍​ ខេត្តបន្ទាយមានជ័យ​ ឲ្យ​រីក​ចំរើន​ទៅ​មុខ​ យកចិត្តទុកដាក់​ក្នុង​ការ​បង្ការ​ បង្ក្រាប​ ទប់ស្កាត់​ បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ដែន​មូលដ្ឋាន​របស់​ខ្លួន​ ព្រមទាំង​យកចិត្តទុកដាក់​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ប្រឈម​មុខ​នូវ​រាល់​បញ្ហា​ផ្សេងៗ​ ពិសេស​ករណីវិវាទ​ដីធ្លី​ ​ការ​នាំ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់ ទំនិញខូចគុណភាព និងទំនិញមានផ្ទុកសារជាតិគីមី​ជាដើម​៕​ (SN-​ចេស្តា​)

អត្ថបទដែលជាប់ទាក់ទង