ថ្ងៃ​១៥​កើត​ ខែវិសាខ​ គឺជា​ទិវា​ប្រវត្ដិសាស្ដ្រ​ដ៏​សំខាន់​ដែល​ពុទ្ធសាសនិកជន​គ្រប់​ ​រូប​ទូ​ទាំង​ពិភពលោក​តែងតែ​ប្រារព្ធ​រំលឹក​ជា​រៀង​រាល់​ឆ្នាំ​

(​ភ្នំពេញ​)៖​ វិសាខបូជា​ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​គឺ​រំលឹក​ដល់​ថ្ងៃ​ខួបកំណើត​(​ខួប​ទី​២៦៤២)​ថ្ងៃ​ខួប​ត្រាស់​ដឹង​(២៦០៧)​និង​ខួប​ថ្ងៃ​ចូល​និ​ពា្វ​ន​(​ខួប​ទី​២៥៦២)​ របស់​ព្រះ​សមណគោតម​ដែល​ជា​ព្រះអរហន្ដ​សម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​។​

​អភិលក្ខិតសម័យ​ទាំង​បី​នេះ​កើតឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត​ ខែវិសាខ​តែ​មួយ​ ខុស​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ​។​ហើយ​ក៏​ជា​ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ​បាន​កំណត់​យក​វិសាខបូជា​ជា​ទិវា​អន្ដរជាតិ​ចាប់ពី​ថ្ងៃ​ទី​១៥​ខែធ្នូ​ ឆ្នាំ​១៩៩៩​ ដែល​ជា​ថ្ងៃ​ទទួលស្គាល់​ជាស​កល​ក្នុង​ការ​ចូលរួម​ចំណែក​របស់​ព្រះពុទ្ធ​សាសនា​ក្នុង​​ពិភពលោក​ជាង​ពីរ​ពាន់​ប្រាំ​រយ​ឆ្នាំ​ហើយ​កំពុង​បន្ដ​នូវ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​លើក​ស្ទួយ​ចិត្ដ​វិញ្ញាណ​របស់​មនុ​ស្រជាតិ​តទៅ​ទៀត​។​

​ក្នុងថ្ងៃនេះ​ដែរ​ប្រជា​ពុទ្ធសាសនិកជន​តែងតែ​ធ្វើ​ដំណើរ​ទៅ​វត្ដ​ណាមួយ​ដែល​​ខ្លួន​ពេញចិត្ដ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី​វិសាខបូជា​នេះ​។​

​សូម​ជម្រាប​ជូន​ថាៈ​កម្មវិធី​ឈ្វេងយល់​បុណ្យ​វិសាខបូជា​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​ចតុមុខ​នា​រសៀល​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៩​រៀបចំ​ដោយ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្កាឈូក​(​ភូមិ​គ្រឹះ​អប់រំ​ចិត្ដ​ផ្កាឈូក​)​។​ កម្មវិធី​ឈ្វេងយល់​បុ​ណ្រ​វិសាខបូជា​បាន​រៀបចំ​បាន​ចំនួន​៤​លើក​មក​ហើយ​នៅ​ខេត្ដព្រៃវែង​ ខេត្ដបាត់ដំបង​ ខេត្ដសៀមរាប​និង​រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​អៀង​សុធា​រ៉ា​អគ្គនាយក​ក្រុមហ៊ុន​ទាំង​១២​តំណាង​ពាណិជ្ជករ​និង​វិស័យ​ឯកជន​ថាៈ​ក្រុមហ៊ុន​ទាំងអស់​របស់​លោក​បាន​យក​អដ្ឋិ​ង្គិ​ក​មគ្គ​ទាំង​៨​និង​អរិ​យស​ច្ចះ​៤​ដែល​ជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង​នៅ​ក្នុង​ថ្ងៃ​១៥​កើត​ខែវិសាខ​មក​ធ្វើ​ជា​គោល​ការ​ណ៏​របស់​ក្រុមហ៊ុន​និង​បាន​កំពុង​អនុវត្ដ​ពាណិជ្ជកម្ម​របស់​ខ្លួន​សម​ស្រប​ទៅ​តាម​មគ្គ​ទាំង​៨​ជា​ពិសេស​អង្គ​សម្មាអាជីវៈ​គឺ​ការ​ចិញ្ចឹមជីវិត​ត្រូវ​និង​ដោះស្រាយ​បញ្ហា​នានា​ទៅ​តាម​អរិ​យស​ច្ចះ​៤​ដូចដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​បាន​សម្ដែង​ទុក​។​

​កម្មវិធី​ឈ្វេងយល់​បុណ្យ​វិសាខបូជា​ក៏​មានការ​និមន្ដ​ចូលរួម​បើក​កម្មវិធី​ដោយ​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី​ ឃឹម​ សន​ និង​វាគ្មិន​ដោយ​សម្ដេចព្រះ​ឧត្ដម​ចរិយា​បណ្ឌិត​ឈឹង​ ប៊ុ​ន​ឈា​ ព្រះ​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ​។​ ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​បណ្ឌិត​ ឃី​ សុវណ្ណ​រតនា​ ព្រះ​សកលវិទ្យា​​ធិ​ការ​រង​នៃ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​និង​ព្រះ​មុនី​កោសល​បណ្ឌិត​ យ៉​ន​ សេង​យៀ​ត​ និស្សិត​ថ្នាក់​ក្រោយ​បណ្ឌិត​ សាកលវិទ្យាល័យ​ HARVARD​ ៕


អត្ថបទដែលជាប់ទាក់ទង