នៅ​រសៀល​ថ្ងៃទី​១៦​ឧសភា​នេះ ព្រះករុណា ព្រះមហាក្សត្រ យាង​និវត្ត វិលត្រឡប់​មកពី​ចិន​វិញ​ហើយ​

(​ភ្នំពេញ​)៖ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក នៅ​រសៀល​ថ្ងៃទី​១៦​ឧសភា​នេះ ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​និវត្ត វិលត្រឡប់​មកពី​ចិន មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ​។ ថ្នាក់​ដឹក​នាំ​កំពូលៗ នឹង​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​របស់​ព្រះអង្គ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​​នេះ​។​

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ចាក​ចេញពី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ទៅ​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​នៅក្នុង​វេទិកា​អរិយធម៌​អាស៊ី លើក​ទី​១ ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ បាន​យាង​ថ្លែង​ព្រះរាជ​សន្ទរកថា ផងដែរ​។

​នៅ​ទីក្រុង​ប៉េកាំង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ ចូលជួប​សវនាការ​ជាមួយ​ឯកឧត្តម ស៊ី ជិន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​វិមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង​។

​ជាការ​គួរអោយភ្ញាក់ផ្អើល បន្ទាប់ពី​កិច្ចប្រជុំ លោក​ប្រធានាធិបតី​ចិន ស៊ី​ស៊ិន​ពីង និង​ភរិយា បានរៀបចំ​ព្រះ​ពិធី​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ នៅក្នុង​ពិធីជប់លៀង​ភ្ញៀវ​ជាន់ខ្ពស់​អន្តរជាតិ ក្នុង​វិមាន​សភា​ប្រជាជន​ចិន Great Hall of the People​។​

​សូមបញ្ជាក់ថា វេទិកា ស្តីពី អរិយធម៌​អាស៊ី ត្រូវបាន​ផ្តួចផ្តើម​រៀបចំឡើង ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​រវាង​យុវជន​វ័យក្មេង សង្គម​ស៊ីវិល តំបន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​បង្កើត​បណ្តាញ​នៃ​ការផ្លាស់ប្តូរ​ការគិត និង​កិច្ចសហប្រតិបត្តិការ​។ ជាពិសេស លោក​ប្រធានាធិបតី​ចិន ចង់​ឲ្យ​វេទិកា​អរិយធម៌​អាស៊ី ធ្វើឱ្យ​ប្រជាជន​អាស៊ី អាច​សប្បាយរីករាយ​នឹងមាន​ស្មារតី កាន់តែ​រឹងមាំ​ខ្លាំងក្លា​បន្ថែមទៀត ព្រមទាំង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ក្នុង​តំបន់ កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​។​

​កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ ផ្តោតលើ​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌​អាស៊ី ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​និង​សហគមន៍​រួម​វាសនា​។ គោលបំណង​សំខាន់ គឺ​ឆ្ពោះទៅមុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី​និង​ពិភពលោក បង្កើតជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ការអភិវឌ្ឍ​ទៅវិញទៅមក បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​ និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញទៅមក រួម​កម្លាំង​គ្នា​ដោយមាន​ការយោគយល់​គ្នា ក្នុងការ​អភិវឌ្ឍ​តំបន់​អាស៊ី ជំរុញឱ្យមាន​ភាព​រឹងមាំ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី​និង​សហគមន៍​រួម​វាសនា​​របស់​មនុស្សជាតិ​៕​

 

អត្ថបទដែលជាប់ទាក់ទង