សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៤ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ១៦ ឧសភា ឆ្នាំ​១៩៤៥-១៦ ឧសភា ២០១៩

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៤ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ១៦ ឧសភា ឆ្នាំ​១៩៤៥-១៦ ឧសភា ២០១៩​។ ពិធី​នេះ បាន​ប្រារព្ធ​ឡើង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ Swiftnews បាន​ផ្សាយ​បន្ត​ផ្ទា​ល់ពី​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៤ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ១៦ ឧសភា ឆ្នាំ​១៩៤៥-១៦ ឧសភា ២០១៩​។​

​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា លើក​ទី​៧៤ (១៦.​ឧសភា​.១៩៤៥-១៦.​ឧសភា​.២០១៩) នៅ​ថ្ងៃទី​១៦​ឧសភា​នេះ គឺ​ដើម្បី​រំលឹក​នូវ​គុណូបការៈ​របស់​អតីត​នគរបាល​ជំនាន់​មុន និង​ក៏​ជាការ​បង្ហាញ​នូវ​វីរៈភាព​របស់​នគរបាល​ជំនាន់​មុន ប្រាប់​ដល់​នគរបាល​ជំនាន់​ក្រោយ​។

​ថ្ងៃទី​១៦ ឧសភា គឺជា​ទិវា នៃ​ការចងចាំ​ជា​ប្រវត្តិសាស្ត្រ​របស់​អង្គ​ប្រតិបត្តិ​ច្បាប់ ដែល​បាន​ចាប់បដិសន្ធិ​ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មន្ត្រី​នគរបាលជាតិ រួមទាំង​ថ្នាក់ដឹកនាំ​ពី ជំនាន់​មុន និង​ជំនាន់​បច្ចុប្បន្ន បាន​ចូលរួម​ពលិកម្ម​គ្រប់បែបយ៉ាង​ក្នុង​បុព្វហេតុ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រួម​សហការគ្នា​ទប់ស្កាត់​បាន​រាល់​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ នៃ​សកម្មភាព​បាតុកម្ម​-​កូដកម្ម ហើយ​បាន​បញ្ចៀស​នូវ​សកម្មភាព​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការពារ​ពិធីបុណ្យ​ជាតិ​-​អន្តរជាតិ ជាច្រើន​ប្រកបដោយ​សុវត្ថិភាព ជាពិសេស​ការពារ​បាន​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ និង​គណៈប្រតិភូ​អន្តរជាតិ​ផងដែរ​។

​ជាមួយគ្នានេះ កងកម្លាំង​នគរបាលជាតិ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ទប់ស្កាត់​នូវ​រាល់​ការប៉ុនប៉ង​បំផ្លាញ​លទ្ធផល​ការបោះឆ្នោត នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​ឆ្នាំ​២០១៨ របស់​ក្រុម​ចលនា​ខុសច្បាប់​ជាដើម​។

​ក្រៅពី​ជួយ​ការពារ និង​ថែរក្សា​សុវត្ថិភាព សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល កងកម្លាំង​នគរបាល​ទូទាំងប្រទេស ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង