រដ្ឋមន្ត្រី​ព័ត៌មាន លើកឡើង​ពី​ស្លាក “​ទីស្នាក់ការ​អន្តោប្រវេសន៍​” នៅ​ទំនប់រលក ក្រុងព្រះសីហនុ ដែល​នាំ​ឲ្យ​មានការ​បញ្ចេញយោបល់​ថា បកប្រែ​ខុស​!!!

(​ខេត្ត​ព្រះសីហនុ​)៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ស្លាក “​ទីស្នាក់ការ​អន្តោប្រវេសន៍​” នៅ​ទំនប់រលក ក្នុង​ក្រុងព្រះសីហនុ ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន លើកឡើងថា ប៉ូលិសអន្តោប្រវេសន៍ លើក​ស្លាក​នោះ ខុស ដោយ​បកប្រែ​ពី​ភាសា​អង់គ្លេស មិនត្រូវ ឬក៏​បក​តាមរបៀប Google Translate ដូច​ក្រុម​ជន​ជាតិចិន​មួយចំនួន ដែល​ប្រែភាសា​ចិន ហើយ​លើក​ស្លាក​ឈ្មោះ​ហាង នាំ​ឲ្យ​មាន​បញ្ហា​កន្លងមក​។ ប៉ុន្តែ​អ្នកជំនាញ បកស្រាយ​ថា “​ស្លាក​ស្នាក់ការ​ប៉ូលិសអន្តោប្រវេសន៍​នោះ មិន​ខុស​ទេ ដោយ​យោងតាម​សេចក្តីសម្រេច​ថ្មី​របស់​រាជរដ្ឋាភិបាល​”​។​

​ដោយ​ភ្ជាប់​នឹង​រូបថត​មួយ​សន្លឹក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើកឡើងថា “​ស្លាក​នេះ ពី​មុនគេ​ដាក់ថា ទីស្នាក់ការ​អន្តោប្រវេសន៍ តែ​ដល់ពេល​គេ​ជួសជុល​ធ្វើ​ថ្មី ក៏​ឃើញ​សរសេរ​បែបនេះ​វិញ​។ ស្លាក់​នេះ នៅ​ទំនប់រលក ក្រុងព្រះសីហនុ​”​។​

​ស្លាក សម្គាល់​ទីស្នាក់ការ​ប៉ូលិសអន្តោប្រវេសន៍ ដែល​នាំ​ដល់​ការលើក​ឡើងជា​ប្រធានបទ​ពិភាក្សាគ្នា​តាម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ “​ស្នាក់​ការត្រៀម​បណ្តេញចេញ​” ដែល​ភាសា​អង់គ្លេស​សរសេរ​ពីក្រោម​អក្សរ​ខ្មែរ​ថា “IMMIGRATION REMOVAL CENTRE”​។​

​ស្លាក​ទីស្នាក់ការ​នេះ នាំ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក លើកឡើងថា “​ចេញពី​កំពង់សោម​ទៀតហើយ​! “​ពាក្យ​ត្រូវ ទីស្នាក់ការ​អន្តោប្រវេសន៍​” ខ្មែរ​គ្រប់គ្រង ឬ​ចិន​គ្រប់គ្រង ច្រក​មួយ​ហ្នឹង​”​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការពិភាក្សា​លើ​ស្លាក​ទីស្នាក់ការ​ប៉ូលិសអន្តោប្រវេសន៍​នេះ ត្រូវបាន​អ្នក​ចូល​បញ្ចេញយោបល់ ដែល​ទំនងជា​មន្ត្រី​ជំនាញ​ខាង​អន្តោប្រវេសន៍ បា​បន​លើកឡើងថា “​ការដាក់​ពាក្យ “​ស្នាក់​ការត្រៀម​បណ្តេញចេញ​” គឺ​យោងតាម​អនុក្រឹត្យ​លេខ ១០៩ អនក្រ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួងមហាផ្ទៃ ត្រង់​ជំពូក​៨ “​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​”​។ ស្នាក់ការ​នេះ គឺជា​កន្លែង​សម្រាប់​រក្សាទុក​បណ្តោះអាសន្ន​ជនបរទេស ប្រព្រឹត្តល្មើស ដើម្បី​ត្រៀម​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។ បណ្តា​ប្រទេស​ជាច្រើន ក៏​ប្រើប្រាស់​ពាក្យ​នេះដែរ ដែលជា​ភាសា​អង់គ្លេស សរសេរថា “Removal Centre ឬ Immigration Removal Centre”៕​

អត្ថបទដែលជាប់ទាក់ទង