ក្លិបបាល់ទាត់ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup

(អាស៊ាន)៖ ក្លិបបាល់ទាត់មកពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងក្លិបវៀតណាមពីរបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ AFC Cup តំបន់អាស៊ីអាគ្នេយ៍ ក្រោយការប្រកួតក្នុងពូលបញ្ចប់ម្សិលមិញ។

Ceres Negros ជើងឯកហ្វីលីពីន២០១៨ ឈរនៅចំណាត់លេខ១ក្នុងពូល G ទោះបីប្រកួតចុងក្រោយម្សិលមិញចាញ់ក្លិបវៀតណាម Becamex Binhduong ១ទល់នឹង០ក៏ដោយ។ ៦ប្រកួត ជើងឯកហ្វីលីពីនមាន១៥ពិន្ទុ ក្រោយឈ្នះ៥ប្រកួត។

ដោយសារមួយគ្រាប់ចុងក្រោយរបស់កីឡាករប្រេស៊ីល Luis Wanderធ្វើឱ្យ Becamex BinhDuongឈ្នះ Ceres ការប្រកួតចុងក្រោយ និងក្លាយជាក្រុមលេខ២ល្អបំផុត បញ្ចប់ក្តីសង្ឃឹមរបស់ក្លិបសិង្ហបុរី Tampine Rovers។

ចំនែកក្លិបវៀតណាមមួយទៀត Hanoi FC ឈ្នះ Tampine Rovers ២ទល់នឹង០ ការប្រកួតចុងក្រោយក្នុងពូលF បញ្ចប់ចំណាត់ថ្នាក់ទី១ និងឡើងទៅវគ្គបន្ត។ ណាហ្កាជើងឯកកម្ពុជា ចាញ់ Yangon ០ទល់នឹង២ ប្រកួតចុងក្រោយ។

ដោយឡែកក្លិបឥណ្ឌូនេស៊ី PSM Makassar បញ្ចប់យុទ្ធនាការ AFC Cup ក្នុងវគ្គចែកពូល ៦ប្រកួតមិនចាញ់ឈ្នះ៤ ស្មើពីរ មាន១៤ពិន្ទុ ឈរលេខ១ពូល H។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវលេងនៅថ្ងៃទី១៨/១៩ និង២៥/២៦ ខែមិថុនាខាងមុខនេះ ក្លិបCeres Negros ប្រកួតជាមួយHanoi FC និងBecamex BinhDuongជួប PSM Makassar។

រីឯតំបន់អាស៊ីខាងលិច វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្លិបហ្សក់ដានី Al Wehdat ជួបក្លិបលីបង់ Al Ahed និង Al Jaishរបស់ស៊ីរី ប្រកួតជាមួយAl Jazeera ហ្សក់ដានី៕

អត្ថបទដែលជាប់ទាក់ទង