សម្តេចម៉ែ ​យាង​​សួរសុខទុក្ខ សម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​​ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាព

(​ភ្នំពេញ​)៖ សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីព្រឹក​ថ្ងៃ​ពុធ ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ បានសព្វព្រះ​រាជហឫទ័យ​ស្ដេច​យាង​សំណេះសំណាល​ សាកសួរសុខទុក្ខ សម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាព នាដំណាក់វាលស្បូវ ក្នុងសង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ Royal du Cambodge ដែលផេកផ្លូវការរបស់ព្រះមហាក្សត្រ បានផ្សាយនៅព្រឹកនេះ នូវរូបថតសម្តេចម៉ែ អមព្រះរាជដំណើរដោយរាជវង្សានុវង្ស អំពីការយាងសួរសុខទុក្ខដល់ដំណាក់របស់ព្រះអង្គក្រុមព្រះតែម្តង។

ទំព័រហ្វេសប៊ុកបានសរសេរថា «ដោយសេចក្តីនឹករលឹក អាណិត​ និង​ ស្រឡាញ់​ ព្រះរាជវង្សានុវង្ស​ នាវេលាព្រឹក​ថ្ងៃ​ពុធ ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៩​សម្តេចព្រះមហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គ​បានសព្វព្រះ​រាជហឫទ័យ​ស្ដេច​យាង​សំណេះសំណាល​ សាកសួរសុខទុក្ខ សម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាព នាដំណាក់វាលស្បូវ ស្ថិតនៅ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ»។

សូមរំឭកថា កាលពីថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩  សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ថតរូប​រួមគ្នា​ជាមួយ​អតីត​ព្រះ​ជ​យារ​បស់​ព្រះអង្គ គឺ​អ្នក​ម្នាង អេង ម៉ា​រី​ ដែលធ្វើឲ្យមហាភ្ញាក់ផ្អើលថា ព្រះអង្គបានវិលរកទ្រនុំចាស់ ក្រោយពេល​ព្រះអង្គជួប​គ្រោះថ្នាក់​ចរាចរណ៍រងរបួស​ធ្ងន់ និង​ស្លាប់​អ្នក​ម្នាង អ៊ុក ផល្លា នៅ​ផ្លូវជាតិ​លេខ​៤ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូត្រនៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៤៤​។ ព្រះអង្គជា​ព្រះអនុជ​របស់​សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី និង​ជា​បុត្រា​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញុ​ល​។

​នៅ​ឆ្នាំ​១៩​៦៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រៀប​អភិសេក​នឹង​អ្នក​ម្នាង អេង ម៉ា​រី មាន​បុត្រា២​អង្គ និង​បុត្រី១​អង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ (ប្រសូត្រ​ឆ្នាំ​១៩៧០) ព្រះអង្គម្ចាស់ នរោត្តម សីហ​ឫទ្ធិ (ប្រសូត្រ​ឆ្នាំ​១៩៧២) និង​អ្នក​ម្នាង នរោត្តម រតនាទេវី (ប្រសូត្រ​ថ្ងៃទី​១៨​មិថុនា ឆ្នាំ​១៩៧៤)​។​

​នៅ​ចុងឆ្នាំ​២០០៦ អ្នក​ម្នាង អេង ម៉ា​រី (កើត​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​១៩៤៧) បាន​ប្តឹង​លែងលះជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេល​ព្រះអង្គមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ម្នាង អ៊ុក ផល្លា​។ ប៉ុន្តែ​ការលែង​លះ​ដាច់​ស្រលះ​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អេង ម៉ា​រី រហូតដល់​ខែមិថុនា ឆ្នាំ​២០១០​។​

​ចំណែក​ជីវិត​រួមរស់​រវាង​អ្នក​ម្នាង អ៊ុក ផល្លា និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បុត្រា ២​អង្គ​៖ គឺ នរោត្តម សុធា​ឫទ្ធិ (២០០៣) និង នរោត្តម រណ​វង្ស (២០១១)​៕

 

 

អត្ថបទដែលជាប់ទាក់ទង