លោក​ ម៉ៅ​ សា​មឿ​ន​ ប្រធាន​គយ​ចល័ត​ខេត្តសៀមរាប​ រង​ការ​ចោទប្រកាន់​ថា​ ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​ ពាក់ព័ន្ធ​ទំនិញគេចពន្ធ​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ មក​ពី​ថៃ​ និងវៀតណាម

 

(​សៀមរាប​)៖​ តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយ​ចំនួន​ដែល​រកស៊ី​នាំ​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​ថៃ ​និង​ប្រទេស​វៀតណាម មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ការ​ណ៍ដែល​ពួក​គេ​អាច​រកស៊ី​កាក់កប​ដូច​សព្វ​ថ្ងៃនេះ​ គឺ​ត្រូវ​បង់លុយ​តាម​ការ​កំណត់​របស់​លោក​ ម៉ៅ​ សា​មឿ​ន​ ដែល​ជា​ប្រធាន​គយ​ច​ល​ត័​ខេត្តសៀមរាប​។​

​ប្រភព​ពី​ឈ្មួញ​ទាំងនោះ​ បាន​បញ្ជាក់​ទៀត​ថា​ លោក​ ម៉ៅ​ សា​មឿ​ន​ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធជាមួយឈ្មួញ ទើប​អាច​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប​នោះ​។​

​ឈ្មួញ​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​បង់លុយ​ លើ​តុ​ បង់លុយ​ក្រោម​តុ​ និង​បង់លុយ​ថ្លៃ​បាយ​ទឹក​ឲ្យ​សមត្ថកិច្ច​គយ​ក្នុង​ខេត្តសៀមរាប​ តាម​ការ​កំណត់​ បើ​មិន​ដូច្នេះ​ទេ​អាច​ត្រូវ​ប្រឈម​នឹង​ការ​បង្ក្រាប​ជា​មិន​ខាន​។​

​ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ឈ្មួញ​មួយ​ចំនួន​នាំ​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ហើយ​ជួនកាល​មាន​ទាំង​ទំនិញ​ខុសច្បាប់​ផង​ដែរ​ចូល​តាម​ច្រក​ ប៉ោយ​ប៉ែ​ត​ ច្រក​បឹង​ត្រកួន​ ខេត្តបន្ទាយមានជ័យ​ និង​ច្រក​ជាំ​ស្រងាំ​ ច្រក​អូរ​ស្មាច់​ ខេត្តឧត្តរមានជ័យ​ យក​មក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប​ ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​ពួក​គេ​មាន​ទំនាក់ទំនង​ ជាមួយ​លោក​ ម៉ៅ​ សា​មឿ​ន​ ជា​មុន​ទៅ​ហើយ​។​

​ទំនិញ​ទាំងនោះ​មាន​ដូច​ជា​ គ្រឿងសំណង់​គ្រប់​ប្រភេទ​ គ្រឿង​កំប៉ុង​ ទំនិញ​ចាប់ហួយ​ និង​ប្រេងសាំង​ផង​ដែរ​ ដូច្នេះ​លោក​ ម៉ៅ​ សា​មឿ​ន​ និង​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​អាច​រក​ប្រាក់​ចំណូល​តាម​របៀប​ពុក​រលួយ​បាន​យ៉ាងច្រើន​។​ ការ​ណ៍ដែល​លោក​ ម៉ៅ​ សា​មឿ​ន​ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវ​គេ​ដឹង​ថា​ ដោយសារ​អាងខ្នង​ធំ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ជួយ​ការពារ​គ្រប់ពេលវេលា​។​

​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តសៀមរាប​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​លោក​ ម៉ៅ​ សា​មឿ​ន​ និង​បក្ខពួក​មួយ​ចំនួន​តូច​កំពុង​សប្បាយចិត្ត​ក្នុង​ការ​ប្រមូល​លុយ​ពី​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​ទំនិញ​ខុសច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប​ កាន់តែ​ច្រើន​ឡើងៗ​។​

​ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​ទេសចរណ៍​ដឹក​ជញ្ជូន​ភ្ញៀវ​ពី​ប្រទេស​វៀតណាម ចូល​មក​លក់​ចែកចាយ​នៅ​ក្នុង​ខេត្តសៀមរាប​ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​ ម៉ៅ​ សា​មឿ​ន​ និង​បក្ខពួក​ដែរ​ ព្រោះ​ឈ្មួញ​ទាំងនោះ​ត្រូវ​តែ​បង់​លុយ​លើ​តុ​ លុយ​ក្រោម​តុ​ និង​លុយ​ថ្លៃ​បាយ​ទឹក​តាម​ការ​កំណត់​ទើប​អាច​រួចខ្លួន​។​

​ជាង​នេះ​ទៅ​ទៀត​ឈ្មួញ​មួយ​ចំនួន​នៅ​តែ​អាច​នាំ​ទំនិញគេចពន្ធ​ ទំនិញ​ខុសច្បាប់​ និង​ទំនិញ​បង់ពន្ធ​ មិន​គ្រប់​ចូល​សៀមរាប​ យ៉ាង​រលូន​ព្រោះ​លោក​ ម៉ៅ​ សា​មឿ​ន​ និង​បក្ខ​ ពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម​។​ ជា​ពិសេស​ពេល​ដែល​ភ្នាក់ងារ​ យើង​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​គោលដៅ​ស្រុក​ពួក​ ខេត្តសៀមរាប​ ជិត​ជញ្ជីង​ថ្លឹង​រថយន្ត​ ប្រហែល​ជាង​៣០០​ម៉ែ​ត​ ទីតាំង​គយ​ច​ល​ត័​លោក​ ម៉ៅ​ សា​មឿ​ន​ នេះ​ បុគ្គលិក​សុទ្ធតែ​សំលៀក​បំពាក់​ស៊ី​វិល​ ហើយ​បាន​ប្រកែក​ជាមួយ​ភ្ញាក់​ងារ​យើង​ថា​ ពួក​គេ​មិនមែន​ជា​គយ​ទេ​ តែ​អង្គុយ​ចាំ​យក​លុយ​ប្រជាពលរដ្ឋ​ ដូចធ្វើស្រែ​លើ​ខ្នង​ប្រជាពលរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង