ព្រះមហាក្សត្រកម្ពុជា ត្រូវបានយាងជាមេដឹកនាំទី១ ថ្លែងព្រះរាជសុន្ទរកថាមុនគេ ចំពោះវេទិកាអរិយធម៌អាសុីលើកទី១

(ប៉េកាំង,ចិន)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានយាងជាមេដឹកនាំទី១ ក្នុងការថ្លែងព្រះរាជសុន្ទរកថា ចំពោះវេទិកាអរិយធម៌អាសុីលើកទី១។

ព្រះករុណាជាអម្ចាស់ ត្រូវបានយាងថ្លែងបែបបនេះ បន្ទាប់ពីសុន្ទរកថាប្រកាសបើកជាផ្លូវការនូវវេទិកាអរិយធម៌អាសុីលើកទី១ ដោយឯកឧត្តម សុី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នារដ្ឋធានីប៉េកាំង វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដែលនៅក្នុងវេទិកានេះមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសនានាជាច្រើនផងដែរ។

នៅក្នុងព្រះរាជសុន្ទរកថានេះ ព្រះករុណាបានមានព្រះបន្ទូលថា ព្រះរាជាណាចក្រកម្ពុជាទន្ទឹងចូលរួមចែករំលែកជោគវាសនានៅក្នុងពេលអនាគតជាមួយប្រទេសចិន។

សូមរំឭកថា កាលព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យចូលជួបសវនាការជាមួយឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ដែលក្នុងឱកាសនោះឯកឧត្តម បានថ្លែងបង្ហាញថា ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា បានបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីមិត្តភាពដ៏ពិតប្រាកដ និងយូរអង្វែងរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ហើយវាក៏កំណត់នូវជោគវាសនានៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម បានបន្តលើកឡើងថា ប្រទេស​ចិនគោរពស្រលាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា ហើយបណ្តាមេដឹក​នាំចិនជាច្រើន​ជំនាន់បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយយើងត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត។

ប្រទេសចិននឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងប្រទេសកម្ពុជា ឲ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ។

ជាចុងបញ្ចប់ ឯកឧត្តមបានថ្លែងថា ភាគីទាំងពីរគួរតែអនុវត្តផែនការសកម្មភាពនានាដើម្បីកសាង​សហគមន៍​ចិន និងកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យប្រជាជនទាំងពីរអាចទទួលបានផលប្រយោជន៍ និងសម្រាប់ជាគំរូក្នុងការគោរព​គ្នាទៅវិញទៅមក ព្រមទាំងសម្រាប់ការស្វែងយល់អំពីអរិយធម៏ និងភាពសំប្បូរបែបនៃវប្បធម៏របស់ប្រទេសទាំងពីរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលថា ព្រះអង្គសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅជាទីបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅដែលបានផ្តល់ជូនព្រះរាជវង្សានុវង្ស នៃប្រទេសកម្ពុជា និងចំពោះការគាំទ្រដ៏មានតម្លៃដែលប្រទេសចិនបានផ្តល់ដល់ប្រជាជនកម្ពុជាអស់រយៈពេលជាយូរមកហើយ។ ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈ​ទេសៈទាំងអស់។

ប្រទេសកម្ពុជា សូមអបអរសាទរសាធារណរដ្ឋប្រជាមានិតចិន ចំពោះសមិទ្ធិផលដែលសម្រេចបានក្រោមការអភិវឌ្ឍដ៏ធំធេងរបស់ខ្លួនក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះចាប់តាំងពីការបង្កើតឡើង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានកោតសរសើរដល់ឥទ្ធិពលដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបា «ផ្លូវមួយខ្សែក្រវាត់មួយ»។

ព្រះអង្គបានបន្តថា សន្និសីទការសន្ទនាស៊ីវិលអាស៊ាន ដែលបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តមប្រធានា​ធិបតី ស៊ី ជីនភីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង