៤ខែដើមឆ្នាំ២០១៩​ ​រដ្ឋាភិបាលកម្ពុជា​អនុម័តគម្រោង​វិនិយោគ​ចំនួន​១១៥ ក្នុងទំហំទុនសរុប ​៤ពាន់​លានដុល្លារ​

(ភ្នំពេញ)៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១៥​គម្រោង ក្នុងទុនវិនិយោគប្រមាណ៤ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍លើកឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅថ្ងៃទី១៤ ខែឧសភា។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%​ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ៕

អត្ថបទដែលជាប់ទាក់ទង