ក្រសួងធម្មការ និងសាសនា មិនបានហាមឃាត់ នាយតាក់ស៊ី មិនឲ្យសាងផ្នួសនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានប្រាប់Swift News នៅមុននេះបន្តិចថាក្រសួងមិនបានហាមឃាត់លោក ប៉ុល សារឿង ហៅនាយកាត់ស៊ី ដែលជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍CTN មិនឲ្យសាងផ្នួសនោះទេ។

 

ឯកឧត្តម សេង សុមុនី បានថ្លែងថា«ក្រសួងមិនដែលបានហាមឃាត់គាត់ [នាយតាក់ស៊ី] មិនឲ្យសាងភ្នួសទេ។ចំពោះការចុះផ្សាយថាក្រសួងមិនអនុញ្ញាតឲ្យនាយកតាក់ស៊ីសាងផ្នួសគឺជារឿងមិនពិតឡើយ»

 

ឯកឧត្តម សេង សុមុនី បញ្ជាក់ថា«ក្រែងលោចៅអធិការវត្តឬឧបជ្ឈានៅវត្តដែលនាយតាក់ស៊ីចង់ទៅបួសនោះមិនអនុញ្ញាតឲ្យគាត់បួសទេដឹង? ចំពោះក្រសួងគឺមិនដែលហាមឃាត់ប្រជាពលរដ្ឋណាដែលមិនឲ្យបួសទេ»

 

ចំពោះករណីនេះ Swift News ព្យាយាមសុំការបញ្ជាក់ពីលោកប៉ុល សារឿង ហៅនាយតាក់ស៊ី ផងដែរ ប៉ុន្តែលេខទូរស័ព្ទដៃរបស់មិនអាចទាក់ទងបាន។

 

ចំណែកលោកស្រី លាប សោភ័ណ្ឌហៅនាងភីម ជាភរិយារបស់នាយតាក់ស៊ីក៏មិនបានបកស្រាយអ្វីដែរដោយលោកស្រីប្រាប់Swift News ថាជាប់រវល់។

 

លោកស្រី លាប សោភ័ណ្ឌហៅនាងភីម ជាភរិយារបស់នាយតាក់ស៊ីធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ ម្សិលមិញថា ប្តីរបស់លោកស្រីគ្រោងទៅបួសនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក្នុងខេត្តកណ្តាល ប៉ុន្តែត្រូវអាក់ខានវិញហើយព្រោះក្រសួងធម្មការនិងសាសនាមិនទាន់អនុញ្ញាតច្បាប់ឱ្យបួសដោយសំអាងថារងចាំទាល់តែប្តីរបស់លោកស្រីចេះចាំធម៌ឲ្យបានច្រើនធម្មក្ខន្ធសិនទើបអាចបួសបាន។

 

សូមជម្រាបជូនថាបើតាមការគ្រោងទុកលោក ប៉ុល សារឿង ហៅនាយតាក់ស៊ី បានកំណត់យកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩នេះ ជាថ្ងៃកោសក់សាងផ្នួសជាបុព្វជិតថ្វាយខ្លួនជូនព្រះរតនត្រ័យរហូតអស់មួយជីវិតនៅក្នុងពុទ្ធសីមាវត្តនិគ្រោធវ័នហៅវត្តគល់ទទឹងនៅក្នុងខេត្តកណ្តាល។ ប៉ុន្តែគម្រោងនេះទំនងជាពុំទាន់បានសម្រេចនៅឡើយនោះទេបើយោងតាមការអះអាងរបស់លោកស្រី លាប សោភ័ណ្ឌហៅនាងភីម ជាភរិយារបស់នាយតាក់ស៊ី៕(SN-ឡុក សំរិត)

 

អត្ថបទដែលជាប់ទាក់ទង