រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ពីថ្ងៃ​ទី​១៣-១៥​ឧសភា គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ១២​នាក់ របួស ៣៨​នាក់​

(​ភ្នំពេញ​)៖ របាយការណ៍​ប្រចាំថ្ងៃ​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ សរុប ៣៨​លើក បណ្តាល​ឲ្យ​ស្លាប់ ១២​នាក់ និង​របួស​សរុប ៥៦​នាក់​។ ក្នុងនោះ អ្នកស្លាប់ ១០​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ៩​នាក់​។​

​របាយការណ៍​បង្ហាញថា នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ២២​លើក បណ្តាល​ឲ្យ​ស្លាប់ ៩​នាក់ និង​របួស ៣០​នាក់​។ រីឯ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស កើតឡើង ៨​លើក ស្លាប់ ម្នាក់ របួស ១៧​នាក់​។ នៅ​ថ្ងៃទី​១៥ ខែឧសភា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ៨​លើក ស្លាប់ ២​នាក់ និង​របួស ៩​នាក់​។​

​របាយការណ៍​ដដែល បង្ហាញថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ច្រើនជាងគេ កើតឡើង​ដោយសារ​ល្បឿន បើកបរ​មិន​គោរព​សិទ្ធិ បើកបរ​មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ប្រជែង និង​កត្តា​យាន ជាដើម​។​

​សូម​រម្លឹកថា ក្នុងអំឡុងពេល​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ រយៈពេល ៣​ថ្ងៃនេះ ជា​ថ្ងៃ​បុណ្យជាតិ ដែលជា​ថ្ងៃ​ឈប់សម្រាក​។ ដូច្នេះ​ប្រជាពលរដ្ឋ ពិសេស​អ្នក​នៅ​ភ្នំពេញ បានធ្វើ​ឡើង ទៅលេង​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា ហើយ​អ្នកខ្លះ ទៅលេង​ស្រុកកំណើត ដែល​នាំ​ឲ្យ​កំណើន​នៃ​ការ​ចរាចរណ៍ ធ្វើដំណើរ​តាមផ្លូវ​មមាញឹក ហើយក៏​អាច​នឹង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយ​ហេតុ ប្រសិនបើ​អ្នកបើកបរ​ធ្វេសប្រហែស បើកបរ​ដោយ​ខ្ជីខ្ជា​យ ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង