គណបក្ស​ប្រជាជន​កម្ពុជា ជួបជុំ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ រីឯ​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ហែ​ក្បួន ដោយមាន​អ្នកចូលរួម ៥០​នាក់ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្ងៃ​១៧​ឧសភា​

(​ភ្នំពេញ​)៖ យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១៧ ខែឧសភា ដល់​ថ្ងៃទី​២៤ ខែឧសភា​។ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា នឹងមាន​គណបក្ស​នយោបាយ​​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា នឹង​ជួបជុំ ហែ​ក្បួន​ឃោសនា នៅក្នុង​រាជធានី​ភ្នំពេញ​។

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត រាជធានី​ភ្នំពេញ បានប្រកាស នៅ​ថ្ងៃទី​១៥ ខែឧសភា​នេះ​ថា មាន​គណបក្ស​នយោបាយ ចំនួន ៣ បាន​ជូនដំណឹង ស្តីពី​ការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។ ក្នុងនោះ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួបជុំ ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា​។ រីឯ​គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​ជួ​បប​ជុំ​ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃទី​១៩ ខែឧសភា​។​

តាម​សេចក្តីជូនដំណឹង​ដដែល គណបក្ស​សញ្ជាតិ​កម្ពុជា នឹង​ហែ​ក្បួន​ឃោសនា ចេញពី​ទីស្នាក់ការ​កណ្តាល ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ បញ្ចប់​នៅ​ផ្លូវ​ស្ពាន​ព្រែក​តា​មាក់ ដោយមាន​អ្នកចូលរួម ៥០​នាក់ រថយន្ត​ធំ ២​គ្រឿង និង​រថយន្ត​តូច ២​គ្រឿង​។ ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​ជួបជុំ​មហាជន នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ដោយមាន​អ្នកចូលរួម ៣៥០០ នាក់ មុននឹង​រំសាយ​ទៅតាម​គោលដៅ​ខណ្ឌ​ទាំង ១៤​។​
​រីឯ​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏​ត្រូវបាន​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ ប្រកាសថា គណបក្ស​នេះ នឹង​ហែ​ក្បួន​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​១៩ ខែឧសភា ដោយ​ចេញពីផ្ទះ​លេខ​៧១ កែង​ផ្លូវ​ព្រះ​នរោត្តម លើផ្លូវ​ម៉ៅ​សេទុង និង​បញ្ចប់​នៅ​ផ្លូវ​វេ​ង​ស្រេង ដោយមាន​អ្នកចូលរួម ៨០​នាក់ រថយន្ត​១០​គ្រឿង និង​ម៉ូតូ​កង់​បី ១០​គ្រឿង​។​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប បានប្រកាសថា ការឃោសនាបោះឆ្នោត ដែល​នឹង​ធ្វើឡើង ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា នឹងត្រូវ​ចាប់ផ្តើម​ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ១០ យប់ រៀងរាល់ថ្ងៃ​។ ក្នុងនោះ ការឃោសនា ដោយ​ឧបករណ៍​បំពង​សំឡេង ត្រូវ​ហាមឃាត់ នៅ​ចន្លោះ​ពី​ម៉ោង ១២ ថ្ងៃត្រង់ ដល់​ម៉ោង ២ រសៀល ហើយក៏​ហាមឃាត់​ការឃោសនាបោះឆ្នោត នៅក្បែរ​មន្ទីរពេទ្យ និង​សាលារៀន ឬ​គ្រឹះស្ថានសិក្សា​នានា ក្នុងពេល​ម៉ោង​សិស្ស កំពុង​សិក្សា​។

​ចំពោះ​ការរៀបចំ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ គ្រប់​ប្រភេទ នៅក្នុង​មណ្ឌល​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​នីមួយៗ ត្រូវ​កំណត់ ២​ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត រយៈពេល ៨​ថ្ងៃនេះ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ ការបោះឆ្នោត​នេះ គឺជា​ការបោះឆ្នោត​អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​មុខតំណែង សរុប​ចំនួន ១១៥៧២​នាក់ ជា​អ្នកបោះឆ្នោត​។ ​ក្នុងនោះ សមាជិកក្រុម​ប្រឹក្សា​​ឃុំសង្កាត់ នាពេលបច្ចុប្បន្ន ក្នុងចំណោម ១១៥៧២នាក់ គឺស្ទើរតែទាំងអស់ ជាសមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

​ចំណែក​គណបក្សនយោបាយ ចំនួន ៧ បាន​ចុះឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​សាធារណរដ្៕

 

អត្ថបទដែលជាប់ទាក់ទង