ផ្ទះក្បឿង​ផ្ទះស្បូវ រលត់​ភ្លើង​ទៅ​ងងឹត​ដូចគ្នា​

(​ភ្នំពេញ​) ៖ អ្នកមាន​និង​អ្នកក្រ នៅឯ​ចុង​ចប់​គឺ​ដូចគ្នា​។​

​បំរៀប​ធៀប​នេះ លោក​ពោល​សំដៅ​ដល់​អ្នកមាន និង​អ្នកក្រ​ដែលមាន​សភាព​ផ្ទុយគ្នា​ស្រឡះ​។ ព្រោះ​អ្នកមាន មានទ្រព្យ​សម្បត្តិ​មហាសាល​មាន​ប្រាក់កាស ចាយ មិន​អស់ មាន​ភូមិគ្រឹះ​គ្រប់​ទីកន្លែង មាន​ដី​រាប់ពាន់​ហិកតា មាន​ឡាន​គ្រប់​ប្រភេទ មាន​ឡាន​គ្រប់​ប្រពន្ធ កូន របស់​ប្រើប្រាស់​សុទ្ធតែ​ទំនើប នេះ​មិន​និយាយ​ដល់​មាស ពេជ្រ កែវ កង ពិទូរ្យ​សូរ្យកាន្ត​ផង​ទេ​។​

​ចំណែក​អ្នកក្រ គឺ​ក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន កុំ​និយាយ​ឡើយ​ដល់​ទៅ​របស់​ប្រើ ប្រាស់ ផ្ទះសំបែង ដីធ្លី​។​ល​។​

​ក្នុងន័យ​ដដែល​នេះ លោក​ធ្វើការ​ប្រៀបធៀប​ទៅដល់​អ្នក​ដែលមាន​បុណ្យ សក្តិ ខ្ពស់ មានអំណាច​ទើស​មេឃ និង​អ្នក​ដែលមាន​ឋានៈ​តូចតាច​អំណាច​ក៏​គ្មាន​ផងដែរ​។​

​ភូមិគ្រឹះ​ក្តី ខ្ទម​កំ​ព្រួក​ក្តី ពេលដែល​រលត់​ភ្លើង​ទៅ​គឺ​ងងឹត​សូន្យឈឹង​ដូចគ្នា​។ ន័យ​នេះ​លោក​ចង់​ប្រៀប​ថា មហាសេដ្ឋី​ក្តី អ្នកក្រ​រហេមរហាម ពេលដែល​រលត់​ភ្លើង ធាតុ​ទៅ មួយណា​ក៏​ស្អុយគគ្រុក​ដូចគ្នា ដង្កូវ​ចុះ​ដូចគ្នា បើ​យកទៅ​កប់​ក្នុង​ដី​ជន្លេន​រុកដូចគ្នា​៕ (​ដកស្រង់​ចេញពី «​សៀវភៅ​សុភាសិត​ខ្មែរ អធិប្បាយ​» រៀបរៀង​ដោយ​: លី ថៃ​លី បោះពុម្ព​ឆ្នាំ​២០០៧)

អត្ថបទដែលជាប់ទាក់ទង