ប្រធាន ACU៖ អ្នកភូមិ​របស់​មន្ត្រី​ជាប់កិច្ចសន្យា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ត្រូវ​អធិការរង​ខណ្ឌដង្កោ វាយ​របួសធ្ងន់ ប្រហែលជា​នឹង​ប្រតិកម្ម នាពេលខាងមុខ​

(​ភ្នំពេញ​)៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បានប្រកាស​នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ថា «​លោក ឃឹម ខុម មន្ត្រី​ជាប់កិច្ចសន្យា ACU ដែល​របួស​ដោយ​នគរបាល វាយ មិនទាន់​ត្រូវបាន​នគរបាល​ដោះស្រាយ​នៅឡើយ​។ អ្នកភូមិ​គាត់ ប្រហែលជា​នឹង​ប្រតិកម្ម​នាពេលខាងមុខ​»​។​

​គួររម្លឹកថា មន្ត្រី​កិច្ចសន្យា ACU លោក ឃឹម ខុន បានដាក់​ពាក្យ​ប្តឹង​នគរបាល​មួយក្រុម ដឹកនាំ​ដោយ​អធិការរង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថា​បាន​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​រូបលោក ដោយ​ក្រុមប៉ូលិស​ទាំងនោះ ចោទថា លោក​ជា​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើកឡាន​រត់​។

​សកម្មភាព​របស់​មន្ត្រី​នគរបាល​មួយក្រុម ដឹកនាំ​ដោយ​អធិការរង​នគរបាល ខណ្ឌដង្កោ វាយ​លើ​មន្ត្រី​ជាប់កិច្ចសន្យា ACU ត្រូវបាន​គេ​ថត និង​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook នាំ​ឲ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពី​មហាជន និង​ស្នើ​ទទូច​ឲ្យ​ចាត់វិធានការ តាមច្បាប់​ក្រុមមន្ត្រី​នគរបាល​ទាំងនោះ​។​

​ពាក្យបណ្តឹង​របស់លោក ឃឹម ខុម អាយុ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​មន្ត្រី​កិច្ចសន្យា​នៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យឹ​ដឹងថា ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៨ យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។

​តាម​ពាក្យបណ្តឹង ជនរងគ្រោះ បាន​លើកឡើងថា អំពើហិង្សា​វាយ​លើ​រូបលោក បង្កឡើង​ដោយ​មន្ត្រីនគរបាល​ចំនួន ៥​នាក់ ដឹកនាំ​ដោយ​អធិការរង​ម្នាក់ មានឈ្មោះ នាក់ ណា​រ៉ូ​។​

​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​លោក​កំពុងបើក​រថយន្ត​ម៉ាក Prius តាមផ្លូវ ៥០​ម៉ែត្រ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំ​ឲ្យ​មានការ​ខូចខាត ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះទេ ដោយ​បើក​លឿន​ពេក​។ ភ្លាមៗ​នោះ ស្រាប់​តែមាន​នគរបាល​មួយក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​៦​គ្រឿង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាងដំណំ មិន​សួររក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុសត្រូវ​សិន​ក៏ដោយ​។

​ក្នុង​ពាក្យបណ្តឹង លោក ឃឹម ខុម ទាមទារ​ឲ្យ​ផ្តន្ទាទោស​ប៉ូលិស​ទាំងនោះ និង​ប្តឹង​ទាមទារ​សំណង​ចំនួន ៥​ម៉ឺន​ដុល្លារ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ មាន​ដំណឹង​ពី​ការកោះហៅ​មន្ត្រីនគរបាល​ទាំងនោះ ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស៊ើបសួរ និង​វិធាន​ការបន្ត​លើ​មន្ត្រីនគរបាល​បង្ក​អំពើហិង្សា​លើ​មន្ត្រី​ជាប់កិច្ចសន្យា​របស់ ACU នោះ ក៏បាន​ដំណឹង​សូន្យឈឹង រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ខណៈដែល​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព ACU រង់ចាំ​យុត្តិធម៌​ដល់​កូនចៅ​របស់​ឯកឧត្តម​យ៉ាង​អន្ទះសារ​៕​

អត្ថបទដែលជាប់ទាក់ទង