ផ្ការាក់ ឬ ផ្កាស្នេហ៍ នៅកម្ពុជាគួរបន្ថែមការអភិរក្ស ខណៈប្រទេសថៃគេនិយមប្រើយ៉ាងទូលំទូលាយ!

(ភ្នំពេញ)៖ យុវជនសម័យថ្មីភាគច្រើនមិនស្គាល់ឈ្មោះ ផ្ការាក់ ឬ ផ្កាស្នេហ៍ ទេ ខណៈសម័យបច្ចុប្បន្ននេះ ជនជាតិខ្មែរបានបោះបង់ចោល ដោយទុកជាផ្កាគ្មានតម្លៃ ថែមទាំងចោទថាជាផ្កាខ្មោចទៀតផង។ ក្នុងជំនាន់ហ្លួងស៊ីសុវត្ថិ និយមហៅផ្កាស្នេហ៍ ជាងហៅ ផ្ការាក់ និងក៏ជាផ្កាតំណាងឲ្យការប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តីជាដើម។

សារៈសំខាន់នៃ ផ្កាស្នេហ៍ ផ្កាស្នេហ៍ តាំងពីសម័យអង្គរមក គឺជាផ្កា តែងលំអបែបសហសម័យ ពោលប្រជាជនខ្មែរ ជំនាន់នោះ និយមប្រើ តុបតែងគ្រឿងសក្ការៈបូជា មានបាយសីជាដើម ក្រងជាអភិរម្យ(ឆត្រ័រួត) ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា(ក្រោយមកគេនិយមប្រើគោមរយ៉ាកម្រងកែវ) ឬរយ៉ាមាល័យសំរាប់លំអតាមមាត់បង្អួច ទ្វា និង ក្នុងប្រាសាទ និងតុបតែងជាក្បាច់ផ្សេងៗ ព្រោះជំនាន់នោះមិនទាន់មានការលក់ និងនិយមប្រើផ្កាម្លិះច្រើនដូចសម័យនេះឡើយ។

សូមរំឭកថា ដោយសារផ្ការាក់ងាយស្រួលរក និង មិនបាច់ចំណាយប្រាក់ទិញ ទើបពេលបុណ្យសព ដែលជាពេលអាសន្ន ប្រជាជនខ្មែរបានយកផ្ការាក់មកតុបតែងលើមឈូសសព ហេតុនេះទើបអ្នកដែលមកចូលរួម ពិសេសក្មេងៗគិតថាផ្កានេះជាផ្កាខ្មោចសម្រាប់តែងក្នុងបុណ្យសព ធ្វើឲ្យមានការយល់ខុសលើផ្ការាក់ដូចផ្កាចន្ធូដែរ។ រួមជាមួយការបន្លាចពីមនុស្សចាស់ ដោយគាត់មិនចង់ឲ្យក្មេងដើរលេងពេលយប់ ព្រោះបារម្ភពីសុវត្ថិភាព ហើយដោយសារផ្ការាក់មានដុះច្រើនតាមកន្លែងដែលក្មេងចូលចិត្តលេង ទើបពួកគាត់យកដើមផ្កានេះ ជាហេតុផល បន្លាចក្មេងតែម្តង លុះក្មេងធំឡើងក៏ចេះតែនិយាយតគ្នាថា ផ្កាខ្មោចៗជាដើម។

យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត និង វចនានុក្រមខ្មែរ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥១១ គ.ស.១៩៦៧ បានសរសេរថា ៖ «រាក់ ន. ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ ស ប្រផេះ ដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ប្រភេទគឺ រាក់ស ផ្កាសម្បុរស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ។ ផ្ការាក់ទាំង២យ៉ាងនេះ មានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាភួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ(ថ្វាយបង្គំងារ)។

ដូចនេះតាមរយៈការចារទុកនៃវចនានុក្រមខ្មែរ ឃើញថា ផ្ការាក់ ត្រូវបានគេប្រើធ្វើជាភួង ដែលក្នុងជំនឿខ្មែរថា ការថ្វាយភួងមាលាចំពោះព្រះ និងជូនភួងមាលា ជាតំណាងឲ្យការប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តី ហើយវាក៏ត្រូវបានគេប្រើក្នុងពេលទទួលឋានន្តរ ដែលជាពិធីមង្គល ជាពិធីកិត្តិយសខ្ពង់ខ្ពស់មួយក្នុងសង្គមខ្មែរ ពុំមែនប្រើសម្រាប់តែតុបតែងមឈូសសព ដូចដែលគេយល់ច្រឡំនោះឡើយ។

បច្ចុប្បន្ន យុវជនភាគច្រើន ក៏លែងបានស្គាល់ ផ្ការាក់ ឬផ្កាស្នេហ៍ នេះដែរ ព្រោះតែភាពងាយស្រួល និងទីផ្សារអន្តរជាតិ បាននាំចូលនូវប្រភេទផ្កា ជ័រដ៏សម្បូរបែបចូលមកកម្ពុជា មនុស្សសម័យថ្មីនេះ ក៏បានបោះបង់ចោល ដូច្នេះគួណាស់យុវជនជំនាន់ក្រោយ គួររួមគ្នាថែរក្សាទាំងអស់គ្នា។

សូមបញ្ជាក់ថា តម្លៃនៃផ្ការាក់ល្បីតាំងពីសម័យអង្គរមកម្លេះ តែឥឡូវត្រូវជនជាតិខ្មែរបោះបង់ចោល ទុកវាជាផ្កាគ្មានតម្លៃ ហើយថែមទាំងចោទថា ជាផ្កាខ្មោចទៀត។ តែនៅប្រទេសថៃបច្ចុប្បន្ននេះ ពួកគេកំពុងអភិរក្ស ផ្ការាក់នេះណាស់ និងក៏និយមប្រើយ៉ាងល្បីល្បាញទៀតផង ពិសេសក្នុងពិធីមួយចំនួនដូចជា កឋិន សូត្រមន្ត អាពាហ៍ពិពាហ៍ជាដើម៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង