ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ខេ ភី សាម៉ា អូលីនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅព្រះរាជាណាចក្រកម្ពុជា

(​ភ្នំពេញ​)៖​ តាម​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​នេ​ប៉ា​ល់​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​១៣​ ដល់​១៥​ ខែឧសភា​ ឆ្នាំ​២០១៩​ អមដំណើរ​ដោយ​លោក​ជំទាវ​ រ៉ា​ឌី​កា​ សាក់​យ៉ា​ ឯកឧត្តម​ ប្រា​ឌី​ប​ គូ​ម៉ា​ ហ្គា​វ៉ា​លី​ រដ្ឋមន្ត្រី​ការ​បរទេស​ទីប្រឹក្សានាយករដ្ឋមន្ត្រី​សមាជិក​សភា​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ ព្រមទាំង​គណៈប្រតិភូ​ធុរកិច្ច​។​

​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ និង​លោក​ជំទាវ​ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​ នៅ​ស្តូប​វិមាន​ឯករាជ្យ​ និង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​វីរបុរស​ និង​វីរនារី​កម្ពុជា​ ដែល​បាន​ពលី​ក្នុង​សង្គ្រាម​ និង​បាន​អញ្ជើញ​ទៅ​គោរព​​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះ​វររាជ​បិតា​កម្ពុជា​។​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ និង​លោក​ជំទាវ​ ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​ និង​វត្ត​ព្រះ​កែវ​មរកត​ ព្រមទាំង​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ​ ដែល​បង្ហាញ​ដំណែល​ប្រវត្តិសាស្ត្រ​ពី​ជោគជ័យ​នៃ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ ដើម្បី​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ ការ​ផ្សះផ្សា​និង​ការ​បង្រួបបង្រួម​ជាតិ​របស់​កម្ពុជា​។​

​ក្នុងអំឡុងពេល​ទស្សនកិច្ច​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រមុខរដ្ឋ​ស្តីទី​ និង​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​

​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព​ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​។​ ដោយ​រំលឹក​ពី​ទស្សនកិច្ច​លើក​ដំបូង​នៅ​នេ​ប៉ា​ល់​ ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​សម្តែង​កិច្ច​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​តប​វិញ​របស់​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ ថា​ជា​ “​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​”​ និង​បាន​កត់​សម្គាល់ថា​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ជា​មិត្ត​ទាំង​ពីរ​ឈាន​ឡើង​កាន់តែ​ខ្ពស់​ថែម​ទៀត​។​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​ចាត់​ទុក​កម្ពុជា​ ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​នេ​ប៉ា​ល់​ និង​ជា​ដៃគូ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​។​

​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​សី្ត​ពី​ការ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ជា​ច្រើន​ រួម​មាន​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ទេសចរណ៍​ វប្បធម៌​ និង​ការ​អប់រំ​ ហើយ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ស្តី​ពី​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ដើម្បី​ពង្រឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​ និង​នេ​ប៉ា​ល់​ ដែល​មាន​ឬ​ស​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​កេ​រ្ត៍​ដំណែល​វប្បធម៌​រួម​នៃ​ប្រទេស​ទាំង​ពីរ​។​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ បាន​កត់សម្គាល់​ដោយ​ការ​ពេញចិត្ត​ផង​ដែរ​ថា​ កម្ពុជា​ និង​ នេ​ប៉ា​ល់​ បាន​អភិវឌ្ឍភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង​កម្រិត​ទ្វេភាគី​ តំបន់​ និង​ពហុភាគី​ ដើម្បី​បុព្វហេតុ​សន្តិភាព​ សន្តិសុខ​ ស្ថិ​ភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ទាំង​ពីរ​ និង​ពិភពលោក​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្លាស់​ប្តូរ​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​របស់​នេ​ប៉ា​ល់​ និង​ដំណើរការ​សន្តិភាព​ដោយ​នេ​ប៉ា​ល់​ខ្លួនឯង​ ព្រមទាំង​ស្ថិរភាព​ដែល​កើត​មាន​ក្នុង​ប្រទេស​នេ​ប៉ា​ល់​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ប្រកបដោយ​ចីរភាព​។​ សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជូនពរ​សូម​ឲ្យ​នេ​ប៉ា​ល់ស​ម្រេច​បាន​បំណងប្រាថ្នា​ជាតិ​ “​នេ​ប៉ា​ល់​រុងរឿង​ នេ​ប៉ា​ល់​រីករាយ​”​។​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ ក៏​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បន្ត​រក្សា​បាន​ដោយ​ជោគជ័យ​នូវ​សន្តិភាព​ ស្ថិរភាព​ កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​ ឧស្សាហកម្ម​ទេសចរណ៍​រឹង​មាំ​ និង​ភាព​ប្រសើរ​ឡើង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ជា​ទៀងទាត់​ និង​ការពិគ្រោះ​យោបល់​ ដែល​នឹង​កំណត់​បាន​នូវ​វិធី​ និង​មធ្យោបាយ​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ សំដៅ​នាំ​មក​នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រជាជាតិ​ទាំង​ពីរ​។​ ក្នុង​គោលដៅ​នេះ​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា​ គួរតែ​ចាប់ផ្តើម​ឲ្យ​បាន​ឆាប់​បំផុត​នូវ​ដំណើរការ​នៃ​កិច្ច​ពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​ទាំង​ពីរ​ ។​ ដោយ​ទទួលស្គាល់​ថា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា​ និង​នេ​ប៉ា​ល់​នៅ​មាន​កង្វះខាត​ច្រើន​ដែល​អាច​ជម្រុញ​ឲ្យ​បាន​ប្រសើរ​ឡើង​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ ឲ្យ​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ ការ​វិនិយោគ​ និង​ទេសចរណ៍​។​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ផ្នែក​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​បាន​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និ​ទរ​វាង​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​នេ​ប៉ា​ល់​ ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​នូវ​សក្តានុពល​សេដ្ឋកិច្ច​ និង​កាលានុវត្តភាព​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។​

​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នេ​ប៉ា​ល់​ និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​សភាពាណិជ្ជកម្ម​នេ​ប៉ា​ល់​។​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ស្វាគមន៍​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ និង​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ និង​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​ ជាមួយនឹង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ទាំង​ពីរ​នេះ​ សកម្មភាព​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​កាន់តែ​មានការ​រីក​ចម្រើន​ឡើង​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។​

​ដោយ​រំលឹក​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ឯកភាព​របស់​ភាគី​ទាំង​ពីរ​ ដើម្បី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​នេ​ប៉ា​ល់​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ណែនាំ​អាជ្ញាធរ​អាកាស​ចរ​ស៊ី​វិល​រៀងៗ​ខ្លួន​ ឲ្យ​ព​ន្លឿ​ន​កិច្ច​ពិភាក្សា​សី្ត​ពី​ការ​ចុះហត្ថលេខា​ និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​។​ នាយក​រដ្ឋ​ម​ន្រី្ត​ទាំង​ពីរ​មាន​ទស្សនៈ​រួម​គ្នា​ថា​ កា​រត​ភា្ជ​ប់​ផ្លូវអាកាស​ដោយ​ត្រង់​ គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​សម្រួលការ​ផ្លាស់​ប្តូរ​គ្នា​ផ្នែក​ធុរកិច្ច​ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​ជម្រុញ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ធ្វើការ​រួម​គ្នា​ជិត​ស្និ​ទ​ ដូច​ជាតា​មរយៈ​សកម្មភាព​ផ្សព្វផ្សាយ​រួម​គ្នា​ និង​ការ​ប្រើប្រាស់​បេតិកភណ្ឌ​ធម្មជាតិ​ និង​វប្បធម៌​ដ៏​សម្បូរ​បែប​នៃ​ប្រទេស​ទាំង​ពីរ​ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍​។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​ ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​ឡើង​ បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សម្តែង​ការ​ជឿជាក់​ថា​ ការ​អនុវត្ត​អនុស្សរណៈ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ មិន​ត្រឹមតែ​ជម្រុញ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មិត្តភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​លើកកម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​។​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ លើកទឹកចិត្ត​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​ និង​ប្រជាជន​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​ផង​ដែរ​។​

​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ដែល​កំពុង​តែ​រីក​ចម្រើន​រវាង​ប្រទេស​កម្ពុជា​ និង​នេ​ប៉ា​ល់​ និង​បាន​ឯកភាព​ថា​ តំណាង​នៃ​ប្រទេស​ទាំង​ពីរ​គួរតែ​សហការ​ឲ្យ​បាន​ជិត​ស្និ​ទ​ថែម​ទៀត​លើ​វេទិកា​តំបន់​ និង​អន្តរជាតិ​ រួម​ទាំង​អង្គការសហប្រជាជាតិ​ ដើម្បី​សន្តិភាព​ ស្ថិរភាព​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​វិបុលភាព​រួម​។​ ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ថ្លែង​សុន្ទរកថា​រួម​គ្នា​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់​ប្តូរ​គ្នា​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។​
​ ​
​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ប្រជាជន​កម្ពុជា​ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​បាន​ផ្តល់​បដិសណ្ឋារកិច្ច​ ជូន​ចំពោះ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ លោក​ជំទាវ​ និង​ប្រតិភូ​អមដំណើរ​ ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​។​
​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ បាន​អញ្ជើញសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​នេ​ប៉ា​ល់​ តាម​ពេលវេលា​សម​ស្រប​របស់​សម្តេច​តេ​ជោ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទទួលយក​ការ​អញ្ជើញ​នេះ​ ដោយ​សេចក្តី​រីករាយ​ និង​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ ចំពោះ​ការ​អញ្ជើញ​នេះ​។​ កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​នឹង​ត្រូវ​ពិគ្រោះគ្នា​តាម​ផ្លូវ​ការទូត​ ៕


អត្ថបទដែលជាប់ទាក់ទង