តុលាការក្រុងភ្នំពេញ ដាក់គុកតៃកុងឡានកុងតឺន័របើកបុក កិនតា និងចៅស្លាប់ ខណៈជនរងគ្រោះមិនទាន់ទទួលសំណង

(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បានចេញដីកាសម្រេចឃុំខ្លួនតៃកុងរថយន្ដបើកបុក និងកិនតា និងចៅស្លាប់ ដោយដាក់គុក PJ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តកុងតឺន័រ មានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកអ្នកស្លាប់មានឈ្មោះ ហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាជីតា ចំណែកចៅស្រីឈ្មោះ រុំ ដាណេ អាយុ៩ឆ្នាំ និងចៅម្នាក់ទៀតរងរបួសស្រាល ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ។

សូមរំឭកថា កាលពីវេលាម៉ោង១៦ និង១៥នាទី ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ បំបែកជាបួន  ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសម្នាក់បានជិះម៉ូតូឌុបចៅប្រុសស្រីទៅលេងឪពុកម្ដាយរបស់ពួកគេ នៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញត្រូវបានរថយន្តហ៊ីណូ បុកម៉តូតាពីក្រោយ រួចកិនស្លាប់ទាំង២នាក់នៅនឹងកន្លែងតែម្តង ចំណែគចៅប្រុសតូចបានខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល។

សូមជម្រាបផងថា បន្ទាប់ពីកើតហេតុក្រុមគ្រួសារជនរងគ្រោះបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី និងមិនទាន់ទទួលបានសំណងពីតំណាងរថយន្ដបង្កនៅឡើយនោះទេ ប៉ុន្ដែអ្នកបើកបររថយន្ដ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់គុកជាបណ្តោះអាសន្ន៕ (SN-បញ្ញា)

អត្ថបទដែលជាប់ទាក់ទង