មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បកស្រាយ​ចំពោះ​ការកាយ​ផ្លូវ​ដាក់លូ នៅ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុង​ខណ្ឌមានជ័យ​

(​ភ្នំពេញ​)៖ នៅ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែ ក្នុង​ខណ្ឌមានជ័យ នៅពេលនេះ គ្រឿងចក្រ​បាន​កាត់​គាស់​ផ្លូវ ដើម្បី​ដាក់លូ​។ បញ្ហា​នេះ នាំ​ឲ្យ​មហាជន​រិះគន់​យ៉ាងខ្លាំង ព្រោះ​កន្លងមក អាជ្ញាធរ​ជំនាញ គឺ​ធ្វើ​ផ្លូវ​ស្អាត ចាក់​បេតុង អ៊ុត​កៅស៊ូ​ហើយ ក៏​បែរជា​កាត់​គាស់​កាយ ដាក់លូ ដែល​នាំ​ឲ្យ​មហាជន​ឆ្ងល់​ថា ហេតុអ្វី​បានជា​មិន​ដាក់លូ ហើយ​ចាំ​ធ្វើ​ផ្លូវ​។ ដល់ពេល​ធ្វើ​ផ្លូវ​ស្អាត​ហើយ បែរជា​កាត់​គាស់​កាយ ខូច​ផ្លូវ​ទៅវិញ​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការងារ​កាត់​គាស់​កាយ​ផ្លូវជាតិ​លេខ​២​នេះ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​បកស្រាយ​ថា ដោយសារ​ផលប៉ះពាល់ ដោយ​បណ្តាញ​ខ្សែកាប​អគ្គិសនី ក្រោម​ដី​តង់ស្យុង​ខ្ពស់ បង្គោល​អគ្គិសនី ដើមឈើ និង​បំពង់​មេ​រដ្ឋាករទឹក រត់​នៅក្រោម​ចិញ្ចើម​ផ្លូវជាតិ​លេខ​២ ចាក់អង្រែ ការដ្ឋាន​ដាក់​បណ្តាញ​លូ​មេ មិនអាច​ដាក់​ក្រោម​ចិញ្ចើមផ្លូវ​បាន លើ​កំណាត់​ចិញ្ចើមផ្លូវ​ប្រវែង ៦៥០​ម៉ែត្រ នៃ​ប្រវែង​ដាក់លូ​សរុប ៤២០០ ម៉ែត្រ ដោយ​ពង្វាង​ការ​ដាក់លូ ក្នុង​សាច់​ផ្លូវ​វិញ​។​ ​ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដាច់​ចរន្ត​អគ្គស​នី ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាលមកពី​ការរុះរើ​បណ្តាញ​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់ ការចំណាយ​ថវិកា​អស់​ច្រើន ពេលវេលា​យូរ និង​ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ទឹក​លិច​ធ្ងន់ធ្ងរ​អោយទាន់​ក្នុង​រដូវវស្សា​នេះ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បញ្ជាក់ថា ក្រុមហ៊ុន​ម៉ៅការ​សាងសង់​បាន​ស្នើសុំ​ដាក់លូ ក្នុង​សាច់​ផ្លូវ ដោយ​ធានា​ជួសជុល​អោយបាន​ដូចដើម ឯ​ការចំណាយ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ផ្ទាល់​៕​

អត្ថបទដែលជាប់ទាក់ទង