នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ទស្សនកិច្ច​នៅ​វិមាន​ឈ្នះ​ឈ្នះ មុនពេល​ចាកចេញ​ពី​កម្ពុជា​

(​ភ្នំពេញ​)៖ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក ខេ​ភី សា​ម៉ា​អូ​លី និង​ភរិយា រួមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​នេ​ប៉ាល់ បាន​អញ្ជើញ​មក​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នឹម សុវត្ថិ នាយក​ខុទ្ទកាល័យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើជា​មគ្គុទ្ទេសក៍ រៀបចំ​បង្ហាញ​ពី​វិមាន​ឈ្នះ​ឈ្នះ ជូន​ដល់​លោកនាយក​រដ្ឋមន្ត្រី នេ​ប៉ាល់ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។​

​វិមាន​ឈ្នះ​-​ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី ៨​ហិកតា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

សូមរម្លឹកថា វិមាន​អនុស្សាវរីយ៍ “​នយោបាយ​ឈ្នះ​ឈ្នះ​” ត្រូវបាន​កសាងឡើង​យក​គំរូ តាម​រចនាបទ​ប្រាង្គ​ប្រាសាទ​នានា មាន​កម្ពស់ ប្រមាណ ៥៤​ម៉ែត្រ ទទឹង ៣៦​ម៉ែត្រ​។ វិមាន​នេះ ត្រូវ​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ៨ ហិកតា ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ក្រសួងការពារជាតិ បានប្រកាសថា ការកសាង​វិមាន​ឈ្នះ​ឈ្នះ មាន​គោលបំណង ៣ យ៉ាង រួមមាន​៖

​ទី​១-​គឺជា​ការ​រំឭក​ដឹងគុណ និង​ចង់បង្ហាញ​នូវ​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ថា​តើ​អ្វី​ទៅជា​នយោបាយ​ឈ្នះ​ឈ្នះ​? តើ​នយោបាយ​ឈ្នះ ឈ្នះ មានការ​អនុវត្ដ​និង​ដំណើរការ​បែបណា​? នៅទីណា​? អ្នកណាខ្លះ​? មាន​បញ្ហា​ប្រឈម ពុះពារ​ក្នុងការ​ឆ្លងកាត់ នៅក្នុង​ដំណាក់កាល​នៃ​ការដាក់ចេញ​សម្រាប់​ការអនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ​តាមរបៀប​ណា​? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​គំនិត​នយោបាយ​ឈ្នះ ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ ពុះពារ ដឹកនាំ​ក្នុងដំណាក់កាល​នីមួយៗ​បែបណា​? ពី​ព្រោះនេះ​មិនមែនជា​សុ​បិ​នស្រមៃ និង​កាន់តែ​មិនមែនជា​ការជួយជ្រោមជ្រែង ឬ​ឧបត្ថម្ភ​ណាមួយ​ពី​បរទេស ក្រៅពី​ជាតិខ្មែរ​ខ្លួនឯង គឺ​ខុស​អំពី​ក្នុងអំឡុង​កាល ដែលមាន​បេសកកម្ម​អ៊ុនតាក់​កន្លងមក នៅក្នុង​កម្ពុជា​របស់​យើង​។​

​ទី​២-​ក្រៅពី​ការសម្ដែង​នូវ​ភាព​កតញ្ញូ ការដឹង​រំឭក​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ និង​អ្នកដឹកនាំ​ដែល​បាន​បង្កើត គឺជា​ការរៀបចំ​ទីតាំង​ដែល​បង្ហាញ​នូវ​សមិទ្ធផល​ទទួល​ដោយ​សន្ដិភាព និង​ការអភិវឌ្ឍ​ក្នុង​មាតុភូមិ​កម្ពុជា​របស់​យើង ជាពិសេស​បំផុត​ក្នុង​រយៈពេល​តែ ២០​ឆ្នាំ ក្រោយ​នយោបាយ​ឈ្នះ ឈ្នះ បានបញ្ចប់​សង្គ្រាម​ទាំងស្រុង និង​បានទទួល​សន្ដិភាព​។ ន័យ​នេះ ចង់​បញ្ជាក់ថា សមិទ្ធផល និង​ការអភិវឌ្ឍ​ទាំងអស់ បាន​មកពីណា​? ចេញ​មកពី​នរណា​ឲ្យ​ពិតប្រាកដ​? លទ្ធផល​ដែល​កំពុងមាន​ជាក់ស្ដែង​នេះ គឺជា​តឹកតាង មិនអាច​នរណាម្នាក់​មិន​ទទួលស្គាល់ ឬ​បំភ្លៃ​ជាដាច់ខាត​នូវ​សច្ចភាព​នៃ​ការ​វិវឌ្ឍបែបនេះ ដូច្នេះ​ក៏មាន​ន័យ​អំពី​ភាព​សុខដុម​រមណីយ​កម្មរ​បស់​សង្គម​កម្ពុជា ក្នុងដំណាក់កាល​នេះ និង​ជា​ដំណាក់កាល ដែល​យើង​ឲ្យ​ឈ្មោះថា “​សម័យកាល​តេ​ជោ​សែន​” ក៏​ថា​បាន ហើយ​ភ័ស្ដុតាង​ទាំងអស់នេះ តើ​មាន​ពិត ឬទេ​? វិស័យ​នានា ដែល​មាន តើ​ពិតប្រាកដ ឬទេ​? ទាំង​វិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា​… ន័យ​ចំណុច​ទី​២​នេះ គឺ​សំដៅ​ទៅលើ​ការបង្ហាញ​នូវ​សុខដុមភាព​នៃ​សង្គម​កម្ពុជា ដោយ​លទ្ធផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ​។​

​ទី​៣-​គោលបំណង​ដ៏​សំខាន់ គឺជា​ការចែករំលែក ការ​ផ្ដល់នូវ​ការសិក្សា​ជាទី​កន្លែង​មួយ ដែល​អាច​ធ្វើជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្វេងយល់ និង​ខិតខំ​បង្កើត​នូវ​ចក្ខុវិស័យ ក្នុង​ការបន្ដ​ស្ថានភាព ដែលមាន​បែបនេះ​តទៅ​អនាគត​។ ដូច្នេះ​ដើម្បី​ចែករំលែក ធ្វើជា​មូលដ្ឋាន​ឲ្យ​ការងាយយល់ ងាយ​ចាំ ងាយ​ឃើញ ងាយ​ធ្វើ​ការវិភាគ និង​ក្នុងការ​ចែករំលែក​បន្ដ គឺជា​ការរៀបចំ ស្ថាបនា​កសាង​រូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់​រូបរាង​និង​ទីកន្លែង​ទាំងអស់នេះ ឲ្យ​មាន​ភាពសាមញ្ញ និង​មាន​ភាព​ទាក់ទាញ និង​ឲ្យ​មាន​ស្ថានភាព​ដែល​ក​ន្ត្រាក់​អារម្មណ៍ គំនិត ជាពិសេស​នៅក្នុង​សម័យ​ឌីជីថល ឬ​សម័យ ដែល​ត្រូវការ​ពេលវេលា​ខ្លី សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការងារ​នេះ​។ ដូចនេះ ការរៀបចំ​ភូមិសាស្ដ្រ​នៅទីនេះ ទោះបី​មាន​ទំហំ​តូច​ល្មម ប៉ុន្ដែ​មាន​ទីកន្លែង​សម្រាប់​បង្ហាញ​អំពី​សុខដុម​សង្គម ទីកន្លែង ដែលមាន​អាគារ និង​តម្កល់​នូវ​តឹកតាង​ពិតប្រាកដ ជា​សក្ខីកម្ម​នៃ​អ្វីដែល​ធ្លាប់​ប្រើប្រាស់ ធ្លាប់មាន ទាំង​រូបភាព និង​គំនូរ រូបថត សម្ភារ រហូតដល់​គ្រឿង​យោធ​បក​រណ៍​នានា និង​មាន​ទីកន្លែង​គួបផ្សំ​ទៅដោយ​ធម្មជាតិ ដែលជា​អត្តសញ្ញាណ ទាំង​ដើមឈើ ដើម​ផ្កា និង​ការ​បំបែក​ឯក​ត្ដ​កម្ម​កម្ពុជា​ក្នុង​ពិភពលោក ដូចជា ក្រ​មា​វែង​ជាងគេ ទូកវែង​ជាងគេ ការ​រាំ​ម៉ា​ឌី​ស្សុន ច្រើនជាងគេ នំអន្សម ដែល​ធំជាងគេ​។​ល​។

​សូម​រម្លឹកថា នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ នឹង​ចាក​ចេញពី​កម្ពុជា បន្ទាប់ពី​លោក បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩៕​

អត្ថបទដែលជាប់ទាក់ទង