នាយករដ្ឋមន្ត្រី​កម្ពុជា គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​កម្ពុជា​-​នេ​ប៉ាល់ ពិនិត្យមើល​លទ្ធភាព វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​តូចធំ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣​ថ្ងៃ របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មកកាន់​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​កម្ពុជា​-​នេ​ប៉ាល់ ពិនិត្យមើល​លទ្ធភាព វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​តូចធំ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​កាល​ល្ងាចម្សិលមិញ ខ្ញុំ​និង​ភរិយា​បានទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ឯកឧត្តម ខេ​ភី សា​ម៉ា​អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​លោកជំទាវ ហើយ​ក៏បាន​ពិភាក្សាគ្នា​បន្ថែម ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ អោយ​កាន់តែ​ល្អ​រឹងមាំ​និង​ស៊ីជម្រៅ ជាពិសេស​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ ព្រោះ​កន្លងមកនេះ ទំហំ​វិនិយោគ​នៃ​ប្រទេស​ទាំង​២ នៅមានកម្រិត​នៅឡើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​នៃ​ប្រទេស​ទាំងពីរ ពិនិត្យមើល​លទ្ធភាព និង​ឱកាសល្អៗ​ជាច្រើន​ក្នុងការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​តូចធំ ជាពិសេស​គឺអាច​ចាប់ផ្តើម​លើ​វិស័យ​ទេសចរណ៍ ដែល​ប្រទេស​យើង​ទាំងពីរ មាន​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ល្បីៗ ជាច្រើន ដែលមាន​ការទាក់ទាញ​ហើយ​នាំមក​នូវ​ការងារ និង​ប្រាក់ចំណូល​ខ្ពស់​»​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច កម្ពុជា​-​នេ​ប៉ាល់​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា លើ ៤​ចំណុច គឺ​៖ ទី​១) ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។ ទី​២)​ការបើកចំហ​សេដ្ឋកិច្ច សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។ ទី​៣)​កម្លាំង​ពលកម្ម ដែលមាន​ភាពសម្បូរ​បែប និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។ ទី​៤)​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ បាន និង​កំពុង​ក្លាយជា “​រោងចក្រ​នៃ​អាស៊ី​” ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​, ទីផ្សារ​អនុតំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន​, និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​៕​

អត្ថបទដែលជាប់ទាក់ទង